ភ្នំពេញ៖ ពិធីចុះហត្ថលេខារវាងក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC) តំណាងដោយ លោកឆារស៍ វ៉ាន់ Charles Vann ជាអគ្គនាយករង និងសាជីវកម្មធានាឥណទានកម្ពុជា តំណាងដោយ លោក Wong Keet Loong ជាអគ្គនាយក ក្រោមអធិបតីភាពរបស់អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមហ៊ុន OCIC និងឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ CGCC ធ្វើឡើងនារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ សម្រាប់ការវិនិយោគលើសញ្ញាបណ្ណមានបុគ្គលធានា ជាទឹកប្រាក់៨,០០០លានរៀល (២លានដុល្លារអាមេរិក) របស់គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ។
លោក វ៉ុង គៀតឡុង (Wong Keet Loong) អគ្គនាយកសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានឱ្យដឹងថា ការវិនិយោគលើការទិញសញ្ញាបណ្ណ លើគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាការគាំទ្រ និងការចូលរួមចំណែកមួយ ក្នុងការកសាងកិត្តិយសរបស់ប្រទេសកម្ពុជា។
លោក មានប្រសាសន៍ថា៖ “ការវិនិយោគលើសញ្ញាបណ្ណនេះ គឺជាផ្នែកមួយនៃការធ្វើពិពិធកម្ម នៃការវិនិយោគរបស់ CGCC ទៅលើសញ្ញាបណ្ណផ្សេង ក្រៅពីការដាក់ប្រាក់បញ្ញើ។ ពួកយើងពិតជាមានក្តីសោមនស្សនៅក្នុងការវិនិយោគ និងគាំទ្រដល់ការអភិវឌ្ឍ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាការចូលរួមចំណែកមួយ ក្នុងការកសាងកិត្តិយសរបស់ប្រទេសកម្ពុជា”។
សូមជម្រាបដែរថា គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ បច្ចុប្បន្នសម្រេចបាន៣០% ដែលបានចំណាយទឹកប្រាក់ សរុប៣៩០លានដុល្លារអាមេរិក ដោយមិនរាប់បញ្ចូលថ្លៃដី ដែលវិនិយោគរួចដោយក្រុមហ៊ុន CAIC។អាកាសយានដ្ឋានអន្តរជាតិតេជោ បានចាប់ផ្តើមសាងសង់ កាលពីខែមករា ឆ្នាំ២០២០ ដោយចែកចេញជា៣ដំណាក់កាល ក្នុងនោះទីតាំងស្ថានីយទី១ នឹងសាងសង់រួចរាល់ នៅឆ្នាំ២០២៣ខាងមុខ ដោយនឹងអាចទទួលអ្នកដំណើរ បានប្រមាណ១៣លាននាក់ ក្នុងមួយឆ្នាំ ឯស្ថានីយតំណាក់កាលទី២ នឹងបញ្ចប់នៅឆ្នាំ២០៣០ អាចទទួលបានអ្នកដំណើរប្រមាណ៣០លាននាក់ ក្នុង១ឆ្នាំ និងដំណាក់កាលចុងក្រោយ នឹងបញ្ចប់នៅឆ្នាំ២០៥០ ដែលអាចនឹងទទួលបានអ្នកដំណើរ រហូតដល់៥០លាននាក់ ក្នុងមួយឆ្នាំ។ គម្រោងទាំងមូល នឹងត្រូវចំណាយទឹកប្រាក់សរុប១.៥០០លានដុល្លារ មិនបូកបញ្ចូលតម្លៃដី៕