បុរសត្រកូល Huang ពិតជាភ័យតក់ស្លុតយ៉ាងខ្លាំង ពេលដែលឃើញរថយន្តនិងលុយដែលទុកក្នុងនោះ ៥.០០០យាន់ ស្រាប់តែបាត់ ក្នុងពេលដែលគាត់ប្រាកដក្នុងចិត្តបានចាក់សោរ រួចទុកនៅពីមុខហាងទំនើបមួយយ៉ាងពិតប្រាកដ ។
លោក Huang បានរាយការណ៍ប្រាប់ប៉ូលិសថា លោកបានចូលទិញទំនិញប្រមាណ ៣០នាទីប៉ុណ្ណោះ ហើយស្រាប់តែចេញមកវិញ រថយន្តដែលលោកប្រាកដថា បានចាក់សោរស្រួលបួលហើយនោះ បាត់ស្រមោលឈឹង លើសពីនេះលោកប្រាប់ថានៅមានលុយ ៥.០០០យាន់ទៀតទុកនៅក្នុងនោះ។ ភ្លាមៗនោះ ដើម្បីរកតម្រុយរថយន្តត្រូវលួចបាត់តាមពាក្យបណ្តឹងប៉ូលិសក៏បើកពិនិត្យមើលកាមេរ៉ាសុវត្ថិភាពរបស់ហាងទំនិញនោះ ។ ពួកគេពិតជាស្រឡាំងកាំងខណៈពេលរកឃើញជនលួចរថយន្តគឺជា…ខ្យល់ ។
តាមពិតទៅលោក Huang ពិតជាបានចាក់សោរត្រឹមត្រូវមែន ប៉ុន្តែលោកបានភ្លេចទាញហ្វ្រាំងដៃ ។ ពេលនោះមានខ្យល់ខ្លាំង ហើយវាក៏ច្រានរថយន្តនោះឃ្លាតពីកន្លែងដើមប្រមាណ ៥០ម៉ែត្រ ជាប់គាំងក្នុងគម្លាតរបស់ទីលានចតរថយន្ត ហើយយន្តអ្នកដ៏ទៃទៀត បន្តមកចតបាំងជិត ទើបលោករកមិនឃើញ។
ពិតជាសំណាងល្អដែរ តាមផ្លូវចលនាខ្យល់រុញច្រានពីកន្លែងចតរថយន្តនោះវាពុំបានបង្កអន្តរាយអ្វីទាំងអស់ ពុំនោះសោតប្រាកដជាត្រូវប៉ូលិសដែលលោកប្តឹងធ្វើការផាកពិន័យ សងការខូចខាតជាក់ជាពុំខាន ។