Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា និងគម្រោងបរិស្ថានប្រមូលសំរាមពីដើមឈើដែលបន្សល់ទុកដោយទឹកជំនន់

សៀមរាប៖​ លោក សៀ សុផល សហស្ថាបនិក និងជានាយកមូលនិធិ ទំពាំងស្នងឬស្សី (BambooShoot Foundation) បានចាប់ផ្តើមគម្រោងប្រមូលសំរាមពីដើមឈើ ក្រោមការសហការចូលរួមរបស់ព្រះសង្ឃ សិស្សានុសិស្ស និងអ្នកនេសាទ បន្ទាប់ពីបានឃើញការបំពុលដែលបង្កើតដោយសំរាមក្នុងរដូវទឹកជំនន់ នៅខេត្តសៀមរាប ដើម្បីស្តារសោភ័ណ្ឌភាពបរិស្ថាននាតំបន់ជុំវិញបឹងទន្លេសាបឡើងវិញ។

សម្រស់ដើមឈើនាតំបន់នោះគឺជាផ្នែកមួយដែលទាក់ទាញទេសចរណ៍ដ៏សំខាន់ផងដែរ។ ជាការលើកទឹកចិត្តដល់ប្រជាពលរដ្ឋ លោក សៀ សុផល ក៏បានឧបត្ថម្ភអង្ករដល់ប្រជាពលរដ្ឋដែលប្រមូលសំរាម និងវិចខ្ចប់ទុក​ដាក់​បានត្រឹមត្រូវផងដែរ។ គម្រោង​នេះ​ បាន​កែលម្អ​ស្ថានភាព​នៃ​តំបន់​លិចទឹកដោយបានយកចិត្តទុកដាក់របស់​អ្នកស្រុក​ក្នុងការ​ប្រមូលនិងទុកដាក់សំរាមបានត្រឹមត្រូវ។ វាក៏បានជួយស្តារឡើងវិញនូវជីវៈចម្រុះក្នុងបឹងទន្លេសាប ហើយនឹងបម្រើជាគោលដៅទេសចរណ៍ផងដែរ។

 លោក សៀ សុផល សហស្ថាបនិក និងជានាយកមូលនិធិ ទំពាំងស្នងឬស្សី (BambooShoot Foundation) បាន​មានប្រសាសន៍ថា ” កន្លងមកសំរាមមានច្រើននៅតាមទីសាធារណៈនាឯតំបន់ទន្លេសាប។ នៅឆ្នាំ២០១៧ និង ២០១៨ បងមានចំងល់ថាហេតុអ្វីគ្មាននរណាម្នាក់ខ្វាយខ្វល់អំពីបរិស្ថានជុំវិញបឹងទន្លេសាប ជាពិសេសសំណល់ផ្លាស្ទិកដែលប៉ះពាល់ដល់ជីវៈចម្រុះដែលរស់នៅក្នុងនិងជុំវិញបឹងទន្លេសាប។ “

លោកបានមានប្រសាសន៍បន្តថា ” ហេតុអ្វីបានជាខ្ញុំត្រូវចាប់ផ្តើមខ្វាយខ្វល់ពីបរិស្ថានជុំវិញបឹងទន្លេសាប? ចំលើយគឺ ថ្ងៃមួយបងបានទៅទស្សនាបន្ទាយសត្វព្រែកទាល់ អំឡុងពេលធ្វើដំណើរ​ទូកក៏វាជាប់គាំងនៅជិតវត្តមេជ្រៃ ស្លាបចាក់របស់ទូកគឺជាប់ពេញដោយសំរាម​​ ធ្វើអោយអ្នកបើកបរទូកគាត់ត្រូវចំណាយពេលរហូតដល់២០នាទីដើម្បីយកសំរាមចេញពីស្លាបចាក់របស់ទូក។ “

សហស្ថាបនិក និងជានាយកមូលនិធិ ទំពាំងស្នងឬស្សី (BambooShoot Foundation) រូបនេះ បានបញ្ជាក់ថា ” សំរាមនៅក្នុងទឹកដែលមើលមិនឃើញគឺមានច្រើន ចុះជីវៈចម្រុះច្រើនទៀតដែលយើងមើលមិនឃើញដែលនៅក្នុងទឹក​ តើវាត្រូរស់នៅយ៉ាងដូចម្តេចជាមួយការបំពុលដោយសំរាមដែលមាននៅក្នុងទឹក។ ហើយសំរាមនោះដែរ គឺមាននៅគ្រប់កន្លែង លើទឹក ក្នុងទឹក លើដី លើសពីនេះទៅទៀតសូម្បីតែលើដើឈើក៏មានសំរាមថែមទៀត។ វាមិនមែនជារឿងធម្មតានោះទេដែលសំរាមមានសូម្បីតែលើដើមឈើ។ មនុស្សជាច្រើនដែលទាញផលប្រយោជន៍ពីបឹងទន្លេសាប តែពួគគេមិនបាននាំគ្នាខ្វាយខ្វល់អំពីសុខភាពបឹងទន្លេសាបសូម្បីតែបន្តិច។ “

ពួកគាត់បាននិយាយថា, ពួកគេសប្បាយចិត្ត និង រីករាយជាខ្លាំង នៅពេលដែលបានចូលរួមប្រមូលសំរាមពីលើដើមឈើនៅថ្ងៃនេះ។ ពួកយើងកំពុងតែសំអាតដើមឈើ ដោយសារតែពួកយើងមិនចង់ឱ្យអ្នកទេសចរណ៍ឬមនុស្សផ្សេងទៀតមើលឃើញសំរាមនៅលើដើមឈើនោះទេ។ ធម្មជាតិគឺស្រស់ស្អាតជាង។)

លោក សៀ សុផល មានប្រសាសន៍ថា​ ” ដំបូងខ្ញុំគិតថា ដើមឈើណាដែលមានសំរាម​ យើង​មិនគួរបន្តទុកវានៅចឹងនោះទេ។ ប្រសិនជាបន្តទុកនៅចឹង នោះវាមិនមែនជារឿងធម្មតានោះទេ។ ដូច្នេះបងក៏ចុះទៅកាន់ទីតាំនោះផ្ទាល់ ដើម្បីជួបពិភាក្សាជាមួយមេភូមិឱ្យស្គាល់ភូមិសាស្រ្ត ហើយក៏បន្តទៅជួបជាមួយព្រះសង្ឃ ប្រជានេសាទ ប្រជាជន ដើម្បីសួរនាំពួកគាត់អោយបានដឹងថា តើហេតុអ្វីបានជាមានសំរាមនៅលើដើមឈើដូច្នេះ តើគួរធ្វើយ៉ាងណាដើម្បីសំអាតវា? ពួកគាត់ឆ្លើយដូចគ្នា សំរាមមានលើដើមឈើដោយសារតែទឹកជំនន់។ ​ទន្លេសាបមានរដូវទឹកឡើង និង ទឹកស្រក។ “

លោកបន្តថា​ “ សំរាមមានលើដើមឈើដោយសារតែទឹកឡើង នៅពេលទឹកស្រកទៅវិញសំរាមទាំងនោះនៅទើរលើដើមឈើ វាមិនបានទៅតាមទឹកវិញនោះទេ។ ចឹងខ្ញុំក៏សម្រាច់ចាប់ផ្តើមសកម្មភាព ដើរប្រមូលសំរាមពីលើដើមឈើនារដូវទឹកស្រក ដូច្នេះដើមឈើក៏អាចស្អាតបានរយៈពេល៦ខែ នៃរដូវទឹកស្រក។ ក្រៅពីប្រាសាទក្នុងខេត្តសៀមរាប បឹងទន្លេសាបគឺជាគោលដៅទេសចរណ៍ទី២សម្រាប់ភ្ញៀវទេសចរណ៍។ ដូច្នេះយើងមិនគួរទុកអោយភ្ញៀវជាតិ ឬ​ អន្តរជាតិដើរមើលសំរាមលើដើមឈើនោះទេ។ ”  

លោកនិយាយថា​ ” ខ្ញុំសង្កេតឃើញមានព្រះសង្ឃ ប្រជាជន និង សិស្សានុសិស្សជាច្រើនបានចូលរួមជាមួយពួកខ្ញុំ ដូច្នេះទើបខ្ញុំសម្រាច់បង្កើតយុទ្ធនាការមួយនេះជាប្រចាំសម្រាប់រដូវទឹកស្រក គឺសកម្មភាពរើសសំរាមរាមដើមឈើ តាមច្រាំងទន្លេ ច្រកចូលប៉ាវដែលយើងបង្កើតឡើង ហើយយកទៅដាក់នៅកន្លែងទុកសំរាមដែលនៅឆ្ងាយពីភូមិ។ “

ជាមួយគ្នានេះ​ លោកលោក សោម លឿត អ្នកប្រតិបត្តិការគម្រោងភូមិទឹកជំនន់​ បានឱ្យដឹងថា "បច្ចុប្បន្ន​នេះអ្នកភូមិខ្ញុំមានការយល់ដឹងច្រើនអំពីការទុកដាក់សំរាម និង ការសម្អាតបរិស្ថាន ដោយសារតែពួកគេមើលឃើញថាសំរាមទាំងនោះបំពុលដល់ទឹកជាខ្លាំង។ ហើយតាមរយៈគម្រោងមួយនេះ​បានធ្វើអោយប្រជាជនកាន់តែមានការសប្បាយរីករាយក្នុងការចូលរួមថែមទៀត។"

លោក សំ ឈឿយ អភិបាលរងស្រុកកែវផុស បានមានប្រសាសន៍ថា” តាមរយៈគម្រោងរបស់លោក សៀរ សុផល គម្រោងបានជួយឧបត្ថម្ភគ្រប់យ៉ាងដើម្បីធ្វើការប្រមូលសំរាមនេះដំណើរការទៅបានយ៉ាងល្អ។ លើសពីនេះគាត់បានឧបត្ថម្ភអង្ករសម្រាប់ដោះដូររវាងសំរាមនិងអង្ករ។ កម្មវិធីសំរាមដូរយកអង្ករនោះដំណើរការបានរយៈពេល៣ឆ្នាំមកហើយ។ “

លោកអភិបាលរងស្រុកកែវផុស​ បានបន្តថា ” យើងបានបង្កើតទិវាប្រមូលសម្រាប់សម្រាប់២រដូវ គឺរដូវទឹកឡើងម្តង និង រដូវទឹកស្រកម្តងទៀត។ សម្រាប់សកម្មភាពនេះមានការចូលរួមតាំងពីសិស្ស ជាមួយយុវជនស្ម័គ្រចិត្តមកពីក្រុងសៀមរាបផងដែរ។ “

លោកអភិបាលរងស្រុកកែវផុស បានបន្តទៀតថា ” លោក សុផលបានមកដល់ទីនេះ ហើយគាត់បានឃើញសំរាមច្រើននៅតំបន់នេះ។ ក្រោយមកគាត់ក៏បានដំណើរការគម្រោងប្រមូលសំរាមដូរយកអង្ករ។ គម្រោងមួយនេះមានប្រយោជន៍ខ្លាំងដល់ការបន្តពូជរបស់ត្រី ចឹងអាចធ្វើអោយត្រីនឹងមានការកើនឡើង។ ពីមុនត្រីមិនសូវសំបូរនោះទេ ព្រោះព្រែកនៅទីនេះរាក់ដែលបណ្តាលមកពីសំរាមច្រើន។ “

លោក ប៉េង សែន ប្រធានសហគមន៍កែវផុស​​ ​បានឱ្យដឹងថា " គម្រោងនេះវាអាចជួយអោយបរិស្ថាននៅទីនេះស្អាតជាងមុន ត្រីកើនឡើងសារជាថ្មី។ ហើយនាពេលបច្ចុប្បន្នតំបន់របស់ខ្ញុំស្អាតខ្លាំង ប្រជាជនក្នុងតំបន់ខ្ញុំមានការយល់ដឹងច្រើនពីការទុកដាក់សំរាម។ "

ប្រភព៖​ A24

×