Saturday, January 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារអភិវឌ្ឍន៍អាស៊ី​ ព្យាករថាសេដ្ឋកិច្ច កម្ពុជា​នឹងហក់ឡើងក្នុងឆ្នាំ ២០២២​ និង ២០២៣ 

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចេញផ្សាយរបាយការណ៍នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២នេះ សេដ្ឋ​កិច្ចប្រទេសកម្ពុជា ត្រូវ​បាន​ព្យាករថា នឹងកើនឡើង ៥,៣% នៅឆ្នាំ ២០២២ និង ៦,៥% នៅឆ្នាំ ២០២៣​ដោយសារ​កំណើន​​​នៃ​ការ​នាំ​ចេញ ទំនិញ និង លំហូរវិនិយោគផ្ទាល់ពីបរទេស។

នាយកស្តីទីប្រចាំប្រទេសកម្ពុជារបស់ ADB លោក​ Anthony Gill បានមានប្រសាសន៍ថា​ “កំណើន សេដ្ឋកិច្ច​របស់​ប្រទេសកម្ពុជាបានងើបឡើងវិញដល់ប្រមាណ ៣,0% ក្នុងឆ្នាំ ២០២១ បន្ទាប់ពីបានធ្លាក់ចុះ ៣,១% ក្នុងឆ្នាំ ២០២០។ រាជរដ្ឋាភិបាលបានអនុវត្តគោលនយោបាយនានា​ ដើម្បីកាត់បន្ថយផលប៉ះពាល់​អវិជ្ជមាននៃកូវីដ១៩ មកលើអាជីវកម្ម និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ និងគាំទ្រដល់ការស្តារសេដ្ឋកិច្ច ឡើងវិញ។

ការចាក់វ៉ាក់សាំងបានយ៉ាងទូលំទូលាយប្រឆាំងនឹងកូវីដ១៩បានអនុញ្ញាតឱ្យកម្ពុជាបើក​ព្រំដែន​របស់ខ្លួនឡើង​វិញ​សម្រាប់ពាណិជ្ជកម្ម និង ​ទេសចរណ៍​ ដែលនាំទៅរកការរំពឹងទុកវិជ្ជមាន នៃកំណើន​សេដ្ឋកិច្ច​​សម្រាប់​ឆ្នាំនេះ និងឆ្នាំ ២០២៣”។

Cambodian police officer get a health check before receiving the COVID-19 Sinopharm vaccine at the National Pediatric Hospital in Phnom Penh, during the campaign at Phnom Penh’s National Pediatric Hospital on February 26, 2021, Cambodia.

យោងតាមរបាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ឆ្នាំ២០២២ ផលិតកម្មឧស្សាហកម្ម​ត្រូវ​បាន​រំពឹងថា​នឹងកើនឡើង ៨,១% នៅឆ្នាំ ២០២២ និង ៩,១% ក្នុងឆ្នាំ ២០២៣។ កំណើននេះក៏នឹង ត្រូវបានជំរុញ​ដោយការ​អនុវត្ត​ យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូប ដែលមាន​គោលបំណងបង្កើន​ការ​ប្រកួត​ប្រជែងនៅក្នុងផ្នែកនេះ។

ការនាំចេញទំនិញ និងសេវាកម្មត្រូវបានព្យាករថានឹងកើនឡើងនៅឆ្នាំ ២០២២ និង ២០២៣ ដោយ​សារកំណើន​តម្រូវការក្រៅស្រុក លើផលិតផលកម្ពុជា ព្រមជាមួយនឹងការងើបឡើងវិញជាបណ្តើរៗ នៃវិស័យទេសចរណ៍។ វិស័យសេវាកម្មត្រូវបានព្យាករថានឹងងើបឡើងវិញនៅកម្រិត ៤,៨% នៅឆ្នាំនេះ និង​ កើនដល់ ៦,៨% ក្នុងឆ្នាំ ២០២៣។ ការបើកសេដ្ឋកិច្ចឡើងវិញ និងការចាក់ថ្នាំបង្ការទូលំទូលាយប្រឆាំង នឹងកូវីដ១៩ នឹងធ្វើឱ្យមាន​ការ​ងើប​ឡើងវិញបន្តិចម្តងៗ​ នៃវិស័យទេសចរណ៍ ដែលនឹងជួយគាំទ្រ តម្រូវការ​នៃកន្លែង ស្នាក់នៅ ម្ហូបអាហារ ការដឹកជញ្ជូន និងសេវាកម្មផ្ទាល់ផ្សេងទៀត។

របាយការណ៍នេះអំពាវនាវឱ្យ កម្ពុជាធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួន ដើម្បីជំរុញកំណើនប្រកប​ដោយ​​​ចីរភាព។ លោក Anthony Gill បានមានប្រសាសន៍ថា “ការបង្កើនពាណិជ្ជកម្ម និង ទេសចរណ៍ តែមួយមុខនឹង​មិនគ្រប់​គ្រាន់ ដើម្បីជួយកម្ពុជាឱ្យមាននិរន្តរភាពកំណើនសេដ្ឋកិច្ចខ្ពស់នោះទេ។ ប្រទេស កម្ពុជាដែលធ្លាប់តែ​ផ្តោតលើ​ការផលិត និង ការនាំចេញសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និង ស្បែកជើង អាចទទួលបានអត្ថប្រយោជន៍​ពីការធ្វើពិពិធកម្ម នៃឧស្សាហកម្មធុនស្រាល ដូចជាកង់ គ្រឿងបន្លាស់ អេឡិចត្រូនិច និង ផលិតផលខ្សែភ្លើង​ជាដើម។ ការធ្វើពិពិធកម្មនេះនឹងធ្វើឱ្យសេដ្ឋកិច្ចមានភាពធន់នឹង វិបត្តិនានានៃតម្រូវការក្រៅស្រុក”។

បច្ចុប្បន្ន ADB កំពុង​អនុវត្ត​គម្រោង​វិនិយោគ​ចំនួន ២,៣ ពាន់​លាន​ដុល្លារ​នៅ​កម្ពុជា។ សម្រាប់ឆ្នាំ ២០២១ ADB បានអនុម័តផ្តល់ប្រាក់កម្ចី និង ជំនួយឥតសំណងចំនួន ៣២៧,១ លានដុល្លារ ហើយបាន កៀគរថវិកាបន្ថែម​ចំនួន​ ៥ លានដុល្លារ តាមរយៈ សហហិរញ្ញប្បទានសម្រាប់ប្រទេសកម្ពុជា។ ថវិការបស់ ADB ដែលត្រៀម​សម្រាប់​កម្ពុជាក្នុងឆ្នាំ ២០២២-២០២៥ រួមមានកម្ចីសម្បទានចំនួន ១,៤៤ ពាន់លាន ដុល្លារ និង ជំនួយឥតសំណងចំនួន ៣៧ លានដុល្លារ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និង ការងើប ឡើងវិញពីជំងឺរាតត្បាត​កូវីដ១៩។

ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថា នឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់​និងនិរន្តរភាព ក្នុងតំបន់​អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើត ឡើងនៅឆ្នាំ ១៩៦៦ ធនាគារនេះត្រូវបានគ្រប់គ្រងដោយសមាជិកចំនួន ៦៨ ប្រទេស ដែលក្នុងនោះមាន ៤៩ ប្រទេស មកពីតំបន់ខាងលើនេះ៕

×