ភ្នំពេញ ៖ គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ គិតមកដល់ពេលនេះ បានចំណាយទឹកប្រាក់សរុបចំនួន ៤១៤ លានដុល្លារអាមេរិក ដោយសម្រេចបាន៣២%ហើយ ដែលការចំណាយនេះ មិនរាប់បញ្ចូលថ្លៃដី ដែលវិនិយោគរួចដោយ Cambodia Airport Investment Co., Ltd (CAIC)។ នេះបើតាមក្រុមហ៊ុន CAIC ក្នុងឱកាសដែលធនាគារហត្ថា ម.ក បានចុះហត្ថលេខាវិនិយោគគាំទ្រគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ។
ក្រុមហ៊ុន CAIC នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ធនាគារហត្ថា ម.ក បានវិនិយោគទឹកប្រាក់១៥លានដុល្លាអាមេរិក លើមូលបត្របំណុលរបស់ក្រុមហ៊ុន CAIC ដើម្បីចូលរួមគាំទ្រគម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងរវាងក្រុមហ៊ុន CAIC តំណាងដោយ លោកឆារស៍ វ៉ាន់ ជាអគ្គនាយករង និងធនាគារ ហត្ថា ម.ក តំណាងដោយ លោកឧកញ៉ា ហួត អៀងតុង ជាប្រធានអគ្គនាយក ក្រោមអធិបតីភាពអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន OCIC។
ទឹកប្រាក់វិនិយោគ ដែលទទួលបានពីសញ្ញាបណ្ណនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាល។
CAIC ជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន OCIC។ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់សិទ្ធិឱ្យ ក្រុមហ៊ុន CAIC កាន់កាប់ រចនាប្លង់ សាងសង់ ធ្វើហិរញ្ញប្បទាន និងគ្រប់គ្រងប្រតិបត្តិការគម្រោង អាកាសយានដ្ឋានអន្តរជាតិតេជោ។
គួរបញ្ជាក់ថា គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោទាំងមូល នឹងត្រូវចំណាយទឹកប្រាក់សរុប ១.៥០០លានដុល្លារ ដោយមិនបូកបញ្ចូលតម្លៃដីឡើយ។ គម្រោងនេះ បានចាប់ផ្តើមសាងសង់ កាលពីខែមករា ឆ្នាំ២០២០ ដោយចែកចេញជា៣ដំណាក់កាល ក្នុងនោះ ទីតាំងស្ថានីយទី១ នឹងសាងសង់រួចរាល់ នៅឆ្នាំ២០២៣ខាងមុខ ដោយនឹងអាចទទួលអ្នកដំណើរ បានប្រមាណ១៣លាននាក់ ក្នុងមួយឆ្នាំ ឯស្ថានីយតំណាក់កាលទី២ នឹងបញ្ចប់នៅឆ្នាំ២០៣០ អាចទទួលបានអ្នកដំណើរប្រមាណ៣០លាននាក់ ក្នុង១ឆ្នាំ និងដំណាក់កាលចុងក្រោយ នឹងបញ្ចប់នៅឆ្នាំ២០៥០ ដែលអាចនឹងទទួលបានអ្នកដំណើរ រហូតដល់៥០លាននាក់ ក្នុងមួយឆ្នាំ៕