Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កសិដ្ឋានមួយនៅមណ្ឌលគិរី គ្រោងនាំចូល គោពូជសាច់ពីអាមេរិក និងអូស្រ្តាលីបន្ថែម ៥០០០ក្បាលនៅ២០២២នេះ ដើម្បីបំពេញតម្រូវការទីផ្សារ

មណ្ឌលគិរី៖ កសិដ្ឋានអាយសេវេន (i7) ជាកសិដ្ឋានដ៏ធំជាងគេមួយនៅខេត្តមណ្ឌលគិរី គ្រោងនឹងនាំចូលគោពូជ Beef Master, Angus និង Wagyu ពីអាមេរិក និងអូស្រ្តាលីចំនួន៥០០០ក្បាលបន្ថែមទៀត នាឆ្នាំ២០២២នេះ ដើម្បីបំពេញតម្រូវការទីផ្សារ។

កសិដ្ឋាននេះ មានទីតាំងស្ថិតនៅ ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ បន្ទាប់ពីក្រុមហ៊ុន​អាយសេវេន (i7) ទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល អាជ្ញាធរខេត្ត និងក្រសួងកសិកម្មសម្រាប់ការអភិវឧ្ឍន៏ លើវិស័យកសិកម្ម ដោយសាងសង់  បណ្តុំស្ថានីយ៍បង្កាត់ពូជសត្វ បន្លែ ផ្លែឈើ និងរុក្ខជាតិ ផ្សេងៗ, វិនិយោគលើវិស័យកសិ-ទេសចរណ៍ ផ្សារកសិផល។

លោកឧកញ៉ា ស្រី ចន្ធូ អគ្គនាយកក្រុមហ៊ុនអាយសេវេន (i7) មានប្រសាសន៍ថា ដោយមាន ការគាំទ្រពីឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម យើងបាននាំចូលគោពូជពីប្រទេសអូស្រ្តាលី និង សហរដ្ឋអាមេរិកសរុបមានចំនួន៥០០ក្បាលមកហើយ តែចំនួននេះពុំអាចទ្រទ្រង់ទីផ្សារគ្រប់ គ្រាន់នៅឡើយនោះទេ។ដូច្នោះហើយ ទើប i7 សំរេចនាំចូលចំនួន៥០០០ក្បាលមកបន្ថែមទៀតនៅឆ្នាំ២០២២ ដើម្បីបំពេញតម្រូវការទីផ្សារក្នុងប្រទេសកម្ពុជា។ លោក ឧកញ៉ាបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនបានពង្រីករោងចិញ្ចឹមគោចំនួន៥ហើយ ក្នុងនោះ ពូជគោបាននាំចូលពីប្រទេសថៃ អាមេរិក និងប្រេស៊ីល។

លោក ឧកញ៉ា បន្ថែមថា ក្រុមហ៊ុនi7ត្រូវបាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអនុញ្ញាតជាគោល ការណ៍ក្នុងការនាំចូលនូវពូជគោ សេះ ពពែ ចៀមចំនួន២៥០០០ក្បាល និងទឹកមេជីវិតមួយ ចំនួនពីអាមេរិក ប្រេស៊ីល អូស្ត្រាលី ជប៉ុន និងប្រទេសថៃសំរាប់ឆ្នាំ២០២១ និង២០២២ ដើម្បី នាំយកពូជសត្វល្អៗពីក្រៅប្រទេសមកបង្កាត់ពូជ ក្នុងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងឈានទៅ ផ្គត់ផ្គង់ក្រៅប្រទេសនាពេលអនាគតផងដែរ។

លោក ឧកញ៉ា អះអាងថា មូលហេតុដែលក្រុមហ៊ុនចាប់យកការចិញ្ចឹមគោពូជបរទេសមកបន្តចិញ្ចឹមនៅក្នុងប្រទេសកម្ពុជា ព្រោះក្រុមហ៊ុនមានចក្ខវិស័យចូលរួមចំណែកបង្កើនជីវភាព ប្រជាពលរដ្ឋនៅក្នុងតំបន់ ពិសេស រួមចំណែកកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោ បាយរបស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ សូមរំឭកថា កាលពីពេលកន្លងទៅ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្តល់អនុសាសន៍ដ៏ ខ្ពង់ខ្ពស់ឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ចូលរួមអនុវត្តបន្តអភិវឌ្ឍវិស័យកសិដ្ឋានឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ក្នុងនោះសម្តេច តេជោ ហ៊ុន សែន បានណែនាំឲ្យបន្តលើកកម្ពស់ការវិនិយោគក្នុងវិស័យកសិកម្មតាមអភិក្រម ភាពជាដៃគូរវាងរដ្ឋ និងឯកជនឲ្យកាន់តែទូលំទូលាយថែមទៀត។ សម្តេចតេជោឲ្យបន្តលើក កម្ពស់គុណភាពផលិតកម្មដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងសុវត្ថិភាពផលិតផលកសិកម្ម។ ត្រូវបន្តជំរុញការចិញ្ចឹមសត្វរបស់កសិករឱ្យទៅជាការចិញ្ចឹមបែបពាណិជ្ជកម្ម ដើម្បីបង្កើនប្រាក់ ចំណូលធ្វើការស្រាវជ្រាវ សុខភាពសត្វ និងផលិតកម្មសត្វ កែលម្អពូជសត្វឱ្យមាន ទិន្នផល ខ្ពស់ គ្រប់គ្រងការធ្វើឤជីវកម្មសត្វរស់ ផលិតផលសត្វ ចំណសីត្វជាដើម៕

×