ភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ទី ២៤ ខែមេសា ឆ្នាំ ២០១៨ នៅទីស្តីការក្រសួង លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យលោក លូ គុយហ្វារ (HE. LU GUIHUA) អនុរដ្ឋមន្ត្រីក្រសួងធនធានទឹក នៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៃការសិក្សាប្លង់មេ ស្តីពី ផែនការគម្រោងធនធានទឹកនៅកម្ពុជា ។
លោក លឹម គានហោ បានលើកឡើងនូវមតិស្វាគមន៍ ចំពោះដំណើរទស្សនកិច្ច របស់លោកអនុរដ្ឋមន្ត្រីក្រសួងធនធានទឹកចិន និងគណៈប្រតិភូ នៅក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា ។ លោករដ្ឋមន្ត្រី ក៏បានសម្តែងនូវការអរគុណ ចំពោះភាគីមិត្តចិន ដែលជានិច្ចកាលតែងតែជួយឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍនៅព្រះរាជាណាចក្រកម្ពុជានិយាយជារួម និងដោយឡែកលើការអភិវឌ្ឍវិស័យធនធានទឹកនៅកម្ពុជា ។ លោក លូ គុយហ្វារ អនុរដ្ឋមន្ត្រីក្រសួងធនធានទឹកចិន បានលើកឡើងថា ក្នុងនាមជាបងប្អូន ប្រទេសចិន តែងតែគិតគូ និងជួយជំរុញជានិច្ច ឱ្យកម្ពុជាមានការរីកលូតលាស់ ។
ថ្នាក់ដឹកនាំទាំងពីរ ក៏បានលើកឡើងព្រមៗគ្នាដែរថា កម្ពុជា និងចិន មានទំនាក់ទំនងល្អជាមួយគ្នាតាំងពីយូរលង់ណាស់មកហើយ ពិសេសទំនាក់ទំនងរវាងសម្តេចព្រះបរមរតនកោដ្ឋ ជាមួយលោក ម៉ៅ សេទុង ហើយបច្ចុប្បន្នទំនាក់ទំនង រវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ។ ទន្ទឹមនេះ ក្រសួងធនធានទឹកនៃប្រទេសទាំងពីរ ត្រូវតែបន្តប្រពៃណីដ៏ល្អនេះ ឱ្យកាន់តែខ្លាំងក្លា និងរឹងមាំបន្ថែមទៀត ។
ថ្នាក់ដឹកនាំទាំងពីរ ក៏បានអញ្ជើញជាអធិបតីក្នុងពិធី ចុះហត្ថលេខា លើឯកសារប្រគល់ ទទួលឧបករណ៍មន្ទីរពិសោធន៍ សម្រាប់វិទ្យាស្ថានធនធានទឹក នៅកម្ពុជា និងស្តាប់បទបង្ហាញរបស់អ្នកបច្ចេកទេសស្តីពី លទ្ធផលបឋមនៃការសិក្សាប្លង់មេ ស្តីពី ផែនការគម្រោងធនធានទឹកនៅកម្ពុជា និងលទ្ធផលនៃការផ្គត់ផ្គង់ឧបករណ៍ មន្ទីរពិសោធន៍ សម្រាប់វិទ្យាស្ថានធនធានទឹក នៅកម្ពុជា ព្រមទាំងបានណែនាំ ដល់អ្នកបច្ចេកទេស នៃក្រសួងទាំងពីរ ធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែខ្លាំងក្លា ជិតស្និទ្ធបន្ថែមទៀត សំដៅធ្វើយ៉ាងណាឱ្យគម្រោងប្លង់មេ ស្តីពីការគ្រប់គ្រងធនធានទឹក នៅកម្ពុជា ក្លាយជាផែនទីចង្អុរផ្លូវមួយដ៏ល្អ សម្រាប់រៀបចំផែនការគ្រប់គ្រងធនធានទឹកនៅព្រះរាជាណាចក្រកម្ពុជា៕ ដោយ៖បញ្ញាស័ក្តិ