ថ្មមួយដុំត្រូវបានបុរសម្នាក់ ទិញនៅតាមផ្លូវមានតម្លៃតែ ៥០.០០០ដុង ក្រោយមកត្រូវបានគេឲ្យតម្លៃដល់ទៅ ២ម៉ឺន តែម្ចាស់វាដាច់ខាតពុំព្រមលក់។ Nguyen Thanh Nhan អាយុ ៦៨ឆ្នាំ រស់នៅទីក្រុង Nam Dinh ខេត្ត Nam Dinh ដែលជាម្ចាស់ដុំថ្មនេះ ឲ្យដឹងថា ដុំថ្មនេះគឺធម្មជាតិសុទ្ធសាធ ពុំមានដៃមនុស្សធ្វើការឆ្លាក់កាត់តអ្វីឡើយ ។ លក្ខណៈពិសេសរបស់វា គឺមានសណ្ឋានរូបរាងដូចជាសត្វអណ្តើក មានក្បាលរាងឱនចុះ មាត់ខាំដាវមួយប្រវែង ៣,៥ សង់ទីម៉ែត្រ និងមាន ភ្នែកថែមទៀតផង ។ លើសពីនេះនៅលើ “ស្នូក” មានពន្លេចចេញអក្សរវៀតណាម ២ពាក្យ ថា “ចិត្តមួយថ្លើមមួយ” ពណ៌ខ្មៅអណ្តែតលើថ្មរាងស្នូកពណ៌លឿងយ៉ាងច្បាស់ក្រឡែត។
ដុំថ្មធម្មជាតិសុទ្ធសាធពុំបានរងការប៉ះទង្គិចពីបាតដៃមនុស្ស ។
ក្រៅពីនោះ តាមលោកប្រៀបធៀប ស្នូករបស់ថ្មនេះមានទម្រង់ដូចផែនទីរបស់រដ្ឋធានីហាណូយនៅឆ្នាំ ២០០៤ ។ ដុំថ្មនេះ មានទម្ងន់សរុប ២០,៤Kg ទទឹង ២២សង់ទីម៉ែត្រ កម្ពស់ ២៣សង់ទីម៉ែត្រ ដែលសុទ្ធសឹងជាតួលេខតាមក្បួនហុងស៊ុយ នាំមកនូវភ័ព្វសំណាងទ្រព្យសម្បត្តិ ។ បន្ទាប់ពីការសង្កេត និងរកឃើញចំណុចពិសេសៗខាងលើ លោក Nguyen Thanh Nhan គិតថា វាគឺជាវត្ថុស័ក្តិសិទ្ធដែលធម្មជាតិ “ផលិត “ឡើង។ ចំពោះក្បាលអណ្តើករាងឱនចុះ ហើយមាត់ខាំដាវនោះ លោកបកស្រាយថា វាស្រដៀងនឹងខណៈពេលដែលស្តេចវៀតណាម Le Loi ធ្វើសង្គ្រាមឈ្នះទ័ពស្តេចម៉េងរបស់ចិន ។
លោក Nguyen Thanh Nhan កំពុងពណ៌នាអំពីលក្ខណៈពិសេសលើដុំថ្មនេះ។
លោកឲ្យដឹងបន្ថែមថា លោកទិញវាបាននៅហាងលក់ថ្មសម្រាប់លម្អរមួយ នៅតាមផ្លូវក្នុងតម្លៃ ៥ម៉ឺនដុង (២,៥ដុល្លារ) ប៉ុណ្ណោះ ។
នៅលើផ្ទៃលើថ្មមានរាងដូចស្នូកអណ្តើក ទម្រង់វាស្រដៀងនឹងផែនទីក្រុងហាណូយឆ្នាំ ២០០៤ ។ ហាក់ដូចជាខ្ញុំមាននិស្ស័យនឹងដុំថ្មនេះ ព្រោះថា នៅនោះមានដុំថ្មរាប់រយពាន់ដុំឯណោះ។
អក្សរបុរាណវៀតណាម (ស្រដៀងអក្សរចិន) ពន្លេចឡើងផ្ទៃខាងលើនៃដុំថ្មដែលមានរាងដូចស្នូកអណ្តើក ។
តាំងពីទិញបានដុំថ្មនេះ ខ្ញុំទទួលអារម្មណ៍ថា សុខភាពទទួលបានប្រសើរឡើង ជំងឺរ៉ាំរ៉ៃ ក៏ថយចុះ ហើយថែមទាំងឡើងទម្ងន់ “មុននេះខ្ញុំស្គមខ្លាំងណាស់។ រីឯការរកស៊ីក៏មានលទ្ធផលល្អ ពិសេសនៅដើមឆ្នាំ ២០១៦ កន្លងមក ខ្ញុំបានឈ្នះក្តីមួយដែលអូសបន្លាយអស់រយៈកាល ២៥ឆ្នាំទៀតផង ។ ម្ចាស់ដុំថ្មនិយាយថា ៖ ទាំងអស់នេះពុំមែនជារឿងស័ក្តិសិទ្ធទេឬ? ។
ដុំថ្មមានព័ត៌ធម្មជាតិ
ដោយសារលោកជាមនុស្សចូលចិត្តសិក្សាអំពីហុងស៊ុយ ហេតុនេះក៏ថតរូបបង្ហោះឡើងបណ្តាញសង្គមដើម្បីចែករំលែក ។ លោកពិតជាទទួលបាន ខមិនយ៉ាងច្រើន ក្នុងនោះខ្លះសុំទិញ ហើយហ៊ានឲ្យតម្លៃដល់ទៅ ៥ម៉ឺនដុល្លារឯណោះ ទោះយ៉ាងណាលោកពុំព្រមលក់វាទេ។
តាមលោកនោះកុំនិយាយពីរឿងលក់ដូរដុំថ្មនេះឲ្យសោះ វាជាវត្ថុដែលទេវតាប្រគល់ភារៈឲ្យអ្នកមាននិស្ស័យដើម្បីថែរក្សាទុកវាប៉ុណ្ណោះ លោកពុំមែនជាម្ចាស់វាទេ ៕ ចន្ទ្រា