ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់សារព័ត៌មាន CEN ថា ចំពោះពាក្យបណ្តឹងរបស់លោកស្រី ឡាក់ សុភាព ប្រធានស្តីទីគណបក្សឯកភាពជាតិខ្មែរ ដែលបានប្តឹងលោក អ៊ុន ជឹម អនុប្រធានទី១ គណបក្សឯកភាពជាតិខ្មែរ ពាក់ព័ន្ធការក្លែងសារសំឡេងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា គឺសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវហើយ។
ការស្រាវជ្រាវនេះ គឺបន្ទាប់ពីលោកស្រី ឡាក់ សុភាព បានដាក់ពាក្យបណ្តឹងប្តឹងលោក អ៊ុន ជឹម អនុប្រធានទី១ គណបក្សឯកភាពជាតិខ្មែរ ទៅឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ កាលពីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២២។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងប្រាប់ CEN នៅរសៀលថ្ងៃទី១២ ខែមករានេះថា ចំពោះពាក្យបណ្តឹងរបស់លោកស្រី ឡាក់ សុភាព ប្តឹងលោកអ៊ុន ជឹម គឺអគ្គស្នងការដ្ឋាននគរបាលជាតិបានទទួលហើយ និងបានចារឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវហើយ។
លោកស្រី ឡាក់ សុភាព បានអះអាងថា សារសម្លេងសម្តេចតេជោ ហ៊ុន សែន ដែលលោកអ៊ុន ជឹម បានយកចែកចាយដល់សមាជិកនៅមូលដ្ឋាន និងនៅសហរដ្ឋអាមេរិក គឺមិនមែនជាសំឡេងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះទេ គឺជាសារក្លែងក្លាយ។ ហើយការចែកចាយសំឡេងនេះ គឺក្នុងគោលដៅដើម្បីវាយប្រហារមកលើលោកស្រី ដែលបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់លោកស្រី និងថ្នាក់ដឹកនាំយ៉ាងធ្ងន់ធ្ងរ។
លោកស្រី ឡាក់ សុភាព ប្រធានស្តីទីគណបក្សឯកភាពជាតិខ្មែរ បានថ្លែងនៅក្នុងសន្និសីទកាសែតកាលពីរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ ថា នៅពេលដែលលោកអ៊ុន ជឹម មកពីសហរដ្ឋអាមេរិក មកធ្វើការនៅកម្ពុជា គឺមិនបានអនុវត្តតាមលក្ខន្តិកៈរបស់គណបក្សនោះទេ និងបានដឹកនាំការងារក្នុងបក្សបែបអាណាធិបតេយ្យ។ ហើយជាពិសេសបុគ្គលនេះ បានក្លែងសារសំឡេងសម្តេចតេជោ ហ៊ុន សែន ថែមទៀតផង ចែកចាយដល់សមាជិកមូលដ្ឋាន និងនៅសហរដ្ឋអាមេរិក ដើម្បីវ៉ៃប្រហារមកលើលោកស្រី។ ដែលការក្លែងសារសំឡេងនេះ បានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ថ្នាក់ដឹកនាំ និងកិត្តិយសរបស់លោកស្រី។
លោកស្រីបញ្ជាក់ថា “បុគ្គលនេះ (អ៊ុន ជឹម) ជាអតីតសមាជិកបក្សប្រឆាំង និងជាសមាជិកក្លឹបនៅអាមេរិក មានន័យថា ជាអ្នកបញ្ជូនសារ ឬក៏ស៊ើបការ ត្រង់នេះហើយដែលខ្ញុំបដិសេធចាប់ពីពេលធ្វើសន្និសីទមិនឲ្យ ជឹម អ៊ុន ដណ្តើមយកបក្សឯកភាពជាតិខ្មែរ ដោយបុគ្គលនេះ បង្កើតអប្បគមន៍នៅក្នុងបក្ស។ ហើយបុគ្គលនេះ បានផ្ញើសារមកគឺសុំឈប់សម្រាកពីការងារបក្សមួយរយៈ ប៉ុន្តែបុគ្គលនេះបានដើរធ្វើសកម្មភាពនៅគ្រប់ទៅកន្លែង នេះគឺជាការរំលោភបំពានលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងគណបក្ស”។
ជាមួយគ្នានេះ លោកស្រី ឡាក់ សុភាព បានអំពាវនាវទៅដល់សម្តេចយតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ ជួយរកយុត្តិធម៌ឲ្យលោកស្រីផង។
ចំណែកលោកអ៊ុន ជឹម មិនអាចសុំការអត្ថាធិប្បាយបានទេ ទាក់ទងការលើកឡើងរបស់លោកស្រី ឡាក់ សុភាព ប្រធានទីស្តីគណបក្សឯកភាពជាតិខ្មែរ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ