ភ្នំពេញ៖ ក្នុងពេលថ្មីៗនេះ ធនាគារជាតិនៃកម្ពុជាNBC បានបង្ហាញពីចំណុចខ្លាំង ដែលជួយដល់ប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ មានភាពរឹងមាំ និងរក្សាបានភាពធន់ខ្ពស់។
ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា ចំណុចខ្លាងទាំងនោះរួមមាន៖ ទ្រព្យសកម្មក្នុងប្រព័ន្ធធនាគារ បានកើនដល់ទៅ១៨,៨% (ពីចុងឆ្នាំ២០២០ ដល់ចុងឆ្នាំ២០២១) ដែលជាអត្រាកំណើនខ្ពស់ជាងឆ្នាំមុនៗ។ ទំហំឥណទាននៅបន្តកើនឡើង ដោយសារកំណើនតម្រូវការវិនិយោគ និងចំណាយផ្សេងៗតាមវិស័យដែលទ្រទ្រង់សកម្មភាពសេដ្ឋកិច្ច ខណៈដែលឥណទានមិនដំណើរការនៅមានកម្រិតទាប និងអត្រាការប្រាក់ជាមធ្យមទាំងការប្រាក់បញ្ញើ និងអត្រាការប្រាក់ឥណទាន បានបន្តធ្លាក់ចុះ ដែលផ្តល់ផលវិជ្ជមាន ដល់អតិថិជនក្នុងការទទួលបានប្រភពទុនតម្លៃសមរម្យ។
ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានឱ្យដឹងនាពេលកន្លងទៅថា «ប្រព័ន្ធធនាគារបានបន្តឆ្លើយតប នឹងតម្រូវការហិរញ្ញប្បទាន របស់វិស័យឯកជន ដោយរក្សាបាននិរន្តរភាព នៃការផ្តល់ឥណទានទៅគ្រប់វិស័យនៃសេដ្ឋកិច្ច ព្រមទាំងបន្តអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ផ្តល់ការអនុគ្រោះរៀបចំឥណទានឡើងវិញសរុបចំនួន ៣៧០.៧៨៥ គណនី ស្មើនឹង ២២,៤ ទ្រីលានរៀល ឬ៥,៥ ប៊ីលានដុល្លារអាមេរិក បានសម្រាលបន្ទុកពលរដ្ឋ និងអាជីវកម្មបានមួយកម្រិត»។
គួរបញ្ជាក់ថា បើតាមធនាគារជាតិនៃកម្ពុជា គិតត្រឹមខែវិច្ឆិកាឆ្នាំ២០២០ ដល់ខែវិច្ឆិកា ឆ្នាំ២០២១ ការរៀបចំឥណទានឡើងវិញ មានចំនួន៣២៨ ៥៥២គណនី គិតជាទឹកប្រាក់ប្រមាណ៥.៥ប៊ីលានដុល្លារ ដោយបានរួមចំណែកជួយប្រជាពលរដ្ឋ និងអាជីវកម្ម បានមួយកម្រិតក្នុងអំឡុងពេលផ្ទុះនៃជំងឺកូវីដ១៩។ ចំណែកឯប្រាក់បញ្ញើក្នុងប្រព័ន្ធធនាគារនៅតែបន្តកើនឡើងដ៏ដែល៕