ភ្នំពេញ៖ កម្មវិធី CSX Trade ត្រូវបានប្រកាសនៅក្នុងពិធីបើកដំណើរការសាកល្បង ក្រោមវត្តមាន ពីលោក ហុង សុហួរ អគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។ កម្មវិធី CSX Trade គឺជាវេទិកា សម្រាប់ជួញដូរ មូលបត្រ ដែលធ្វើទំនើបកម្មនៃប្រព័ន្ធជួញដូរចល័តបច្ចុប្បន្ន ហើយគ្រប់គ្នាស្គាល់ថា MTS (Mobile Trading System) មកជា កម្មវិធីទូរស័ព្ទ ដែលដំណើរការបានទាំងក្នុងប្រព័ន្ធ ប្រតិបត្តិការ iOS និង Android។
កម្មវិធីទូរស័ព្ទនេះ ត្រូវបានបង្កើតឡើងជាមួយនឹងការបន្ថែមមុខងារសុវត្ថិភាព ការរចនាពិសេស និងសមត្ថភាពប្រព័ន្ធខ្ពស់ជាងមុន ដើម្បីទទួលបានការបញ្ជាទិញកាន់តែច្រើនជាមួយនឹងល្បឿនកាន់តែលឿន។
យោងតាមសេចក្តីប្រកាសព័ត៌មាន តាមរយៈកម្មវិធីទូរស័ព្ទ អ្នកវិនិយោគអាចបញ្ជាទិញ-លក់ ពិនិត្យប្រតិបត្តិការមូលបត្រ ពិនិត្យមើលមូលបត្រ និងសមតុល្យសាច់ប្រាក់ និងទទួលបានព័ត៌មានទីផ្សារ ការបង្ហាញរបស់ក្រុមហ៊ុនដែលបានចុះបញ្ជី និងទិន្នន័យទីផ្សារផ្សេងទៀត។
បើតាមក្រុមហ៊ុនផ្សារមូលបត្រ CSX បានឱ្យដឹងថា ការអភិវឌ្ឍន៍កម្មវិធីទូរស័ព្ទ ជាជំហានមួយទៀតនៅក្នុងទីផ្សារមូលបត្រកម្ពុជា ដើម្បីគាំទ្រដល់ការរីកចម្រើននៃទីផ្សារមូលបត្រកម្ពុជា និងការកើនឡើងទាំងក្រុមហ៊ុនចុះបញ្ជីថ្មី និងអ្នកវិនិយោគ។
ការកើនឡើងយ៉ាងឆាប់រហ័សនៃការជួញដូរ បានជំរុញឲ្យ CSX បង្កើតកម្មវិធីទូរស័ព្ទ ដោយលើកឡើងថា នៅឆ្នាំ ២០២១ ការបញ្ជាទិញ-លក់ មានចំនួនជិត ៥០០,០០០ ការបញ្ជាទិញ កើនឡើង ៣២ ដង បើធៀបនឹងឆ្នាំ ២០១៧ ដោយចំនួន ៩៩ ភាគរយនៃការបញ្ជាទិញសរុប ត្រូវបានធ្វើឡើងតាមរយៈ MTS (Mobile Trading System) ។
បើតាម CSX កម្មវិធីទូរស័ព្ទ នឹងក្លាយជាកម្លាំងជំរុញមួយ ក្នុងការលើកកម្ពស់កំណើននៃការជួញដូរ និងសាច់ប្រាក់ងាយ ស្រួល ក្នុងទីផ្សារមូលបត្រកម្ពុជា។ កម្មវិធីទូរស័ព្ទនឹងអាចប្រើបានដោយឥតគិតថ្លៃក្នុងអំឡុងពេលនៃការបើកដំណើរការសាកល្បងចាប់ពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២២ រហូតដល់មានការជូនដំណឹងជាថ្មីបន្ថែមទៀត៕