សៀមរាប៖ បច្ចុប្បន្នចូលដល់ខែមេសានេះ មានក្រុមហ៊ុនអាកាសចរណ៍ចំនួន០២ បាននិងកំពុងបន្តប្រតិបត្តិការហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប គឺ Cambodia Angkor Air និង Singapore Airline។
កាលពីថ្មីៗនេះ សិក្ខាសាលាស្តីពី “បដិសណ្ឋារកិច្ចល្អ ទេសចរណ៍ មានសុវត្ថិភាព បានប្រារព្វធ្វើឡើង ដោយបានបង្ហាញពីជើងហោះហើរនៃក្រុមហ៊ុនអាកាសចរណ៍ទាំង០២នេះ។
លោក ប៊ុន រដ្ឋា នាយកអាកាសយានដ្ឋានអន្តរជាតិសៀមរាប បានឱ្យដឹង ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines បានចាប់ផ្ដើមការហោះហើរឡើងវិញ មកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប កាលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ដែលនេះ គឺជាការហោះហើរ លក្ខណៈ Schedule Flight ជាលើកដំបូងបង្អស់ មកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប បន្ទាប់ពីមានការអាក់ខានការហោះហើរក្រៅប្រទេស ក្នុងអំឡុងពេលនៃជំងឺរាតត្បាតកូវីដ-១៩។ ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines បានបន្តការហោះហើរជារៀងរាល់ថ្ងៃ រហូតមកដល់សព្វថ្ងៃនេះ។
ដោយឡែក ក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air បានចាប់ផ្ដើមហោះហើរឡើងវិញ រវាងភ្នំពេញ និងខេត្តសៀមរាប នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ ដោយហោះហើរ ចំនួន ០២ជើង ក្នុង០១សប្តាហ៍ គឺរៀងរាល់ថ្ងៃសុក្រ និងថ្ងៃអាទិត្យ។ ហើយមកដល់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air ក៏បានបង្កើនជើងហោះហើរ រវាងភ្នំពេញ និងខេត្តសៀមរាប ចំនួន ០៤ជើង ក្នុង០១សប្ដាហ៍ គឺរៀងរាល់ថ្ងៃ ចន្ទ, ពុធ, សុក្រ និងថ្ងៃអាទិត្យ។ ក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air ក៏គ្រោងនឹងធ្វើការហោះហើរជារៀងរាល់ថ្ងៃ ដោយចាប់ពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ នេះតទៅផងដែរ។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ បានសម្រេចលុបចោលលក្ខខណ្ឌតម្រូវឱ្យអ្នកដំណើរមកពីបរទេសត្រូវបង្ហាញលទ្ធផលតេស្ត PCR អវិជ្ជមាន ក្នុងរយៈពេល៧២ម៉ោង មុនពេលមកដល់កម្ពុជា លុបចោលការធ្វើតេស្តរហ័ស នៅពេលមកដល់កម្ពុជា និងអនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវការផ្តល់ទិដ្ឋាការពេលមកដល់ (Visa on Arrival) សម្រាប់អ្នកដំណើរអន្តរជាតិទាំងអស់ ទាំងអ្នកដំណើរតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។ ចំពោះអ្នកដំណើរ ដែលពុំបានចាក់វ៉ាក់សាំងកូវីដ-១៩ពេញលេញ ត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃ៕