តម្លៃប្រេងបានស្ទុះងើបឡើងបន្តិចនៅថ្ងៃអង្គារនេះ បន្ទាប់ពីវាបានធ្លាក់ចុះយ៉ាងខ្លាំងកាលពីប៉ុន្មានថ្ងៃមុន ដោយសារការព្រួយបារម្ភនៃការបន្តបិទខ្ទប់នៅក្នុងប្រទេសចិនដោយសារជំងឺ COVID-19 ស្របពេលដែលប្រាក់ដុល្លារអាមេរិកក៏បានកើនឡើងដល់កម្រិតខ្ពស់ផងដែរក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។
តម្លៃទំនិញប្រេងឆៅរបស់ Brent គឺ 102.57 ដុល្លារក្នុងមួយបារ៉ែល កើនឡើង 25 សេន ឬ 0.2 ភាគរយ ហើយតម្លៃកិច្ចសន្យាថ្លៃកម្រិតមធ្យមនៃប្រេងឆៅរបស់អាមេរិក West Texas បានកើនឡើងដល់ 98.70 ដុល្លារ កើនឡើង 16 សេន ឬ 0.2 ភាគរយនៅ ម៉ោង 0002 GMT ។
កិច្ចសន្យាថ្លៃទាំងពីរបានធ្លាក់ចុះប្រហែល 4 ភាគរយកាលពីថ្ងៃចន្ទ ដោយតម្លៃប្រេង Brent បានធ្លាក់ចុះដល់ទៅ 7 ដុល្លារក្នុងមួយបារ៉ែលក្នុងវគ្គជួញដូរ ហើយ WTI ធ្លាក់ចុះប្រហែល 6 ដុល្លារក្នុងមួយបារ៉ែល។ នៅក្នុងប្រទេសចិន ការបិទខ្ទប់ដើម្បីទប់ទល់នឹង COVID នៅទីក្រុងសៀងហៃ បានអូសបន្លាយដល់សប្តាហ៍ទីបួនហើយ។ ទន្ទឹមនឹងនេះដែរ ការដាក់បទបញ្ជាចំពោះធ្វើតេស្តទ្រង់ទ្រាយធំ រួមទាំងនៅក្នុងសង្កាត់ផ្សារទំនើបដ៏ធំបំផុតរបស់ទីក្រុងប៉េកាំង ក៏បានបង្កឱ្យមានការភ័យខ្លាចចំពោះការបិទខ្ទប់ ដូចនៅទីក្រុងសៀហៃដែរ។
លោក Edward Moya អ្នកវិភាគទីផ្សារជាន់ខ្ពស់របស់ក្រុមហ៊ុន OANDA បានសរសេរក្នុងកំណត់ត្រាមួយថា “ដោយសារតែការបិទខ្ទប់នៅប្រទេសរបស់ចិនគឺធ្វើមានការខាតបង់ប្រេងលើសពីមួយលានបារ៉ែលក្នុងមួយថ្ងៃ ហើយការធ្វើតេស្តរកកូវីដ-១៩នៅសង្កាត់ចំនួន 12 ក្នុងរយៈពេល 5 ថ្ងៃខាងមុខនឹងកំណត់ការផ្លាស់ប្តូរដ៏សំខាន់នៃតម្លៃប្រេងឆៅ” ។ ប្រាក់ដុល្លារអាមេរិកក៏បានឡើងដល់កម្រិតខ្ពស់ផងដែរក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះកាលពីថ្ងៃចន្ទ ដោយធ្វើឱ្យប្រេងមានតម្លៃថ្លៃសម្រាប់អ្នកកាន់រូបិយប័ណ្ណផ្សេងទៀត។
លោក Moya របស់ OANDA បាននិយាយថា “ការភ័យខ្លាចនៃការផ្គត់ផ្គង់មិនមែនជារឿងសំខាន់ត្រូវផ្តោតសម្រាប់ពាណិជ្ជករថាមពលទេ ហើយឥឡូវនេះអ្នកឃើញប្រាក់ដុល្លារកើនឡើង ដែលកំពុងបន្ថែមសម្ពាធបន្ថែមលើគ្រប់ទំនិញទាំងអស់”៕ ប្រភព៖រ៉យទ័រ