ហាងលក់ទូរស័ព្ទមួយនៅប្រទេសចិន បានខ្ទេចខ្ទីមួយប៉ប្រិចភ្នែក បន្ទាប់ការបើកបំបុករបស់រថយន្តមួយ បើកបរដោយបងសុនក ។
បងសុនក បញ្ជារថយន្តបើកបុកហាងលក់ទូរស័ព្ទឡើងខ្ទេច ហេតុការណ៍នេះ កើតឡើងនៅទីក្រុង Taizhou City, Jiangsu ប្រទេសចិន ខណៈរថយន្តអគ្គិសនីមួយគ្រឿងបើកសម្រុកបុកចំទ្វារហាងលក់ទូរស័ព្ទ ។ សំណាងល្អដោយពុំមានអ្នករងរបួស ឬស្លាប់ក្នុងហេតុការណ៍នេះឡើយ ។
ខ្សែវីដេអូបានចែករំលែកលើបណ្តាញសង្គមបង្ហាញឲ្យឃើញថា បុគ្គលិកពីរនាក់មានសភាពភ័យតក់ស្លុតព្រោះពុំដឹងថា មានរឿងអ្វីកើតឡើង ខណៈពេលកើតហេតុ គេឃើញបងឆ្កែមួយអើតក្បាលឡើងពិនិត្យមើលស្ថានភាពជុំវិញ ។
ក្រោយការស៊ើបអង្កេតទើបដឹងថា ម្ចាស់រថយន្ត និងឆ្កែមួយក្បាលនេះ គឺជាអ្នកបើកហាងលក់ផ្លែឈើនៅទល់មុខនោះ ។ ពេលចតរថយន្តដឹកទំនិញរបស់ខ្លួននៅមុខហាង លោកបានភ្លេចចាក់សោរកុងតាក់ ហើយនេះជាឱកាសសម្រាប់ឆ្កែចិញ្ចឹមរបស់ខ្លួន ដែលរពិស វាលោតចូលអង្គុយធ្វើត្រាប់តាមលោកនាំឲ្យមានមហន្តរាយកើតឡើង ៕ ចន្ទ្រា