ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំ ក្រុមប្រឹក្សាទេសាភិបាលស៊ាសិនលើកទី៤១ និងសន្និសីទថ្នាក់ទេសាភិបាលនិងសិក្ខាសាលាជាន់ខ្ពស់ស៊ាសិនលើកទី៥៧។
កិច្ចប្រជុំក្រុមប្រឹក្សាទេសាភិបាលស៊ាសិនជាកិច្ចប្រជុំថ្នាក់តំបន់ដ៏សំខាន់មួយ ដែលមានគោលបំណងពិនិត្យពីលទ្ធផលកាងារដែលមជ្ឈមណ្ឌលស៊ាសិនសម្រេចបាននៅឆ្នាំក្នុងឆ្នាំ២០២១ នេះ និងដាក់ចេញនូវគោលនយោបាយនាឆ្នាំ២០២២ ដើម្បីពង្រឹងការបណ្តុះបណ្តាលសមត្ថភាពជំនាញ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ សំដៅពង្រឹងប្រសិទ្ធភាពការងាររបស់ធនាគារកណ្តាលជាសមាជិក។
នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ទេសាភិបាល បានចូលរួមអនុម័តលើកម្មវិធីបណ្តុះបណ្តាលស៊ាសិនសម្រាប់ឆ្នាំ២០២២ ថវិកាសម្រាប់ដំណើរការមជ្ឈមណ្ឌលស៊ាសិន ផែនការយុទ្ធសាស្ត្រលើបច្ចេកវិទ្យាព័ត៌មាននិងទំនាក់ទំនង (ICT) សម្រាប់ឆ្នាំ២០២២-២០០២៣ ការវាយតម្លៃលើលទ្ធផលការងារមជ្ឈមណ្ឌលស៊ាសិន និងការងារផ្សេងៗទៀត។
ឯកឧត្តម ទេសាភិបាល បានថ្លែងការអបអរសាទរចំពោះលទ្ធផលដែលមជ្ឈមណ្ឌលស៊ាសិនសម្រេចបាននៅឆ្នាំ២០២១នេះ ជាពិសេសការបន្តរក្សាគុណភាពនៃការបណ្តុះបណ្តាល និងស្រាវជ្រាវ ទោះបីជាស្ថិតក្នុងវិបត្តិជំងឺកូវីដ-១៩ ក៏ដោយ។ ជាមួយនឹងការបន្តផ្តល់ការបណ្តុះបណ្តាលតាមរយៈប្រព័ន្ធអនឡាញ ឯកឧត្តម ទេសាភិបាល បានស្នើឱ្យមានការបង្កើនរៀបចំការបណ្តុះបណ្តាលដោយផ្ទាល់ ជាលំដាប់នៅពេលដែលស្ថានភាពនៃជំងឺកូវីដ-១៩ មានការធូរស្បើយ ហើយធនាគារជាតិនៃកម្ពុជាស្វាគមន៍សហការរៀបចំវគ្គបណ្តុះបណ្តាលមួយចំនួនរបស់មជ្ឈមណ្ឌលស៊ាសិននៅឆ្នាំ២០២២ខាងមុខ។
គួររំលេចថា នៅឆ្នាំ២០២១នេះ ធនាគារជាតិនៃកម្ពុជាបានចាត់មន្ត្រីចំនួន ១៣២ រូប ចូលរួមវគ្គបណ្តុះបណ្តាលនិងស្រាវជ្រាវនានា ពាក់ព័ន្ធនឹងការអនុវត្តនិងមុខងារភារកិច្ចធនាគារកណ្តាលនិងភាពជាអ្នកដឹកនាំ ដែលរៀបចំដោយមជ្ឈមណ្ឌលស៊ាសិន។
ធនាគារជាតិនៃកម្ពុជាត្រូវបានស្នើសុំឱ្យធ្វើជាប្រធានក្រុមប្រឹក្សាទេសាភិបាលសម្រាប់ឆ្នាំ២០២៣ ដែលក្នុងនោះ ធនាគារជាតិនៃកម្ពុជានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំការសម្រេចចិត្តផ្នែកគោលនយោបាយចម្បងៗរបស់មជ្ឈមណ្ឌលស៊ាសិន។ ឯកឧត្តម ទេសាភិបាល បានថ្លែងអំណរគុណដល់អង្គប្រជុំសម្រាប់ការផ្តល់សេចក្តីទុកចិត្ត និងបានយល់ព្រមធ្វើជាប្រធានក្រុមប្រឹក្សាទេសាភិបាលស៊ាសិនសម្រាប់ឆ្នាំ២០២៣។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ទេសាភិបាល បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់ធនាគារកណ្តាលព្រុយណេក្នុងនាមជាប្រធានក្រុមប្រឹក្សាទេសាភិបាលស៊ាសិនឆ្នាំ២០២១ និងត្រៀមខ្លួនគាំទ្រធនាគារកណ្តាលវៀតណាម ក្នុងការបំពេញបេសកកម្មជាប្រធានក្រុមប្រឹក្សាទេសាភិបាលស៊ាសិននៅឆ្នាំ២០២២។
ទន្ទឹមនឹងកិច្ចប្រជុំនេះ សន្និសីទថ្នាក់ទេសាភិបាលនិងសិក្ខាសាលាជាន់ខ្ពស់ស៊ាសិនលើកទី៥៧ បានពិភាក្សាលើ “ដំណើរឆ្ពោះទៅកាន់ការត្រួតពិនិត្យនិងនិយ័តកម្មលើបច្ចេកវិទ្យាហិរញ្ញវត្ថុនិងឌីជីថលូបនីយកម្មនៃវិស័យហិរញ្ញវត្ថុ៖ ឥទ្ធិពលចំពោះធនាគារកណ្តាល”។
អង្គសន្និសីទនិងសិក្ខាសាលាជាន់ខ្ពស់បានបង្ហាញពីអត្ថប្រយោជន៍នៃការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុនៅក្នុងវិស័យធនាគារ ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងបានរួមចំណែកលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ពង្រឹងការប្រកួតប្រជែង និងជំរុញកំណើនសេដ្ឋកិច្ច។ ការអភិវឌ្ឍទាំងនេះ ត្រូវបានពិនិត្យឃើញនៅក្នុងការអភិវឌ្ឍប្រព័ន្ធទូទាត់ ដែលកំពុងផ្លាស់ប្តូររបៀបនៃការទូទាត់និងពន្លឿនប្រតិបត្តិការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រកបដោយសុវត្ថិភាព។
ធនាគារកណ្តាលមួយចំនួនក៏បានចែករំលែកបទពិសោធន៍ពីការពង្រឹងការត្រួតពិនិត្យនិងនិយ័តកម្មលើការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗ ដើម្បីបញ្ជៀសពីហានិភ័យនានា ដែលអាចកើតឡើង ដូចជា ការឆបោក ឧក្រិដ្ឋកម្មសាយប័រ ការសម្អាតប្រាក់និងហិរញ្ញប្បទានភេវកម្ម ជាដើម។ ម្យ៉ាងទៀត ធនាគារកណ្តាលមួយចំនួនក្នុងតំបន់ក៏បានសិក្សាពីរូបិយវត្ថុឌីជីថលរបស់ធនាគារកណ្តាល (CBDC) ដើម្បីសម្របខ្លួននិងទាញផលចំណេញពីការវិវត្តនៃបច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗ ជាមួយនឹងការរក្សាអធិបតេយ្យភាពរូបិយវត្ថុ និងការគ្រប់គ្រងនយោបាយរូបិយវត្ថុ។
គួរបញ្ជាក់ថា មជ្ឈមណ្ឌលស៊ាសិន មានសមាជិកចំនួន ១៩ប្រទេស នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ព្រមទាំងមានសមាជិកបម្រុង ៨ សមាជិកសង្កេតការណ៍ ៨ និងដៃគូយុទ្ធសាស្ត្រជាច្រើនទៀត ដោយមានបេសកកម្មផ្តោតលើការពង្រឹងសមត្ថភាពជំនាញរបស់មន្ត្រីធនាគារកណ្តាលនៃប្រទេសជាសមាជិក៕