ធនាគារជាតិ នៃ កម្ពុជា បានជូនដំណឹងដល់ក្រសួង ស្ថាប័នរដ្ឋ និងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលប្រើប្រាស់សេវាធនាគារតាមប្រព័ន្ធអេឡិចត្រូនិក ជ្រាបថា ធនាគារជាតិ នៃ កម្ពុជា បានធ្វើបច្ចុប្បន្នកម្មសេវាធនាគារតាមប្រព័ន្ធអេឡិចត្រូនិក (Online Banking System – OBS) រួមទាំងលក្ខខណ្ឌ និងខចែង ស្តពីការប្រើប្រាស់សេវានេះ។
សេវាធនាគារតាមប្រព័ន្ធអេឡិចត្រូនិក (Online Banking System – OBS)គឺបង្កើតឡើងក្នុងគោលបំណងជំរុញការទូទាត់ជាអេឡិចត្រូនិកឲ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាព សម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។
បច្ចុប្បន្នកម្មសេវាធនាគារតាមប្រព័ន្ធអេឡិចត្រូនិក (OBS) នឹងអនុញ្ញាតឲ្យធ្វើប្រតិបត្តិការផ្ទេរប្រាក់បន្ថែម រវាងគណនីចរន្តរបស់អ្នកទទួលសេវាតែមួយ នៅស្នាក់ការកណ្តាលធនាគារជាតិនៃកម្ពុជា និងនៅសាខាធនាគារជាតិនៃកម្ពុជា រាជធានី ខេត្ត និងប្រតិបត្តិការផ្ទេរប្រាក់ រវាងគណនីចរន្តរបស់អ្នកទទួលសេវា នៅសាខាធនាគារជាតិនៃកម្ពុជារាជធានី ខេត្ត ក្នុងខេត្តនីមួយៗ៕