Friday, January 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

NBC ដាក់ចេញគោលការណ៍រូបិយវត្ថុ៥ចំនុច ដើម្បីស្ថិរភាពថ្លៃ និងប្រសិទ្ធភាពនយោបាយរូបិយវត្ថុ

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា NBC ថ្មីៗនេះ បានរៀបចំកិច្ចប្រជុំ គណៈកម្មាធិការ​នយោបាយ​រូបិយវត្ថុលើក​ទី​៥៨ ក្រោមការចូលរួមពីឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការ នយោបាយរូបិយវត្ថុ ដើម្បីពិភាក្សាលើបច្ចុប្បន្នភាព នៃស្ថានភាពសេដ្ឋកិច្ចពិភពលោក វឌ្ឍនភាព និងបញ្ហា​ប្រឈមនៃ​ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ព្រមទាំងនយោបាយរូបិយវត្ថុសម្រាប់ អនុវត្តនា​គ្រា​ខាងមុខ។

អង្គប្រជុំបានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃការអនុវត្តនយោបាយរូបិយវត្ថុ និងបានផ្តល់ការណែនាំ សម្រាប់ការអនុវត្តនយោបាយរូបិយវត្ថុ សម្រាប់គ្រាបន្ទាប់។ ធនាគារជាតិនៃកម្ពុជា បន្តអនុវត្តនយោបាយវិត្ថារកម្ម និងគាំទ្រដល់សកម្មភាពសេដ្ឋកិច្ច ខណៈដែលបន្តរក្សាបានស្ថិរភាពរឹងមាំ ក្នុងវិស័យធនាគារ។

ទុនបម្រុងអន្តរជាតិបន្តមានកម្រិតខ្ពស់គ្រប់គ្រាន់ ស្មើនឹង៨ខែនៃការនាំចូលទំនិញ និងសេវាសម្រាប់គ្រាបន្ទាប់ បម្រើដល់ការអនុវត្តនយោបាយរូបិយវត្ថុ ក៏ដូចជានយោបាយអត្រាប្តូរប្រាក់។

ដើម្បីរួមចំណែករក្សាស្ថិរភាពថ្លៃ និងលើកកម្ពស់ប្រសិទ្ធភាពនយោបាយរូបិយវត្ថុសម្រាប់គ្រាបន្ទាប់ គណៈកម្មាធិការនយោបាយរូបិយវត្ថុបានសម្រេច លើជំហរនយោបាយរូបិយវត្ថុដូចខាងក្រោម៖

១៖ បន្តរក្សាស្ថិរភាពអត្រាប្តូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិក ដោយប្រើប្រាស់ឧបករណ៍ផ្សេងៗរួមទាំង ការធ្វើអន្តរាគមន៍ និងការបញ្ចេញសន្ទនីយភាពជាប្រាក់រៀល។

២៖ រក្សាអត្រាការប្រាក់ដេញថ្លៃ នៃប្រតិបត្តិការផ្តល់សន្ទនីយភាព ដោយមានការធានា (LPCO) និងការផ្តល់សន្ទនីយភាពរយៈពេលខ្លី (MLF) ក្នុងកម្រិតសមស្រប។

៣៖ ផ្តល់សន្ទនីយភាពតាមយន្តការ LPCO ក្នុងបរិមាណដែលជួយ ដល់តម្រូវការប្រាក់រៀលរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។

៤៖ បន្តរក្សាអត្រាប្រាក់បម្រុងកាតព្វកិច្ច ក្នុងអត្រា៧% ទាំងប្រាក់រៀល និងដុល្លារអាមេរិក។

៥៖ បន្តលើកកម្ពស់ការយល់ដឹង និងការប្រើប្រាស់ប្រាក់រៀល។

ការលេចឡើងមេរោគបំប្លែងថ្មីអូមីក្រុង ក្នុងសហគមន៍អាចនឹងមានផលប៉ះពាល់ ដល់សន្ទុះកំណើន ក៏ប៉ុន្តែឥទ្ធិពលនេះរំពឹងថមថយ ដោយសារការគ្រប់គ្រងលើការរាលដាល និងវិធានការគាំទ្រនានារបស់រាជរដ្ឋាភិបាល។

សូមជម្រាបថា ការបើកប្រទេសឡើងវិញ បានផ្តល់ផលវិជ្ជមាន លើសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ដែលរួមមាន ការដឹកជញ្ជូន ពាណិជ្ជកម្ម និងទេសចរណ៍ក្នុងស្រុកជាដើម ស្របពេលដែលសេដ្ឋកិច្ចពិភពលោក បន្តទទួល​បានកំណើន។ អត្រាអតិផរណាបន្តស្ថិតក្នុងកម្រិតទាបអាចគ្រប់គ្រងបាន ក្នុងអត្រា៣% ជាមួយនឹងស្ថិរភាព​អត្រាប្តូរប្រាក់ ៤ ១០៨រៀល ក្នុងមួយដុល្លារអាមេរិក៕

×