Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​កសិកម្ម និង​អគ្គរដ្ឋទូត​អូស្ត្រាលី ចុះ​ពិនិត្យ​មើល​ធ្វើ​វឌ្ឍនភាព​នៃ​ការ​ធ្វើ​ស្រែ​បង្ហាញ​តាមរយៈ​ការធ្វើ​ទំនើបកម្ម​

​​ភ្នំពេញ​៖ ដោយ​អនុវត្តន៍​គោលនយោបាយ នៃ​ការធ្វើកំណែទម្រង់​លើ​វិស័យ​កសិកម្ម របស់​ក្រសួង​កសិកម្ម ដែល​បាន​ដាក់ចេញ​នា​ពេល​ថ្មីៗ​នេះ ក្នុងការ​ធ្វើ​ស្រែ​បង្ហាញ​តាមរយៈ​ការធ្វើ​ទំនើបកម្ម និង​យន្តូ​ប​នីយកម្ម​កសិកម្ម ដើម្បី​ការ​ប្រែក្លាយ​វិស័យ​កសិកម្ម ឆ្លើយតប​ទៅ​តាម​កំណើន​ក្នុង​ល្បឿន​ថេរ​នៃ​សេដ្ឋកិច្ច​កម្ពុជា​។

​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៨ លោក វេង សាខុន រដ្ឋមន្ត្រី ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ និង​សហការី រួម​ដំណើរ​ដោយ​លោក​លោក Angela Corcoran អគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា បាន​ចុះ​ពិនិត្យមើល​ធ្វើ​វឌ្ឍនភាព​នៃ​ការ​ធ្វើ​ស្រែ​បង្ហាញ​តាមរយៈ​ការធ្វើ​ទំនើបកម្ម និង​យន្តូ​ប​នីយកម្ម​កសិកម្ម នៅ​តំបន់​អន្លុង​រាជ ឃុំ​កំពង់ត្របែក ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង និង​ពិនិត្យ​កសិដ្ឋាន​ដាំ​ម្ទេស​នៅ​ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្ត​កណ្តាល​។​

​សូមបញ្ជាក់​ថា គោលបំណង​ជា​ចម្បង​នៃ​បេសកកម្ម​នេះ​គឺ​ធ្វើឡើង​ដើម្បី​ពិនិត្យ​តាម និង​ជំរុញ​ឲ្យ​អនុវត្តន៍​គោលនយោបាយ​នៃ​ការធ្វើ​កំណែទម្រង់​លើ​វិស័យ​កសិកម្ម របស់​ក្រសួង​ដែល​បាន​ដាក់ចេញ​នា​ពេល​ថ្មីៗ​នេះ ក្នុងការ​ប្រែក្លាយ​វិស័យ​កសិកម្ម ឆ្លើយតប​ទៅ​តាម​កំណើន​ក្នុង​ល្បឿន​ថេរ​នៃ​សេដ្ឋកិច្ច​កម្ពុជា ដោយ​ត្រូវ​ធ្វើ​យន្តូ​ប​នីយកម្ម​កសិកម្ម ក្នុងការ​ព្រោះស្រូវ​ជាមួយ​ការ​ជ្រើស​ពូជ​សុទ្ធ​តម្រូវការ​ទីផ្សារ ការ​ពង្រាប​ដីស្រែ និង​ការធ្វើឲ្យ​ប្រសើ​ឡើង​នៃ​ការគ្រប់គ្រង និង​ចាត់ចែង​ទឹក (​ចំណាយ​ថវិកា​តិច​ក្នុង​ការប្រើប្រាស់ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​) ។​

​ដំណើរ​បេសកកម្ម​នេះ​ត្រូវបាន​ពិនិត្យ​មើ​លទ្ធផល និង​សកម្មភាព​ដូចខាងក្រោម​៖ ១) ការបង្ហាញ​គ្រឿងយន្ត​កសិកម្ម​ព្រោះស្រូវ​ស្ងួត ដោយ​ប្រើ​គ្រឿងយន្ត​កែឆ្នៃ​ព្រោះស្រូវ​ឈ្មោះ អេ​លី និង HCC ២) ការបង្ហាញ​របៀប​ប្រើប្រាស់​យន្តកម្ម តាមរយៈ​នៃ​ការកសាង​ភាពជា​ដៃគូ​ជាមួយ​គម្រោងកា​វ៉ាក់ ក្នុង​ការគាំទ្រ​ដល់​អ្នក​ផ្តល់​សេវាកម្ម​ក្នុង​មូលដ្ឋាន សម្រាប់​ធ្វើការ ពង្រាបដី​ស្រែ​ដោយ​ប្រើប្រាស់​គ្រឿងយន្ត​កសិកម្ម គួបផ្សំ​ការត្រួតពិនិត្យ​ការបញ្ជា​ដោយ​ប្រព័ន្ធ​ឡាស៊ែ របស់​ក្រុមហ៊ុន គង់ ងួន ៣) ការពិនិត្យ​មើល​កិច្ចដំណើរការ​ប្រព័ន្ធ​ស្រោចស្រព​ដើរ​ដោយ​ស្ថានីយ៍​បូម​ម៉ូទ័​រ និង​ការរៀបចំ​ប្រឡាយ​បេតុង ហើយ​និង​ប្រសិទ្ធ​នៃ​ការគ្រប់គ្រង និង​ប្រើប្រាស់​ទឹក​។ ៤) ការពិភាក្សា​ការងារ​ពី​ឱកាស និង​បញ្ហា​ប្រឈម​ក្នុង​ការកសាង​ភាព​ជា​ដៃគូ​រវាង​វិស័យ​សា​ថា​រណៈ និង​វិស័យ​ឯកចន អ្នក​ចែកចាយ​គ្រឿងយន្ត​កសិកម្ម និង​អ្នកផ្តល់​សេវា​គ្រឿន​យន្ត​កសិកម្ម​នៅ​មូលដ្ឋាន ដែល​មកពី​ខេត្ត​ព្រៃវែង ពោធិសាត់ និង​តាកែវ ដែល​ស្ថិតនៅ​ក្នុង​គម្រោងកា​វ៉ាក់ លើ​ប្រសិទ្ធភាព និង​ចំណុច​ខ្វះខាត​មួយចំនួន​ដែល​ត្រូវ​កែលម្អ​នាពេលខាងមុខ ។ ៥) ការជួបពិភាក្សា​ការងារ​ជាមួយ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ពូជ EAST WEST មធ្យោបាយ​កែឆ្នៃ​ម្ទេស និង​ចុះ​ពិនិត្យ​ចំការ​ម្ទេស ស្ថិតនៅក្នុង​ឃុំ​ព្រែ​ដំបង ស្រុក​មុខកំពូល ខេត្ត​កណ្តាល ។ សូមបញ្ជាក់​ថា​៖ គម្រោង​ខ្សែសង្វាក់​តម្លៃ​កសិកម្ម​កម្ពុជា ដំណាក់កាល​ទី​២ ហៅ​កាត់​ថា កា​វ៉ាក់ គឺ​ជា​កម្មវិធី​កសិកម្ម​ដែល​ទទួល​មូលនិធិ​ពី ក្រសួងការបរទេស​និង​ពាណិជ្ជកម្ម​អូស្ត្រាលី​សម្រាប់​អនុវត្តន៍​គម្រោង​ចាប់ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០២១​។

គោលបំណង​នៃ​គម្រោង​នេះ​គឺ ដើម្បី​បង្កើន​ផលិតភាព​និង​បង្កើន​ចំណូល​របស់​កសិករ​ខ្នាត​តូច តាមរយៈ​ការធ្វើ​ពាណិជ្ចកម្ម​ស្រូវ​/​អង្ករ និង​ដំណាំ​ផ្សេងទៀត ជាមួយនឹង​ការពង្រឹង​ប្រព័ន្ធ​ទីផ្សារ និង​ការវិនិយោគ​លើ​ការកសាង និង​គ្រប់គ្រង​ហេដ្ឋារចនាសម្ព័ន្ធ​ធារាសាស្ត្រ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

×