តាម SCMP ចុះផ្សាយថា ប្តីប្រពន្ធសញ្ជាតិចិន ត្រូវបានចាប់ខ្លួន ក្រោយពី “លបត្របាក់” ទឹកប្រាក់ប្រមូលបានពីមូលនិធិរបស់សប្បុរសជនជួយឲ្យពួកគេទុកសម្រាប់ព្យាបាលជំងឺមហារីកភ្នែកឲ្យកូនស្រីអាយុ ៣ឆ្នាំ ។
តាមនោះប្តីប្រពន្ធ២រូបនេះ រស់នៅសង្កាត់ Taikang ខេត្ត ហ៊ីណាន ប្រទេសចិន ។ ក្រោយពិនិត្យឃើញថា កូនស្រីអាយុ ៣ឆ្នាំ កើតរោគមហារីកនៅភ្នែក ពួកគេក៏បង្កើតមូលនិធិអនឡាញ ដើម្បីស្នើសុំជំនួយពីសប្បុរសជន ហើយទទួលបានទឹកប្រាក់ប្រមាណជាង ២០.០០០ដុល្លារ ។ ប៉ុន្តែប្តីប្រពន្ធពីររូបនេះ ពុំបានយកប្រាក់ពីវិភាគទានទាំងនោះមកព្យាបាលជំងឺរបស់កូនឡើយ ។
ហេតុការណ៍ត្រូវបែកធ្លាយក្រោយពេលដែលសប្បុរសជនម្នាក់បានទៅដល់ផ្ទះរបស់ក្មេងស្រីរូបនោះ នាថ្ងៃទី ៥ ខែមេសា ពុំឃើញនាងតូចទទួលបានការព្យាបាល ខណៈពេលដែលទឹកប្រាក់វិភាគទានប្រមាណ ៤.០០០ដុល្លារ ត្រូវបានដកយកចេញពីគណនេយ្យប្រាក់វិភាគទាននោះ ។ ពេលដឹងថា បែកការទើបប្តីប្រពន្ធនេះសុខចិត្តបញ្ជូនកូនទៅកាន់មន្ទីរពេទ្យ។
ប្តីប្រពន្ធទាំងពីរនាក់នេះ តែងចែករំលែករូបភាពកូនស្រីរបស់ខ្លួនជាប្រចាំលើបណ្តាញសង្គមដើម្បីបង្កមូលនិធិជំនួយតាមអនឡាញ ក្រោយពីហេតុការណ៍ត្រូវបានបែកធ្លាយដូចពោលខាងលើ ពួកគេបានបញ្ជូនក្មេងស្រីទៅកាន់មន្ទីរពេទ្យនៅក្រុងប៉េកាំង ប៉ុន្តែក្រុមវេជ្ជបណ្ឌិតបាននិយាយថា ដុំពកមហារីកបានរាលដាលដល់ខួរក្បាល ។ ពេលនោះស្ត្រីជាម្តាយបានបដិសេធមិនឲ្យមន្ទីរពេទ្យធ្វើការព្យាបាលដោយគីមីសាស្ត្រ ហើយដោយសំអាងហេតុផលថា វាឈឺចាប់ដោយចំណាយច្រើន ។
នៅថ្ងៃទី ៩ មេសា កន្លងទៅថ្មីៗនេះ ក្រុមគ្រួសារបានប្រកាសតាមគេហទំព័រមូលនិធិថា ក្មេងស្រីនោះបានស្លាប់ហើយ ។ លើសពីនោះទៀតប្តីប្រពន្ធពីររូបនេះ នៅបានសំណូមពរស្នើសុំសប្បុរសជនទឹកប្រាក់បន្ថែម ៦០០យេន (ប្រមាណជិត ៦០០ដុល្លារ) ដើម្បីជួលរថយន្តដឹកសាកសពក្មេងស្រីត្រឡប់ទៅផ្ទះ។ ប៉ុន្តែប្តីប្រពន្ធដ៏សាហាវមួយគូនេះបានត្រូវប៉ូលិសវាយឃ្នោះព្រោះគេត្រូវបានតាមដានឃើញថា ក្មេងស្រីនោះនៅមានជីវិតនៅឡើយ។
ក្មេងស្រីដ៏គួរឲ្យអាណិតព្រោះពុំត្រូវបានទទួលការព្យាបាលទាន់ពេល ក្រោយមកគេក៏បានបញ្ជូនក្មេងស្រីទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល ប៉ុន្តែជំងឺរបស់ធ្ងន់ធ្ងររហូតដល់ពុំអាចវះកាត់ ឬព្យាបាលដោយគីមីបាន ។ ប៉ូលិសកំពុងសាកសួរចម្លើយនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីកាត់ទោស ៕