ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២៣ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២២។
ក្រសួងធនធានទឹកបានបញ្ជាក់ថា ក្នុងអំឡុងមួយសប្តាហ៍នៃការជូនដំណឹងនេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលនូវឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ ពីជើង (ចិន) ក្នុងកម្រិតពីខ្សោយទៅមធ្យម ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១) បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖ សីតុណ្ហភាពអប្បបរមា មានពី ១៨-២៥ °C , សីតុណ្ហភាពអតិបរមា មានពី ២៦-៣២ °C , ថ្ងៃទី២៣-២៤ ខែកុម្ភៈ នៅវេលាព្រឹកបណ្តាខេត្តមួយចំនួនមានជាអាទិ៍ ៖ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន សៀមរាប សីតុណ្ណភាពអាចចុះត្រជាក់ក្នុងកម្រិតពី ១៨-២០°C ។ រីឯភ្លៀងអាចមានក្នុងកម្រិតតិចតួចតែប៉ុណ្ណោះ។
២) បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖ សីតុណ្ហភាពអប្បបរមា មានពី ១៧-២៣ °C , សីតុណ្ហភាពអតិបរមា មានពី ២៥-៣១ °C , ថ្ងៃទី២៣-២៤ ខែកុម្ភៈ នៅវេលាព្រឹក បណ្តាខេត្តមួយចំនួនមានជាអាទិ៍ ៖ ឧត្តរមានជ័យ ព្រះវិហារ រតនគិរី និងមណ្ឌលគិរី សីតុណ្ហភាពអាចចុះត្រជាក់ក្នុងកម្រិតពី១៧-១៩ °C ។ រីឯភ្លៀង អាចមានក្នុងកម្រិតតិចតួចតែប៉ុណ្ណោះ ។
៣) តំបន់មាត់សមុទ្រ ៖ សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C , សីតុណ្ហភាពអតិបរមា មានពី ២៦-៣២ °C , អាចមានភ្លៀងក្នុងកម្រិតខ្សោយដោយអន្លើ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី