Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារពាណិជ្ជ អាល់ហ្វា ចុះហត្ថលេខា ជាមួយក្រុមហ៊ុន CAIC វិនិយោគសញ្ញាបណ្ណមានបុគ្គលធានា ចំនួន១០លានដុល្លារ សម្រាប់គម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ

ភ្នំពេញ៖ អ្នកជំនាញមើលឃើញថា ការចូលរួមវិនិយោគរបស់អ្នកវិនិយោគក្នុងស្រុក លើគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ជាការរួមចំណែកលើកស្ទួយ ដល់ការអភិវឌ្ឍ នៃសេដ្ឋកិច្ចជាតិ បន្ទាប់ពីក្រុមហ៊ុន CAIC និងធនាគារពាណិជ្ជ អាល់ហ្វា ម.ក បានចុះហត្ថលេខាសម្រាប់ការវិនិយោគ សញ្ញាបណ្ណមានបុគ្គលធានា ចំនួន១០លានដុល្លារអាមេរិក របស់គម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ។

លោក ឧកញ៉ា លី ឃុនថៃ ជាប្រធានក្រុមប្រឹក្សាភិបាល  ធនាគារពាណិជ្ជ អាល់ហ្វា ម.ក បានឱ្យដឹងថា “ក្នុងនាមខ្ញុំជាកូនខ្មែរម្នាក់ និងក្នុងនាមម្ចាស់ធនាគារក្នុងស្រុក ខ្ញុំគិតថា បើខ្ញុំមានឱកាសក្នុងការចូលរួមចំណែកណាមួយ ខ្ញុំមានមោទនភាពខ្លាំង ហើយក៏ជាមោទនភាព របស់ធនាគារខ្មែរយើងផងដែរ”។ លោកឧកញ៉ា បន្ថែមថា “ប្រលានយន្តហោះអន្តរជាតិនេះ មានបានប្រយោជន៍ សម្រាប់ប្រជាជន និងប្រទេសជាតិទាំងមូល ហើយខ្ញុំរំពឹងថា តាមរយៈប្រលានថ្មីនេះ នឹងទាក់ទាញអ្នកវិនិយោគ មករកស៊ីនៅកម្ពុជាកាន់តែច្រើន”។

ទឹកប្រាក់វិនិយោគ ដែលទទួលបានពីសញ្ញាបណ្ណនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាល ខណៈគម្រោងនេះ បច្ចុប្បន្នសម្រេចបាន៣០% ដែលបានចំណាយទឹកប្រាក់សរុប៣៩០លានដុល្លារអាមេរិក ដោយមិនរាប់បញ្ចូលថ្លៃដី ដែលវិនិយោគរួចដោយក្រុមហ៊ុន CAIC នោះទេ។ 

រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់សិទ្ធិឱ្យ ក្រុមហ៊ុនCAIC ក្នុងការកាន់កាប់ រចនា ប្លង់ សាងសង់ ធ្វើហិរញ្ញប្បទាន និងគ្រប់គ្រងប្រតិបត្តិការគម្រោង អាកាសយានដ្ឋានអន្តរជាតិតេជោ។ CAIC ជាក្រុមហ៊ុនដែលបានបណ្តាក់ទុនរួមគ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា តំណាងដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមហ៊ុន OCIC៕

×