កំពត៖ ក្រោយសម្រាកពីការងារ នាពេលល្ងាច ភ្ញៀវទេសចរ និងប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពត តែងតែចូលចិត្តនាំគ្នា មានទាំងគ្រួសារ ឬមិត្តភក្កិ មកអង្គុយលម្លែកាយ និងញាំអាហារបន្តិចបន្តួចនៅតាមសួនច្បារនាមាត់ព្រែកកំពង់បាយជារៀងរាល់ថ្ងៃ ដោយពួកគេចូលចិត្តមកលេងនៅពេលថ្ងៃរាបលិច រហូតដល់ពេលយប់ទើបត្រឡប់ទៅគេហដ្ឋានវិញ ជាពិសេសនៅបរិវេណសួនខាងមុខសាលាខេត្តកំពត ព្រោះថាពួកគេអង្គុយនៅទីនោះ ធ្វើឱ្យមានអារម្មណ៍ស្រស់ស្រាយ សប្បាយចិត្ត ភ្លេចអស់ទុកកង្វល់ និងភាពតានតឹងនានា។
ពួកគេបាននិយាយថា សួនច្បារតាមបណ្តោយមាត់ព្រែកកំពង់បាយ ក្រុងកំពត បានក្លាយជាកន្លែងដែលពួកគេចូលចិត្តមកអង្គុយលម្ហែកាយ ស្រូបយកខ្យល់អាកាសនៃទឹកសមុទ្រ ដើរហាត់ប្រាណ ជិះកង់ និង និងញាំអាហារជុំគ្នា ខណៈដែលមានទូកទេសចរណ៍ និងអាហាររដ្ឋាននានានៅក្បែរៗនោះ មានភ្ញៀវចូលចិត្តជិះ កម្សាន្តលេងច្រើននាពេលយប់។
ប្រជាពលរដ្ឋក្នុងខេត្តកំពត បានប្រាប់ឱ្យដឹងថា ក្រុងកំពតមានការអភិវឌ្ឍន៍ច្រើន ហើយការរៀបចំសណ្តាប់ធ្នាប់ សុវត្ថិភាព និងការតុបតែងលម្អភ្លើងពណ៌បានល្អប្រសើរ ពិសេសនៅតាមផ្លូវមានពាក់អំពូលភ្លើងបំភ្លឺផ្លូវព្រោងព្រាត។ ហើយបច្ចុប្បន្ននេះ ភ្ញៀវទេសចរភាគច្រើនទៅញាំអាហារ និងជួបជុំគ្នានៅលើទូកទេសចរណ៍តាមបណ្តោយមាត់ព្រែកកំពង់បាយ និងអាហារដ្ឋាននានា ក្នុងពេលរាត្រី។
សូមបញ្ជាក់ថា សួនច្បារមាត់ព្រែកកំពង់បាយ លាតសន្ធឹងតាមប្របមាត់ព្រែកពីស្ពានថ្មី រហូតដល់រូបសំណាក់ព្រះបាទអង្គដួង ជាពិសេសសួនច្បារនេះស្ថិតនៅចំទីក្រុងកំពត។ រដ្ឋបាលខេត្តកំពត បាននឹងកំពុងរៀបចំតុបតែងលម្អ សោភ័ណ្ឌភាពក្រុង ដើម្បីទទួលភ្ញៀវទេសចរនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះផងដែរ ដោយក្នុងនោះមានការថែទាំសួនច្បារ និងការដាក់បន្ថែមអំពូលភ្លើងបំភ្លឺផ្លូវ និងផ្ទាំងអំពូលភ្លើងកាត់ទទឹងផ្លូវ ពិសេសផ្លូវតាមសួនច្បារមាត់ព្រែកកំពង់បាយនេះតែម្តង៕