ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសថា នៅថ្ងៃចុងក្រោយ នៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ក្នុងរយៈពេល១៥ថ្ងៃ មានគណបក្សចំនួន២០ ក្នុងនោះគ.ជ.ប បានសម្រេចចុះបញ្ជីទទួលស្គាល់ជាផ្លូវការចំនួន៤គណបក្ស ខណៈ១៦ទៀត គ.ជ.បកំពុងពិនិត្យ។
បើតាមសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១៥ខែឧសភានេះ គ.ជ.ប បានបញ្ជាក់ថា អនុលោមតាមបទបញ្ជា និងនីតិវិធី នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ប្រការ៤.៩ គ.ជ.ប ត្រូវពិនិត្យសម្រេចលើពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ក្នុងរយៈពេលយ៉ាងយូរ៧ថ្ងៃ បន្ទាប់ពីបានទទួលពាក្យសុំ។ ក្នុងករណីគ.ជ.ប ពិនិត្យឃើញថា សំណុំលិខិតរបស់គណបក្សនយោបាយណាមួយពុំបានបំពេញលក្ខខណ្ឌ ស្តីពីការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត គ.ជ.ប នឹងជូនដំណឹងទៅសាមីគណបក្សនយោបាយនោះវិញ ដើម្បីបំពេញបន្ថែម ឬកែតម្រូវ។ សាមីគណបក្សនយោបាយត្រូវបំពេញ ឬកែតម្រូវលក្ខខណ្ឌ ដែលខ្វះខាតយ៉ាងយូរ៥ថ្ងៃ បន្ទាប់ពីថ្ងៃដែលបានទទួលលិខិតជូនដំណឹង៕ ដោយ៖បញ្ញាស័ក្តិ