កំពង់ស្ពឺ ៖ ស្ត្រីម្នាក់រងរបួសដៃ ចំណែកផ្ទះប្រជាពលរដ្ឋចំនួន ៤ ខ្នងរងការខូចខាត ខណ:ពេលមានភ្លៀងធ្លាក់លាយឡំនិងខ្យល់កន្ត្រាក់ និងផ្គររន្ទះ កាលពីរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅចំណុចភូមិ ត្រពាំងកកោះ ឃុំ ស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
តាមការបញ្ជាក់ពីសមត្ថកិច្ច បានឲ្យដឹងថា ក្នុងហេតុការណ៍បាតុភូតគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ខាងលើ បានបាក់រលំផ្ទះប្រជាពលរដ្ឋ ដែលសង់ពីឈើប្រក់ស័ង្កសី អស់ចំនួន ៤ ខ្នង ស្មើនឹង ៤ គ្រួសារ និងបណ្តាលឲ្យស្ត្រីម្នាក់ រងរបួសដៃ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីធ្វើការសង្រ្គោះរបួសរបស់គាត់។
ក្រោយពេលកើតហេតុ អាជ្ញាធរមូលដ្ឋានឃុំស្តុក នៃសាលាស្រុកគងពិសី ចុះទៅសាកសួរសុខទុក្ខ និងបានធ្វើកំណត់ហេតុ និងរបាយការណ៍ ដើម្បីរាយការណ៍ដល់អនុសាខាកាកបាទក្រហមស្រុកគងពិសី ចុះទៅផ្តល់អំណោយ និងសម្ភារ:ដល់ប្រជាពលរដ្ឋដែលរងគ្រោះ ដោយហេតុការណ៍គ្រោះធម្មជាតិ បណ្តាលឲ្យបាក់រលំផ្ទះរបស់ពួកគាត់ នៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សួង សាម