Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហគ្រិនខ្មែរ (KE) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ចុះអនុស្សរណៈនៃការយោគយល់ ដើម្បីលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់សហគ្រិន និងសហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រព័ន្ធអេកូឡូស៊ីក្នុងប្រទេសកម្ពុជា

សហគ្រិនខ្មែរ (KE) ដែលជាអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MOU) ជាមួយនឹង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA)​នៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ ២០២១ របស់ CMA។

កិច្ចសហប្រតិបត្តិការនៃស្ថាប័នទាំងពីរ សំដៅលើការផ្សារភ្ជាប់ទំនាក់ទំនងសហប្រតិបត្តិការ និងការ
ប្តេជ្ញាចិត្តរួមគ្នា ឆ្ពោះទៅរកការលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញវត្ថុ ក្នុងប្រព័ន្ធអេកូឡូស៊ី នៃសហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចថ្មីៗ នៅក្នុងប្រទេសកម្ពុជា។  

ក្នុងពិធីចុះអនុស្សរណៈយោគយល់ ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ អគ្គនាយកនៃសហគ្រិនខ្មែរ មានប្រសាសន៍ថា «ភាពជាដៃគូរវាងសហគ្រិនខ្មែរ និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជានេះ មានគោលបំណងផ្តល់លទ្ធភាពទទួលបានព័ត៌មានហិរញ្ញវត្ថុ រួមមានថ្លៃសេវា អត្រាការប្រាក់ ការយល់ដឹងអំពីហានិភ័យផ្សេងៗ និងបរិធានហិរញ្ញវត្ថុផ្សេងៗដែលមានសម្រាប់ធុរកិច្ចថ្មីៗ ព្រមទាំងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា» ។

ទន្ទឹមគ្នានេះដែរ លោក ផល វ៉ាន់ឌី នាយកប្រតិបត្តិនៃ CMA ក៏បានលើកឡើងថា «សេដ្ឋកិច្ចដែលរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជាមានន័យថា សហគ្រាសធុនតូច និងមធ្យម និងធុរថ្មីៗ កាន់តែមានតួនាទីសំខាន់ក្នុងការបង្កើតការងារ និងជំរុញកំណើនសេដ្ឋកិច្ច។ ដោយបានចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ វិស័យមីក្រូហិរញ្ញវត្ថុបាននឹងកំពុងវិវឌ្ឍពីការផ្តល់សេវាហិរញ្ញវត្ថុ ចំពោះតែប្រជាជនមានចំណូលទាប ឈានទៅដល់ការផ្តល់ជូនសេវាហិរញ្ញវត្ថុស្ទើរគ្រប់ប្រភេទ សម្រាប់ប្រជាជនទូទៅទាំងអស់។ អនុស្សរណៈនៃការយោគយល់គ្នារវាង CMA និង KE នឹង​រឹត​បន្តឹង​ទំនាក់ទំនង​នៃ​វិស័យ​ទាំង​ពីរ ដោយ​ធានា​បាន​នូវ​សេវា​ហិរញ្ញវត្ថុ​កាន់​តែ​ប្រសើរ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម និង​អាជីវកម្មបង្កើតថ្មី»។

ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនកម្ពុជាតាមរយៈការទទួលបានសេវាហិរញ្ញវត្ថុ សហគ្រិនខ្មែរ និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដែលនឹងបង្កើតក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការសម្រាប់ភាគីទាំងពីរ ដើម្បីបង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុ និងសហការរៀបចំកម្មវិធី ឬព្រឹត្តិការណ៍នានា ដូចជាព្រឹត្តិការណ៍ជ្រើសរើសគម្រូអាជីវកម្ម ពិព័រណ៍ពាណិជ្ជកម្ម ការផ្គូផ្គងអាជីវកម្ម និងការបង្កើតបណ្តាញផ្សេងៗ ការលើកកម្ពស់វប្បធម៌សហគ្រិនភាព សិក្ខាសាលា សន្និសីទ និងការបណ្តុះបណ្តាលសម្រាប់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម និងធុរៈកិច្ចថ្មីៗនៅកម្ពុជា។

ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ បានបន្តទៀតថា «រាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយជាច្រើនក្នុងការបង្កើតមូលនិធិបន្ថែមទៀតនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ និងការបន្ធូរបន្ថយលក្ខខណ្ឌកាតព្វកិច្ចសម្រាប់ស្ថាប័នហិរញ្ញវត្ថុ។ ទោះជាយ៉ាងណាក៏ដោយ អ្វីដែលសំខាន់គឺវាអាស្រ័យលើស្ថាប័នហិរញ្ញវត្ថុក្នុងការបន្តយកអត្ថប្រយោជន៍ទាំងនោះទៅឱ្យសហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចថ្មីៗក្នុងប្រទេសកម្ពុជា»។

តាមប្រសាសន៍លោក ផល​ វ៉ាន់ឌី «ជាការពិតណាស់ វិស័យមីក្រូហិរញ្ញវត្ថុបាននឹងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលក្នុងការជួយដល់សហគ្រាសធុនតូច និងមធ្យម។ តួយ៉ាង CMA បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងគំនិតផ្តួចផ្តើមថ្មីៗនៃធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) ក៏ដូចជាសាជីវកម្ម ធានាឥណទានកម្ពុជា (CGCC) ដែលគំនិតផ្តួចផ្តើមទាំងពីរនេះមានគោលបំណងក្នុងការជំរុញសហគ្រាសធុនតូច និងមធ្យម»៕

×