ភ្នំពេញ៖ ក្រុមហ៊ុន PESTECH និងធនាគារ RHB Cambodia បានចុះកិច្ចព្រមព្រៀងលើអនុស្សារណៈនៃការយោគយល់គ្នាតាមរយៈប្រព័ន្ធវីដេអូអនឡាញ លើផែនការអភិវឌ្ឍថាមពលរបស់ប្រទេសកម្ពុជា និងការប្តេជ្ញាចិត្តក្នុងការសម្រេចឱ្យបាននូវបរិស្ថានស្អាតល្អ និងនិរន្តរភាពនាពេលអនាគតសម្រាប់ប្រទេសកម្ពុជា។
លោក Wong Kee Poh ប្រធានធនាគារ RHB Group Cambodia បានមានប្រសាសន៍ថា ការផ្តល់ហិរញ្ញប្បទានបៃតងនេះ បានក្លាយជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន RHB Banking Group ដើម្បីបង្កើនហិរញ្ញប្បទានរហូតដល់ ៥ពាន់លាន RM (១,២ពាន់លានដុល្លារអាមេរិក) នៅឆ្នាំ ២០២៥ ក្នុងគោលបំណងគាំទ្រសកម្មភាពបៃតង និងការផ្លាស់ប្តូរសេដ្ឋកិច្ច ដែលជួយដល់បរិយាកាស និងកាត់បន្ថយកាបូន តាមរយៈការផ្តល់ប្រាក់កម្ចី ការប្រឹក្សាទីផ្សារមូលធន និងការវិនិយោគ។
លោកលើកឡើងបន្តថា វាជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងសម្រាប់ការផ្តល់ហិរញ្ញប្បទានប្រកប ដោយនិរន្តរភាព។ ធនាគារ RHB Cambodia មានសេចក្តីសោមនស្សរីករាយជាខ្លាំងក្នុងការចូលរួមសហការលើកិច្ចព្រមព្រៀងហិរញ្ញប្បទានបៃតង ដើម្បីផ្តល់ហិរញ្ញប្បទានដល់ការអភិវឌ្ឍរោងចក្រថាមពលពន្លឺព្រះអាទិត្យរបស់ក្រុមហ៊ុន PESTECH Group នៅស្រុកស្វាយទាបប្រទេសកម្ពុជា។
លោកបន្តទៀតថា ធនាគារ RHB Cambodia បានផ្តោតជាខ្លាំងលើការលើកកម្ពស់សកម្មភាពបរិស្ថាន សង្គម និងអភិបាលកិច្ចក្នុងប្រទេសកម្ពុជា។ ការផ្តល់សិទ្ធិដល់អតិថិជនតាមរយៈមធ្យោ បាយហិរញ្ញប្បទានបៃតង ឆ្ពោះទៅរកការបង្កើតបរិស្ថានស្អាតល្អ និងនិរន្តរភាពនាពេលអនាគត។
ដោយឡែក លោក Paul Lim Pay Chuan នាយកគ្រប់គ្រង និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន PESTECH មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីកិច្ចសហការរបស់ពួកគេ និងបានសម្តែងការដឹងគុណចំពោះការគាំទ្រ។ លោកបានលើកឡើងបន្ថែមទៀតពីសមិទ្ធិផលសាជីវកម្មចុងក្រោយបង្អស់លើ “របកគំហើញចុងក្រោយបំផុតគឺសមត្ថភាពរួមគ្នាក្នុងការធានា និងជាម្ចាស់កសិដ្ឋានថាមពលពន្លឺព្រះអាទិត្យខ្នាតធំនៅក្នុងក្រុងបាវិតប្រទេសកម្ពុជា ដែលយើងបានដំឡើងកសិដ្ឋានថាមពលពន្លឺព្រះអាទិត្យ ២០មេហ្គាវ៉ាត់ ជាគម្រោងឆ្ពោះទៅរកការកសាងកសិដ្ឋានសូឡា ថាមពលកកើតឡើងវិញនៅក្នុងប្រទេសកម្ពុជា។
សូមជម្រាបថា កិច្ចសហការរបស់ក្រុមហ៊ុនទាំងពីរ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ពួកគេចំពោះបេសកកម្មនៃ «ការកសាងអនាគតនៅកម្ពុជាប្រកបដោយចីរភាព»៕