ភ្នំពេញ៖ ចាប់ពីថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២២ខាងមុខនេះតទៅ ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបមួយនេះ នឹងបើកជើងហោះហើរថ្មី ហោះត្រង់ពីរាជធានីភ្នំពេញរបស់ប្រទេសកម្ពុជា ទៅរាជធានីបាងកករបស់ថៃ ដោយរំពឹងថា ការបើកជើងហោះហើរត្រង់នេះ នឹងជាចំណែកមួយ ដែលអាចជួយឲ្យសេដ្ឋកិច្ច នៅក្នុងប្រទេសទាំងពីរ (កម្ពុជា-ថៃ) មានភាពល្អប្រសើរឡើងវិញ ក្រោយពីជំងឺកូវីដ១៩ បានរាតត្បាតអស់រយៈពេលជាង២ឆ្នាំកន្លងទៅនេះ។
លោក វោរ៉ាណាត់ ឡាប្រាបាង (Woranate Laprabang) នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ ថៃវៀតចេត នៅថ្ងៃទី៤ ខែមីនានេះថា ជើងហោះហើរដែលនឹងចាប់ផ្តើមពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ខាងមុខនេះ នឹងក្លាយជាចំណែកមួយ អាចជួយឲ្យសេដ្ឋកិច្ចនៅក្នុងប្រទេសទាំងពីរ មានភាពប្រសើរឡើងវិញ និង ធ្វើឲ្យតម្រូវការ នៃការធ្វើដំណើរតាមផ្លូវអាកាស មានការកើនឡើង ព្រមទាំងជំរុញឲ្យមានមានទំនាក់ទំនង ផ្នែកទេសចរណ៍និងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរផងដែរ។
លោកបានបន្តថា មូលហេតុដែលក្រុមហ៊ុនរបស់លោក សម្រេចចិត្តក្នុងការប្រកាសបើកជើងហោះហើរថ្មីនាពេលនេះ ដោយសារលោកមើលឃើញថា ជំងឺកូវីដ១៩ នៅក្នុងប្រទេសទាំងពីរ ស្ថិតនៅក្រោមការគ្រប់គ្រងបាន ហើយចំនួនមានការថយចុះ ជាពិសេសទៀតនោះ បច្ចុប្បន្ន មានថ្នាំព្យាបាលជំងឺកូវីដ១៩ យ៉ាងសម្បូរបែប ដែលលោកគិតថា នេះជាពេលវេលាល្អ ដែលមនុស្សចាប់ផ្តើម ក្នុងការប្រើប្រាស់ជីវិតរស់នៅ តាមបែបគន្លងថ្មីឡើងវិញ។ ខណៈក្រុមហ៊ុនរបស់លោក មិនត្រឹមតែផ្តល់ជូននូវសុវត្ថិភាព និងផាសុខភាពប៉ុណ្ណោះទេ ថែមទៀតគិតគូរពីបញ្ហាអនាម័យផងដែរ ដោយរាល់ក្រោយពេលចុះចត តែងតែមានការសម្អាតសម្លាប់មេរោគជានិច្ច។
បើតាមលោកនាយកប្រតិបត្តិក្រុមហ៊ុន ជើងហោះហើរថ្មីរវាង ភ្នំពេញ-បាងកកនេះ នឹងដំណើរការ៣ដង ក្នុង១សប្តាហ៍ នៅរៀងរាល់ថ្ងៃច័ន្ទ ថ្ងៃពុធ និង ថ្ងៃសុក្រ ជាមួយនឹងរយៈពេលហោះហើរ ១ម៉ោង១០នាទី។ ជាមួយគ្នានោះ ក្រុមហ៊ុនក៏បាននឹងកំពុងពិចារណា ក្នុងការបើកជើងហោះហើរត្រង់ពីទីក្រុងសៀមរាប ទៅកាន់ទីក្រុងបាងកង និងពីទីក្រុងព្រះសីហនុ ទៅកាន់ទីក្រុងបាងកកផងដែរ ដោយសារមើលឃើញពីសក្តានុពលទេសចរណ៍នៃ ទីក្រុងរបស់ប្រទេសកម្ពុជាទាំងពីរនេះ៕