ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី១-៧ ខែមិថុនា ឆ្នាំ២០២២ ក្រសួងជំនាញបានបញ្ជាក់ថា រយៈពេលនេះអាចនឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់។
សេចក្តីជូនដំណឹងបានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ទទួលរងឥទ្ធិពលពីជ្រលងនៃសម្ពាធទាប ដែលស្ថិតនៅភាគខាងលើ ប្រទេសឡាវ និងប្រទេសវៀតណាមជាមួយនិងខ្យល់មូសុងនិរតី កម្រិតពីខ្សោយទៅមធ្យម។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១៖តំបន់ទំនាបកណ្តាល៖ សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C, សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C, បណ្តារាជធានីខេត្តនានា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
២៖តំបន់ខ្ពង់រាប៖ សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C, សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C, នឹងអាចមានភ្លៀង នៅក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់ ។
៣៖តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C, សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C, នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន។ នៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀង ខ្យល់ ផ្គរ រន្ទះ និងរលកសំមុទ្រក្នុងកម្រិតពីមធ្យមទៅបង្គួរ៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី