Saturday, January 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងពាណិជ្ជកម្ម កំពុងខិតខំជំរុញផលិតផលខ្មែរនាំចេញទៅទីផ្សារក្រៅប្រទេស

ភ្នំពេញ៖ មន្ត្រីជំនាញក្រសួងពាណិជ្ជកម្ម និងភាគីពាក់ព័ន្ធ កំពុងខិតខំជំរុញផលិតផលខ្មែរ នាំចេញទៅក្រៅប្រទេស ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងកាលៈទេសៈកូវីដ-១៩ ឆ្លើយតបយុទ្ធសាស្ត្រ និងកម្មវិធីស្តារ សេដ្ឋកិច្ច និងរស់នៅតាមគន្លងប្រក្រតីភាពថ្មី ឱ្យវិលត្រឡប់ទៅរកមាគ៌ានៃកំណើន និងអភិវឌ្ឍន៍ប្រកបដោយចីរភាពឡើងវិញ។

ដើម្បីជំរុញ និងលើកកម្ពស់ផលិតផលខ្មែរ​ ក្រសួងពាណិជ្ជកម្ម រួមនិងស្ថាប័នជំនាញពាក់ព័ន្ធ បានបើកសិក្ខាសាលាមួយស្ដីពី ការលើកកម្ពស់ផលិតផលខ្មែរ តាមរាជធានី-ខេត្ត នៅខេត្តកំពត នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២។ 

លោក តាន់ យុវរដ្ឋ អគ្គនាយករង នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ដើម្បីលើកកម្ពស់ផលិតផលខ្មែរ អាចនាំចេញទៅក្រៅប្រទេសបាន ត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងត្រូវចំណាយពេលសិក្សាស្វែងយល់លើការងារសំខាន់ៗជាច្រើន។ ការងារទាំងនោះមានដូចជា ការអភិវឌ្ឍផលិតផលខ្មែរឱ្យស្របតាមស្តងដា កិច្ចសម្រួលពាណិជ្ជកម្ម ការចរចាបើកទីផ្សារ នីតិវិធីនាំផលិតផលខ្មែរចូលទីផ្សារជាដើម។

លោកបានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បាននិងកំពុងខិតខំប្រឹងប្រែងធ្វើសមាហរណកម្មសេដ្ឋកិច្ចជាមួយប្រទេសនានានៅលើពិភពលោក តាមរយៈការចរចាដើម្បីដោះស្រាយបញ្ហារបាំងពន្ធគយ និងមិនមែនពន្ធគយ ធ្វើយ៉ាងណាឱ្យទំនិញកម្ពុជាអាចនាំចេញទៅក្រៅប្រទេសបានដោយជោគជ័យ។ ជាក់ស្តែងក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន, កម្ពុជា-កូរ៉េ បានប្រកាសឱ្យអនុវត្តជាផ្លូវការនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ កម្ពុជា បានកំណត់យកកសិផលសក្ដានុពលចំនួន ១០មុខ ដែលត្រូវជំរុញផលិតកម្ម និងការនាំចេញរួមមាន ស្រូវ-អង្ករ, ដំឡូងមី, ចេក, មៀនប៉ៃលិន, ស្វាយ, ស្វាយចន្ទី, សាច់សត្វ, ជ័រកៅស៊ូ, ម្នាស់ និងម្រេច។

សូមជម្រាបជូនដែរថា បើតាមមន្រ្តីក្រសួងពាណិជ្ជកម្ម លោកបានស្នើដល់ផលិតករ សិប្បករ សមាគមន៍ អាជីវករ ពាណិជ្ជករ សហគ្រិន ដែលជាប្រតិបត្តិករផ្ទាល់ ត្រូវខិតខំអភិវឌ្ឍន៍សមត្ថភាព ការដាំដុះ ការចិញ្ចឹម ការផលិត ការកែច្នៃ ការវេចខ្ចប់ផលិតផលឱ្យមានគុណភាព សោភ័ណ្ឌភាព សុវត្ថិភាព ស្របតាមស្តង់ដា និងត្រូវដាក់ ឈ្មោះម៉ាក/យីហោ ឱ្យបានត្រឹមត្រូវ ថ្ងៃខែឆ្នាំផលិត ថ្ងៃខែឆ្នាំផុតកំណត់ បិទស្លាកតម្លៃ លេខបារកូដផលិតផលជាដើម ដើម្បីងាយស្រួលក្នុងការនាំចេញ៕

×