ផាយ៉ាវ/ប្រទេសថៃ – វត្ត Tham Thepnimit ក្នុងស្រុក Dok Khatai ខេត្ត Phayao ត្រូវបានគេស្គាល់ថាជាគោលដៅទស្សនាសត្វក្ងោកព្រៃរបស់ប្រទេសថៃ ដែលក្នុងទីធ្លាមានសត្វក្ងោកជាងមួយរយក្បាលមកស្វែងរកអាហារនៅទីនេះ។
ព្រះអង្គ Sriprai Khema Bhirato ដែលជាព្រះចៅអធិការនៃវត្ត Tham Thepnimit បាននិយាយថា ក្ងោកជាសត្វស្លាបក្នុងស្រុក ដែលអាចឃើញមាននៅពាសពេញខេត្ត។ កាលពីមុន សត្វក្ងោកទាំងនេះធ្លាប់ដើរពាសពេញឃុំ ដើម្បីស្វែងរកចំណីហើយជួនកាលបង្កឲ្យមានការខូចខាតដល់កសិផលរបស់អ្នកស្រុក។ បន្ទាប់មក គាត់ក៏បានគិតថា ក្ងោក អាចនឹងគ្មានគ្រោះថ្នាក់ ប្រសិនបើមានគេផ្តល់ចំណីអោយពួកវា ហើយគាត់ក៏ចាប់ផ្តើមផ្តល់ចំណីឲ្យពួកវា។ ដូច្នេះ ហើយបានជាវត្ត ជាទីតាំងសម្រាប់សត្វក្ងោកមករកចំណី។
លោក Somban Panjuree ជាអ្នករស់នៅឃុំ Huai Lan បានបង្ហើបឱ្យដឹងថា ជម្លោះរវាងអ្នកស្រុក និងសត្វក្ងោកបានរសាត់បាត់ទៅហើយ បន្ទាប់ពីអាចារ្យចាប់ផ្ដើមមើលថែពួកវា។ ហើយសត្វក្ងោក ក៏បាននាំឱ្យទេសចរណ៍រីកចម្រើន ដូច្នេះអ្នកស្រុកក៏ចាប់ផ្តើមអភិរក្សពួកវា។
យោងតាមការស្រាវជ្រាវដែលធ្វើឡើងដោយសាកលវិទ្យាល័យ Phayao សត្វក្ងោកថៃ ឬ សត្វក្ងោកបៃតង ដែលស្ថិតនៅក្រោមច្បាប់អភិរក្សសត្វព្រៃរបស់ថៃ និងអន្តរជាតិ ត្រូវបានរកឃើញយ៉ាងសន្ធឹកសន្ធាប់នៅក្នុងខេត្ត Phayao ដែលមានយ៉ាងហោចណាស់ 4,000 ក្បាល រស់នៅក្នុងខេត្តនេះនាពេលបច្ចុប្បន្ន។
ទន្ទឹមនឹងនោះ ព្រះចៅអធិការវត្ត Sriprai Khema Bhirato នៃវត្ត Tham Thepnimit បានចង្អុលបង្ហាញថា លំហូរនៃអ្នកទេសចរបានសម្រាលបន្ទុកលើស្មារបស់គាត់ ដោយសារពេលខ្លះគាត់ត្រូវចំណាយប្រាក់ផ្ទាល់ខ្លួនរបស់គាត់ដើម្បីផ្គត់ផ្គង់ចំណីសត្វក្ងោក។ លោកក៏បានសង្កត់ធ្ងន់ថា ពួកគេខិតខំភ្ញាស់សត្វក្ងោក និងពងនៅក្នុងព្រៃ ដើម្បីអភិរក្ស មិនមែនរកប្រាក់ចំណូលទេ៕ ប្រភព៖ A24