ក្នុងអំឡុងពេលមុជទៅក្នុងទឹក ស្រាប់តែឃើញត្រីពណ៌មាសចាំងភ្លិបភ្លែតនៅពីមុខខ្លួន ។ អ្នកមុជទឹកនៅខេត្ត Ha Tinh បានប្រើកាំភ្លើងបាញ់ក្នុងទឹកបាញ់ឲ្យវារបួស រួចស្រង់យកមកឡើងគោក ។
ពេលនោះគឺវេលាម៉ោង ២៣និង០០នាទី អ្នកមុជទឹកឈ្មោះ Tran Ngoc Tinh អាយុ៣៦ឆ្នាំ ដែលកំពុងមុជទឹកដើម្បីចាប់ផលនេសាទសមុទ្រ នាតំបន់ច្រកសមុទ្រ Cua Sot ក៏បានប្រទះឃើញត្រីដូចពោលខាងលើ ។ លោក Tinh ឲ្យដឹងថា ត្រីនេះមានទម្ងន់ ២,៥គីឡូក្រាម ។ មានបណ្តោយប្រវែង ៥០សង់ទីម៉ែត្រ ផ្នែកខ្លួនមានស្រកាពណ៌មាស ព្រុយស្រកីពណ៌ក្រហម ពោះពណ៌លឿងស្រាល ។
ត្រីទម្ងន់ ២,៥គីឡូក្រាម ដែលជាត្រីមាសដ៏កម្រទើបចាប់បាន ។ បុរសដែលចាប់បានត្រីនេះបានយកវាទៅប្រក់ទុកនៅក្នុងអាងតែបានតែ១យប់វាក៏ងាប់ គាត់យកវាទៅបង្កកក្នុងទូរទឹកកក ដើម្បីរង់ចាំអ្នកទិញ ។
ត្រីមាសរស់នៅតាមតំបន់ទឹកភ្លាវ នៅច្រកសមុទ្រ ហើយគេពិនិត្យឃើញវាច្រើនត្រូវគេនេសាទបាននៅឥណ្ឌា វៀតណាម ឥណ្ឌូណេស៊ី ស្រីលង្ការ និងចិន ។ ពួកវាត្រូវបានគេតាមរកទិញនិងហ៊ានឲ្យតម្លៃថ្លៃ ព្រោះតែក្រពះរបស់វាត្រូវបានយកទៅធ្វើវត្ថុធាតុដើម ផលិតអំបោះសាច់ សម្រាប់បម្រើឲ្យការវះកាត់ក្នុងពេលដែលសាច់របស់វាគឺជាអាហារដែលមានសារធាតុបំប៉នយ៉ាងខ្លាំង ។
មុននោះនៅប្រទេសវៀតណាមគេទើបស្ទូចបានត្រីមាសទម្ងន់ ២,៨គីឡូក្រាម ហើយលក់បានតម្លៃដល់ទៅជិត ២៥.០០០ដុល្លារ ៕ ចន្ទ្រា