សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជា បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រមប្រតិបត្តិនៃវិស័យធនាគារ និងហិរញ្ញវត្ថុ កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២។ ក្រមនេះមានគោលបំណងចូលរួមលើកកម្ពស់សិទ្ធិ និងការបង្កើនកិច្ចការពារអតិថិជន ព្រមទាំងបង្កើនតម្លាភាពក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ដើម្បីជួយរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន ព្រមទាំងចូលរួមទប់ស្កាត់បំណុលលើសលុប។
បណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា មានប្រសាសន៍ថា ក្រមនេះគឺឆ្លើយតបទៅនឹងយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០១៦-២០២៥ និងយុទ្ធសាស្រ្តជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥។ ក្រមនេះក៏មានគោលបំណងចូលរួមលើកកម្ពស់សិទ្ធិ និងការបង្កើនកិច្ចការពារអតិថិជនព្រមទាំងបង្កើនតម្លាភាពក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនិង បរិយាបន្នផងដែរ។
បន្ថែមលើនេះ ក្រមនេះនឹងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ជាពិសេសធនាគារជាតិ នៃ កម្ពុជា ក្នុងការសម្រេចឱ្យបាននូវប្រព័ន្ធហិរញ្ញវត្ថុមួយមានស្ថិរភាព ប្រសិទ្ធភាព និងពិពិធកម្មទីផ្សារ (Market Diversification) ហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការសេវាហិរញ្ញវត្ថុក្នុងប្រទេស គាំទ្រដល់និរន្តរភាពនៃកំណើនសេដ្ឋកិច្ច បង្កើនប្រាក់ចំណូលដល់ប្រជាជន និង កាត់បន្ថយភាពក្រីក្រ ។
លោកបណ្ឌិតប្រធានសមាគមធនាគារនៅកម្ពុជា បានឱ្យដឹងថា៖«នៅក្នុងឆ្នាំ២០២១ អតិថិជនម្នាក់ដែលខ្ចី១ស្ថាប័ន មាន៧៧.៦% អតិថជនម្នាក់ដែលខ្ចី២ស្ថាប័នមាន១៨% អតិថជិនម្នាក់ខ្ចី៣ស្ថាប័នមាន៣.៧% និង អតិថិជនម្នាក់ខ្ចីរហូតដល់៤ស្ថាប័នមាន០.៤%។»
លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានថ្លែងថា ក្រមប្រតិបត្តិនៃវិស័យធនាគារ និងហិរញ្ញវត្ថុ បានផ្តោតយ៉ាងសំខាន់ ទៅលើហិរញ្ញប្បទានដោយទំនួលខុសត្រូវ និងការអនុវត្តវិធានផ្តល់ឥណទាន ដើម្បីកាត់បន្ថយតនូវហានិភ័យ នៃបំណុលច្រើនលើសលុប តាមរយៈការពង្រឹងគុណភាពទិន្នន័យឥណទាន ការលើកកម្ពស់ការប្រកួតប្រជែងប្រកបដោយសមធម៌ និងវិជ្ជាជីវៈ ដោយដាក់កម្រិតការបញ្ចេញឥណទានរបស់គ្រឹះស្ថានក្នុងស្តង់ដារមួយ ដើម្បីធ្វើការកំណត់កម្រិតបំណុលត្រួតស៊ីគ្នា និងកំណត់កម្រិតនៃការធ្វើបុនហិរញ្ញប្បទាន។
លោកថ្លែងបន្តថា៖«ដើម្បីធានាថាគ្រឹះស្ថានហិរវញ្ញវត្ថុទាំងអស់អនុលោមទៅតាមវិធានផ្តល់ឥណទាននោះ សមាគមទាំងពីរក៏បានបង្កើតយន្តការតាមដាន ត្រួតពិនិត្យវាយតម្លៃនៃការអនុវត្តវិធាន តាមរយៈការបង្កើត dashboard ដើម្បីធ្វើការគ្រប់គ្រងត្រួតពិនិត្យវាយតម្លៃ។»
លោក សុខ វឿន បន្តថា ជាមួយគ្នានេះនៅក្នុងក្រមនេះ បានចែងយ៉ាងច្បាស់ឱ្យមានការប្រមូលបំណុល ប្រកបដោយក្រមសីលធម៌ខ្ពស់ មិនមានការបង្ខិតបង្ខំ គម្រាមកំហែងដល់អតិថិជនឡើយ ប្រសិនបើអតិថជនមានបំណុលឬកម្ចីមិនអាចសងរួច បុគ្គលិកធនាគារត្រូវធ្វើការសិក្សាស្វែងយល់សិក្សា ឱ្យបានស៊ីជម្រៅពីបញ្ហាដែលអតិថិជនបានជួបប្រទះ។ ប្រសិនមន្រ្តីឥណទានធ្វើខុសក្រមនេះ នឹងធ្វើតាមវិធានការរដ្ឋបាលទៅតាមកំហុស ប្រសិនខុសធ្ងន់ធ្ងរអាចឈានទៅដល់ការបញ្ឈប់ជាបន្ទាន់ផងដែរ។
ជារួមក្រមប្រតិបត្តិនៃវិស័យធនាគារនិងហិរញ្ញវត្ថុ បង្កើតឡើងដោយមានគោលបំណងធំៗចំនួន ៥ គឺ ១. ដើម្បីកំណត់បទដ្ឋានប្រតិបត្តិការអាជីវកម្មសម្រាប់ឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុអនុវត្ត តាមព្រមទាំងលើកកម្ពស់ប្រសិទ្ធភាព ទំនុកចិត្ត គណនេយ្យភាព និងទំនួលខុសត្រូវក្នុង ការផ្តល់សេវាហិរញ្ញវត្ថុ ២. ដើម្បីបង្កើនតម្លាភាពសម្រាប់អ្នកប្រើប្រាស់ក្នុងការយល់ដឹងឱ្យកាន់តែប្រសើរនូវអ្វីដែលពួកគេរំពឹងទុកពីសេវាដែលនឹងត្រូវបានផ្ដល់ជូន ៣. ដើម្បីកសាងទំនាក់ទំនងល្អប្រកបដោយភាពស្មោះត្រង់ និងមានវិជ្ជាជីវៈរវាងអ្នកបើប្រាស់ និងគ្រឹះស្ថានហិរញ្ញវត្ថុ ដោយផ្អែកលើគោលការណ៍សមធម៌ និងសមភាព ៤. ដើម្បីបង្កើនទំនុកចិត្តលើប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ និង ៥). ដើម្បីលើកទឹកចិត្តឱ្យមានវប្បធម៌ល្អក្នុងការធ្វើអាជីវកម្ម និងការប្រកួតប្រជែងប្រកបដោយ ភាពស្មោះត្រង់ ៕