Friday, January 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិស័យពាណិជ្ជកម្ម និងការដោះដូរទំនិញ កម្ពុជា-ឆែក ធ្លាក់ចុះពីរឆ្នាំជាប់គ្នា ដោយសារវិបត្តិកូវីដ១៩

ភ្នំពេញ៖ ប្រទេសឆែកជាទីផ្សារដ៏សំខាន់មួយក្នុងសហភាពអឺរ៉ុប សម្រាប់ផលិតផលកម្ពុជា។ ដោយសារ​ផលប៉ះពាល់នៃជំងឺកូវីដ-១៩ នាំឱ្យទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា-ឆែក មានការថមថយមកត្រឹមរង្វង់ ៨០លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១។ ក្រោយផលប៉ះពាល់នេះ កម្ពុជា និងឆែក បន្តលើកស្ទួយកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងដោះដូរទំនិញគ្នាទៅវិញទៅមក ដែលត្រូវបានរំពឹងថា នឹងមានភាពប្រសើរឡើងវិញ ក្នុងពេលដ៏ឆាប់ខាងមុខ។​

នេះជាការលើកឡើង របស់ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក ម៉ាទីន វ៉ាវរា (Martin VÁVRA) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឆែកប្រចាំកម្ពុជា ដែលទើបតែងតាំងថ្មី។

ឯកឧត្តមរដ្ឋមន្រ្ដីបានបន្តថា ភាគីទាំងពីរនឹងបន្តសម្រេចបានសមិទ្ធិផលសំខាន់ៗ ក្នុងបេសកកម្មការទូតរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូតថ្មី តាមរយៈកិច្ចសហប្រតិបត្តិយ៉ាងជិតស្និទ្ធ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្ដី ក៏បានថ្លែងកោតសរសើរពីចំណងមិត្តភាព និងទំនាក់ទំនងដ៏ល្អប្រពៃណីរវាងប្រទេសទាំងពីរ ប្រជាជននៃភាគីទាំងពីរ ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរួមគ្នា នាពេលកន្លងមក ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលនានា ជាពិសេសវិស័យពាណិជ្ជកម្ម ដោយផ្តោតលើទំនិញអង្ករ ការកែច្នៃម្ហូបអាហារ និងការកែច្នៃ និងវេចខ្ចប់ផ្លែឈើកម្ពុជា។

ជាកិច្ចឆ្លើយតប លោកឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះ ឯកឧត្តមរដ្ឋមន្រ្ដី ក្នុងការបង្ហាញជំហរគាំទ្រលើបេសកកម្មរបស់ស្ថានទូតឆែកនៅកម្ពុជា ព្រមទាំងបានបង្ហាញពីសេចក្តីសោមនស្សរីករាយចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការ ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច តាមរយៈការធ្វើកំណែទម្រង់ច្បាប់ បទបញ្ញត្តិ និងស្ថាប័ន ដែលនឹងជួយជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកាន់តែល្អប្រសើរបន្ថែមទៀត៕

×