ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីស្ថានភាពអាកាសធាតុ។
ក្រសួងធនធានធានទឹក និងឧតុនិយមប្រកាសថា កម្ពុជានឹងចុះត្រជាក់រហូតដល់១៥អង្សាសេនៅតំបន់ជួរភ្នំ និងខ្ពង់រាបភាគឦសាន នៅសប្តាហ៍ទី៤ ក្នុងខែធ្នូ ឆ្នាំ២០២១ ដល់ខែកុម្ភៈ ឆ្នាំ២០២២ ខណៈដែលបណ្តាខេត្ត-រាជធានីផ្សេងៗទៀត កម្រិតចុះត្រជាក់ដល់១៨អង្សាសេ។
ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថា តាមរយៈការតាមដាន និងការវិវត្តនៃស្ថានភាពអាកាសធាតុ បង្ហាញឲ្យឃើញថា ចាប់ពីខែធ្នូ ឆ្នាំ ២០២១ ដល់ខែកុម្ភៈ ឆ្នាំ ២០២២ ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក បាតុភូតឡានីណា La Nina (ត្រជាក់) មានប្រមាណ ៩០% និងថយបន្តិចម្តងៗមកនៅត្រឹម ៦០% នៅខែកុម្ភៈ ។ ស្ថានភាពបែបនេះ នឹង ធ្វើឲ្យធាតុអាកាសត្រជាក់នៅតំបន់ស៊ីបេរី រុញច្រានទ្រងសម្ពាធខ្ពស់ពីប្រទេសចិនចុះមកក្រោម និងគ្របដណ្ដប់មកលើកម្ពុជា ។
លក្ខណៈបែបនេះ នឹងធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ក្នុងរដូវរំហើយខាងមុខនេះ ( ខែធ្នូ ឆ្នាំ ២០២១-ខែកុម្ភៈ ឆ្នាំ ២០២២) ស្ថានភាពធាតុអាកាស នឹងចុះត្រជាក់ ដូចខាងក្រោម ៖
១- ធាតុអាកាសនឹងចាប់ផ្ដើមចុះត្រជាក់លើកទី ១ ដោយចាប់ពីសប្តាហ៍ទី១ ខែធ្នូ ដល់សប្ដាហ៍ទី ៣ ខែធ្នូ ឆ្នាំ ២០២១ ។ នៅក្នុងអំឡុងពេលនោះ មានថ្ងៃខ្លះធាតុអាកាស អាចនឹងចុះត្រជាក់ ក្នុងកម្រិតពីមធ្យមទៅបង្គួរ ក្នុងនោះមាន ៖ បណ្តាខេត្តនៅភាគខាងលើ ក្នុងភូមិសាស្ត្រតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន សីតុណ្ហភាពអប្បបរមា នឹងធ្លាក់ចុះមកនៅក្នុងរង្វង់ពី ១៧°C ទៅ ១៩°C ។ បណ្តារាជធានី ខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមាក្នុងរង្វង់ពី ១៩°C ទៅ ២១°C ។
២- ធាតុអាកាសនឹងចុះត្រជាក់លើកទី ២ ដោយចាប់ពីសប្ដាហ៍ទី ៤ ខែធ្នូ ឆ្នាំ ២០២១ ដល់ខែកុម្ភៈ ឆ្នាំ ២០២២ ។ ក្នុងអំឡុងពេលនោះ មានថ្ងៃខ្លះធាតុអាកាស អាចនឹងចុះត្រជាក់ ក្នុងកម្រិតពីមធ្យមទៅបង្គួរជាប់ៗគ្នាច្រើនថ្ងៃ ក្នុងនោះមាន៖ បណ្តាខេត្តនៅភាគខាងលើ ក្នុងភូមិសាស្ត្រជាប់តំបន់ភ្នំ និងតំបន់ខ្ពង់រាបភាគឦសាន សីតុណ្ហភាពអប្បបរមា អាចនឹងធ្លាក់ចុះមកនៅក្នុងរង្វង់ពី ១៥°C ទៅ ១៧°C ។ បណ្តារាជធានី ខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមាក្នុងរង្វង់ពី ១៨°C ទៅ ២០°C ។
យោងលើស្ថានភាពអាកាសធាតុ ដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន សូមជ្រាបជាព័ត៌មាន ។
ក្រសួងធនធានទឹក និងឧតុនិយម បាន និងកំពុងអន្តតាមដានយ៉ាងយកចិត្តទុកដាក់លើ បាតុភូតធម្មជាតិនេះ ហើយនឹងជម្រាបជូនព័ត៌មានជាបន្តបន្ទាប់ទៀត ក្នុងករណ៏អាកាសធាតុមានការប្រែប្រួល៕ រក្សាសិទ្ធិដោយ ៖ កូលាប