នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០០៦ រឿងដ៏ចម្លែកមួយបានកើតឡើងនៅទីក្រុង Kiev ប្រទេសអ៊ុយក្រែន បុរសម្នាក់ពាក់អាវវេស (អាវធំ) ម៉ូតចាស់ ដៃកាន់ម៉ាស៊ីនថតបុរាណមួយ ដើររេរ៉ចុះឡើង ដោយចោលភ្នែកសំឡឹងមើលដងវិថី ដោយភាពងឿងឆ្ងល់ ឃើញបែបនេះប៉ូលិសចូលកៀក ហើយធ្វើការសាកសួរ ៖ រឿងចម្លែកមិនដែលប្រទះបានបែកធ្លាយ ។
ពេលប៉ូលិសសួរលិខិតស្នាមសម្គាល់ខ្លួន បុរសរូបនោះបានបង្ហាញកាតកាលពី ៥០មុន ពេលដែលសូវៀត នៅពុំទាន់រលាយ ។ លោកថែមទាំងប្រាប់ថា វាជាកាតសម្គាល់ខ្លួនរបស់លោក ហើយលោកជាមនុស្សកើតតាំងពីពេលនោះ -៥០មុន ខណៈពេលរូបរាងរបស់គាត់មានវ័យប្រមាណ ២៥ឆ្នាំប៉ុណ្ណោះ ។
ចុងក្រោយប៉ូលិសគ្មានជម្រើសអ្វីក្រៅពីបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យវិកលចរិត ក្រោយមកប៉ូលិសក៏បានអញ្ជើញវេជ្ជបណ្ឌិត មកធ្វើការស្រាវជ្រាវ ។ បុរសរូបនេះនិយាយថា គាត់ឈ្មោះ Sergei Paramarenko កើតនៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ១៩៣២ ។ បណ្ឌិត Pablo Kutrikov សួរថា ហេតុអ្វីលោកបង្ហាញខ្លួននៅលើផ្លូវនាឆ្នាំ ២០០៦ បុរសនោះរំលឹកឡើងវិញថា ៖ “ថ្ងៃមួយខ្ញុំបានស្ពាយម៉ាស៊ីនថតដើរលេងលើដងវិថី ខ្ញុំបានសម្លឹងមើលទៅលើមេឃមានរូបភាពចម្លែកមួយ ខ្ញុំក៏ថតយករូបភាពនោះ ហើយខ្ញុំក៏លែងដឹងខ្លួន បន្ទាប់មកខ្ញុំកំពុងឈរនៅតាមផ្លូវនៃទីក្រុង Kiev តែម្តង” ។ បណ្ឌិត Kutrikov បានឃើញបុរសនោះកំពុងកាន់ម៉ាស៊ីនថតបុរាណមួយ ។ លោកក៏បានទាក់ទងទៅកាន់អ្នកឯកថតរូបជើងចាស់ Vadim Poisner ដើម្បីជួយបញ្ជាក់នៃម៉ាស៊ីនថតរូបនេះ ។ អ្នកថតរូបជើងចាស់នោះគ្រាន់តែឃើញក៏ប្រាប់ភ្លាមថា វាជាម៉ាស៊ីនថតម៉ាក Yashimaflex ដែលគេផលិតនៅជប៉ុន តាំងពីឆ្នាំ ១៩៧០មកម្លេះ ហើយក្រោយមកគេក៏លែងផលិតវាទៀត។
អ្នកថតរូបជើងចាស់នោះក៏បានយករូបពីក្នុងម៉ាស៊ីនថតមកផ្តិតចេញជារូបភាព ហើយក៏រកឃើញរូបភាព UFO មួយសន្លឹក ដែលជាវត្ថុចម្លែកត្រូវបានបុរសនោះថតចុងក្រោយបង្អស់ ។ បុរសរូបនោះនិយាយថា ក្រោយពេលថតរូបភាពនេះ ស្រាប់តែគាត់សម្លឹងឃើញអ្វីៗនៅជុំវិញខ្លួន បានប្រែប្រួលអស់ ហើយគាត់បានឈានជើងចូលឆ្នាំ ២០០៦ ក្នុងពេលដែលនៅជ្រុងម្ខាងនៃរូបថតនៅបន្សល់ទុករូបថតពេលវេលា ថត ឆ្នាំ ១៩៥៨ ។
ប្រការដែលពួកគេកាន់តែស្រឡាំងកាំងនោះ គឺសម្លៀកបំពាក់ដែលគាត់កំពុងស្លៀក គឺជាសម្លៀកបំពាក់ក្នុងរូបថតកាលពី ៥០មុន។ ពេលនោះអ្នកជំនាញការទាំងអស់ចាប់ផ្តើម ស្មុគស្មាញ ហើយក៏ចូលរួមប្រជុំគ្នានៅបន្ទប់មួយ ចំណែកបុរសនោះគេបានអញ្ជើញគាត់ឲ្យទៅក្នុងបន្ទប់មួយទៀតដើម្បីពិចារណាបន្ថែម ។
ស្មានពុំដល់ថា ភ្នាក់ងារសុខាភិបាលបានឃើញបុរសនោះបាត់ស្រមោលសូន្យឈឹង ទោះបីបន្ទប់នេះត្រូវបានការពារយ៉ាងតឹងតែងក៏ដោយ រីឯកាមេរ៉ាឃ្លាំមើលឃើញបុរសនោះបោះជំហានចូលបន្ទប់នេះប៉ុណ្ណោះ ។
ក្រោយមកប៉ូលិសក៏បានរកឃើញអតីតសង្សារចាស់របស់បុរសនោះ ដែលគាត់មានអាយុ ៧១ឆ្នាំហើយ ។ តាំងពីពេលនោះមកពុំដែលមាននរណាជួបប្រទះគាត់ទៀតទេ ។ សំណួរសួរថា ៖ “តើគាត់ទៅណា? ឆ្លងទៅកាន់ភពដទៃ? បច្ចុប្បន្នគាត់កំពុងនៅទីណា? ហើយនេះជាបញ្ហាដែលពុំមាននរណាអាចបកស្រាយបាន ៕ ចន្ទ្រា