Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ជា ចាន់តូ៖ ស្ថានភាពមេរោគកូវីដ 19 បំប្លែងថ្មីៗ ឆ្លងខ្លាំងនៅអាមេរិក អ៊ឺរ៉ុប និងតំបន់ នឹងបន្តដាក់សម្ពាធដល់ការងើបឡើងនៃសេដ្ឋកិច្ចកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា ស្ថានភាពមេរោគកូវីដ19 បំប្លែងថ្មីៗ ដែលចាប់ផ្តើមឆ្លងខ្លាំងនៅអាមេរិក អ៊ឺរ៉ុប និងតំបន់មួយចំនួន នឹងបន្តដាក់សម្ពាធដល់ការងើបឡើងនៃសេដ្ឋកិច្ចកម្ពុជា ជាពិសេស ការប៉ះពាល់លើវិស័យទេសចរណ៍ ការរំខានដល់ខ្សែច្រវាក់ដឹកជញ្ជូននាំចេញ-នាំចូលទំនិញ និងកំណើនយឺតនៃលំហូរវិនិយោគបរទេស។ ម៉្យាងទៀត ហានិភ័យនៃការរាលដាលជំងឺកូវីដ-១៩នៅកម្ពុជា ក៏អាចនាំទៅរកការដាក់ចេញវិធានការការពារតឹងរ៉ឹង ដែលអាចបង្អាក់ដំណើរការផលិតកម្មនិងសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកផងដែរ។

នេះគឺជាការលើកឡើងរបស់ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២១ និងទិសដៅការងារឆ្នាំ ២០២២ របស់ធនាគារជាតិនៃកម្ពុជា។

សូមជម្រាបថា នៅឆ្នាំ ២០២២នេះ ការលេចឡើងនៃមេរោគកូវីដបំប្លែងថ្មីៗ បានបន្តគំរាមកំហែងដល់ ការងើបឡើងនៃសេដ្ឋកិច្ចពិភពលោក និងតំបន់ ដែលអាចបន្ថយអត្រាកំណើនឱ្យទាបជាងការរំពឹងទុក។ នៅសហរដ្ឋអាមេរិក និងអឺរ៉ុប បានចាប់ផ្តើមឆ្លងកើនឡើងវិញយ៉ាងឆាប់រហ័ស ហើយនៅក្នុងតំបន់អាស៊ាន ការឆ្លងប្រចាំថ្ងៃក៏នៅតែមានកម្រិតខ្ពស់នៅឡើយ។

ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ ទេសាភិបាលនៃធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ការគ្រប់គ្រងបានល្អលើការរាលដាលនៃជំងឺកូវីដ-១៩ និងការបន្តបើកដំណើរការសេដ្ឋកិច្ចឡើងវិញ នឹងជំរុញសកម្មភាពសេដ្ឋកិច្ច ដូចជា ពាណិជ្ជកម្ម ការវិនិយោគ ការដឹកជញ្ជូននិងទូរគមនាគមន៍ និងទេសចរណ៍ក្នុងស្រុក។ វិស័យកសិកម្មរំពឹងថា នឹងបន្តមានកំណើនល្អ ដែលគាំទ្រដោយគោលនយោបាយគាំពាររបស់រាជរដ្ឋាភិបាល និងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់និងទ្វេភាគី។ ក្រោមការរំពឹងទុកដោយសុទិដ្ឋិនិយមនេះ កំណើនសេដ្ឋកិច្ចកម្ពុជានាឆ្នាំ២០២២ ត្រូវបានព្យាករថា នឹងកើនឡើងក្នុងអត្រា ៥%។

គួរបញ្ជាក់ថា បើតាមទេសាភិបាលធនាគារជាតិនៃកម្ពុជា ដើម្បីគាំទ្រការងើបឡើងនៃកំណើនប្រកបដោយចីរភាព រាជរដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញនូវក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ដែលមានគោលដៅស្តារ កែទម្រង់ និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច៕

×