ប៉ូលីសនៅក្នុងប្រទេសជប៉ុនបានចាប់បុរសម្នាក់អាយុ ២៧ឆ្នាំ បន្ទាប់ពីពួកគេបានរកឃើញបំណែក សាកសពមនុស្សចំនួន ៩នាក់នៅក្នុងផ្ទះរបស់ជនសង្ស័យ ស្ថិតក្នុងតំបន់ហ្សាម៉ា (Zama) ក្បែរទីក្រុងតូក្យូ។ នេះបើតាមការចេញផ្សាយរបស់សារព៌ត មានអង់គ្លេសនៅរសៀលថ្ងៃនេះ។
ដំបូងប៉ូលីសបានរកឃើញក្បាលមនុស្សចំនួន ២ដែលលាក់ទុកក្នុងធុងក្លាសេ នៅខាងក្រៅផ្ទះរបស់ជនសង្ស័យ ដែលគេស្គាល់ឈ្មោះថា Takahiro Shiraishi ខណៈពេលប៉ូលីសកំពុងធ្វើការស៊ើបអង្កេតករណីបាត់ខ្លួនរបស់ស្ត្រីម្នាក់។
ប៉ូលីសបានរកឃើញបំណែកសាកសពរបស់មនុស្សស្រីចំនួន៨នាក់ និងប្រុស ១នាក់ ដែលសាកសពខ្លះមានសភាពស្អុយរលួយទៅហើយ។
ជនសង្ស័យបានប្រាប់ប៉ូលីសថា គាត់បានសម្លាប់ពួកគេ ហើយចាត់ចែងក្លាសេសាកសពទុកដើម្បីបំបាត់ភស្ថុតាង។
នៅពេលជាមួយគ្នានេះដែរ អ្នកជិតខាងរបស់ជនសង្ស័យ បាននិយាយថា គាត់បានចាប់ផើ្តមធំក្លិនចំឡែកពីផ្ទះរបស់ជនសង្ស័យ ចាប់តាំងពីជននោះបានរើមកនៅក្នុងតំបន់នោះកាលពីខែសីហាមក។
ការរកឃើញដ៍ភ្ញាក់ផ្អើលរបស់ប៉ូលីសកើតឡើង ខណៈដែលពួកគេកំពុងស្វែងរកស្ត្រីវ័យ ២៣ឆ្នាំម្នាក់ដែលបានបាត់ខ្លួនចាប់តាំងពីថ្ងៃទី ២១ ខែតុលាមក។
អ្នកស៊ើបអង្កេតបានរកឃើញថា ជនសង្ស័យបានទាក់ទងជាមួយនឹងស្ត្រីដែលបាត់ខ្លួន ក្រោយពេលស្ត្រីនោះបានសរសេរនៅលើអនឡាយថា នាងចង់ធ្វើអត្តឃាត៕ សុភ័ក្ត្រ