ភ្នំពេញ៖ ធនាគារពិភពលោក (World Bank) នៅតែរក្សាការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា សម្រាប់ឆ្នាំ២០២២នេះ ថានឹងកើន ៤,៥% សម្រាប់ឆ្នាំ ២០២៣ នឹងកើនពី ៥,៥% ទៅ ៥,៨%។
លោក ដេវីដ ម៉ាល់ប៉ាស់ (David Malpass) ប្រធានក្រុមធនាគារពិភពលោក មានឱ្យដឹងថា សង្គ្រាមនៅប្រទេសអ៊ុយក្រែន វិធានការបិទខ្ទប់នៅក្នុងប្រទេសចិន ការបន្ទុចបង្អាក់ដល់ខ្សែចង្វាក់ផ្គត់ផ្គង់ និងហានិភ័យនៃអតិផរណា រួមនឹងដំណើរមិនចម្រើនខាងសេដ្ឋកិច្ចកំពុងតែសង្កត់កំណើនសេដ្ឋកិច្ចមិនឱ្យងើបរួច។ ប្រទេសជាច្រើននឹងគេចមិនផុតពីដំណើរធ្លាក់ចុះនៃសេដ្ឋកិច្ចឡើយ។
ធនាគារពិភពលោក បានលើកឡើង ពីការឈ្លានពានរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន បានធ្វើឱ្យសេដ្ឋកិច្ចពិភពលោក ដាំក្បាលចុះកាន់តែខ្លាំង រួមផ្សំការខូចខាតដែលបង្កឡើង ពីវិបត្តិកូវីដ-១៩ ប្រទេសជាច្រើនទំនងជាប្រឈមនឹងវិបត្តិសេដ្ឋកិច្ច។ បញ្ហានេះ បានកើនឡើងនូវហានិភ័យនៃអតិផរណា រួមនឹងដំណើរមិនចម្រើនខាងសេដ្ឋកិច្ច (stallation) ដែលអាចបណ្តាលឱ្យប្រទេសមានចំណូលកម្រិតមធ្យម និងទាប ជួបនូវផលវិបាក។
ធនាគារពិភពលោក ក៏បានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចពិភពលោក រហូតដល់ទៅ ១,២% មកនៅត្រឹម ២,៩% សម្រាប់ឆ្នាំ ២០២២នេះ។ ការព្យាករណ៍របស់ធនាគារពិភពលោកនេះ គឺទាបជាងការព្យាករណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ដែលថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងកើនឡើង ៥,២% នៅឆ្នាំ ២០២២ និងទាបជាងការព្យាការណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ថាសេដ្ឋកិច្ចកម្ពុជា នៅក្នុងឆ្នាំនេះ ថានឹងសម្រេចបានក្នុងរង្វង់ ៥,១% ហើយថានឹងកើនឡើងដល់ ៦,២% នៅឆ្នាំ ២០២៣៕