ភ្នំពេញ៖ របាយការណ៍អគ្គនាយកដ្ឋានកសិកម្ម បានបង្ហាញថា ផ្ទៃដីផលិតកម្មដំណាំបន្លែបានកើនឡើងប្រមាណពី ៥ម៉ឺន ១៣៣៨ហិកតា នៅឆ្នាំ២០១៤ ដល់ ៦ម៉ឺន ៩៨៥០ហិកតា នៅឆ្នាំ២០២១ និងបរិមាណផលបន្លែសរុប បានកើនជិតទ្វេដងចន្លោះពី ៤១ម៉ឺនតោន នៅឆ្នាំ២០១៤ ដល់ ៨០ម៉ឺនតោន នៅឆ្នាំ២០២១។
ប៉ុនតែទោះបីជាយ៉ាងណាក៏ដោយ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា កង្វះបរិមាណបន្លែសុវត្ថិភាពសម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុកនៅតែជាបញ្ហាប្រឈម ដែលទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់រួមមាន ផ្នែសាធារណៈ ផ្នែកឯកជន និងផ្នែកអ្នកផលិត ត្រូវតែរួមសហការគ្នាដើម្បីដោះស្រាយបញ្ហានេះ ឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកបរិភោគនាពេលបច្ចុប្បន្ន និងអនាគត។
ឯកឧត្តម បន្តថា បច្ចុប្បន្ន ក្រសួងកសិកម្ម តាមរយៈថវិកាកម្មវិធីរដ្ឋ និងគម្រោងដៃគូមួយចំនួន បាននិងកំពុងជំរុញលើកទឹកចិត្តកសិករឱ្យផលិតបន្ថែសុវត្ថិភាព ដើម្បីកាត់បន្ថយការនាំចូល និងដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងស្រុក។ ក្រសួងបានគាំទ្រ និងលើកទឹកចិត្ត និងរង់ចាំផ្តល់កិច្ចសហការជាមួយក្រុមហ៊ុនឯកជនទាំងអស់ ដែលមានបំណងវិនិយោគក្នុងវិស័យសាកវប្បកម្ម ជាពិសេសនៅក្នុងខ្សែច្រវាក់តម្លៃដំណាំបន្លែសុវត្ថិភាព ដើម្បីជំរុញផលិតកម្មមួយនេះ ឱ្យបានកាន់តែរីកចម្រើនសំដៅឆ្លើយតបទៅនឹងតម្រូវការក្នុងស្រុក ដោយត្រូវជំរុញឲ្យអនុវត្ត CamGAP និង CamOrg។
គួរបញ្ជាក់ថា គិតត្រឹមខែធ្នូ ឆ្នាំ ២០២១ កម្ពុជាមានសហគមន៍កសិកម្មផលិតបន្លែចំនួន ១២១៧ និងសមាជិកសរុបជាង ១៥ម៉ឺននាក់ ដើមទុនសរុបចំនួន ១០២ពាន់លានរៀល និងបានបង្កើត និងចុះបញ្ជីសហភាពសហគមន៍កសិកម្មចំនួន ១៥។ នៅឆ្នាំ២០២១ ផ្ទៃដីផលិតកម្មដំណាំបន្លែមានចំនួនប្រមាណ ៦៩ ០០០ហិកតា និងបរិមាណផលបន្លែ សរុបទទួលបានប្រមាណ ៨០០ ០០០តោន៕