ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ យន្តការថែទាំវិនិយោគកម្ពុជា-ជប៉ុន បានបើកកិច្ចប្រជុំលើកទី២៣ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្វាគមន៍ និងចុះបញ្ជីគម្រោងវិនិយោគរបស់ក្រុមហ៊ុនជប៉ុនចំនួន ១៤៧គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ២, ៩ ប៊ីលានដុល្លារអាមេរិក គិតមកត្រឹមដំណាច់ខែមករា ឆ្នាំ២០២២។
ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក ម៉ាសាហ៊ីរ៉ុ មីខាមី (Masahiro MIKAMI) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា បានដឹកនាំកិច្ចប្រជុំនេះ ដែលជាផ្នែកមួយនៃយន្តការថែទាំវិនិយោគ ត្រូវបានរៀបចំឡើង ចាប់តាំងពីឆ្នាំ២០០៩មក ក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀង រវាងកម្ពុជា និងជប៉ុន ស្តីពីសេរីភាវូបនីយកម្ម ការជំរុញ និងការការពារវិនិយោគ ដែលត្រូវបានចុះហត្ថលេខាដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងអតីតនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០៧កន្លងទៅ។
ក្រុមហ៊ុនជប៉ុនជាង ១០០ បានបោះទុនវិនិយោគនៅកម្ពុជា ក្នុងទឹកប្រាក់ប្រមាណ ៣០០០ ពាន់លានដុល្លារ ដែលចំនួននេះ មិនទាន់រាប់បញ្ចូលក្រុមហ៊ុនតូចៗ ដែលវិនិយោគដោយរូបវ័ន្តបុគ្គលនៅឡើយទេ។ ជាមួយគ្នានេះ លោកអគ្គរដ្ឋទូតជប៉ុន បានបង្ហាញនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការបន្តចូលរួមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាបន្ថែមទៀត ក្នុងការជំរុញ និងទាក់ទាញវិនិយោគផ្ទាល់ពីជប៉ុនមកកម្ពុជា ដើម្បីឆ្ពោះទៅរកវឌ្ឍនភាព និងវិបុលភាពសេដ្ឋកិច្ច នៃប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរឡើង។
ក្នុងឱកាសនោះ ឯកឧត្តមសុខ ចិន្តាសោភា បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះសកម្មភាពវិនិយោគរបស់ជប៉ុនទាំងអស់ ក្នុងវិស័យកម្មន្តសាលមិនមែនវាយនភណ្ឌ ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកដល់ការធ្វើពិពិធកម្ម មូលដ្ឋានសេដ្ឋកិច្ចកម្ពុជា និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។
ឯកឧត្តម គូសបញ្ជាក់ថា ច្បាប់ស្តីពី វិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា ដែលទើបត្រូវបានអនុម័ត និងប្រកាសឱ្យប្រើកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ដែលបាននិងកំពុងក្លាយជាមូលដ្ឋានគតិយុត្តិដ៏រឹងមាំមួយទៀតរបស់ប្រទេសកម្ពុជា សម្រាប់ការទាក់ទាញការវិនិយោគ និងជួយជំរុញដល់ការស្តារសេដ្ឋកិច្ចឡើងវិញនៅក្រោយវិបត្តិនៃជំងឺកូវី-១៩៕