Sunday, September 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តម្លៃជួញដូរភាគហ៊ុន របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បច្ចុប្បន្ន មានជាង ៧០០០រៀល ក្នុងមួយហ៊ុន

ភ្នំពេញ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ជាសហគ្រាសគ្រប់គ្រងដោយរដ្ឋដំបូងគេ ដែលបានចុះបញ្ជីក្នុងទីផ្សារមូលបត្រកម្ពុជា(CSX)  នៅថ្ងៃទី ១៨ខែមេសា ឆ្នាំ ២០១២ ដែលកាលនោះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានលក់ភាគហ៊ុនចំនួន ១៥% នៃភាគហ៊ុនសរុប ក្នុងតម្លៃ ២០លានដុល្លារ។​

អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានអះអាងថា បច្ចុប្បន្ន ការជួញដូរតម្លៃភាគហ៊ុន របស់រដ្ឋាករទឹក គឺមានតម្លៃខ្ពស់ជាងតម្លៃដើម ពោលគឺតម្លៃដើមមានតម្លៃ ៦.៣០០រៀលក្នុងមួយហ៊ុន ខណៈដែលបច្ចុប្បន្ន មានតម្លៃជាង ៧០០០រៀល ក្នុងមួយហ៊ុន។

អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ឯកឧត្តម ឡុង ណារ៉ូ បានឱ្យដឹងថា តម្លៃភាគហ៊ុនរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងផ្សារមូលបត្រកម្ពុជា (CSX) មិនមានការធ្លាក់ចុះនោះទេ ពោលគឺនៅតែរក្សាកំណើន បើទោះបីជាបច្ចុប្បន្ន នៅភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ មានការខ្វះខាតទឹកស្អាតប្រើប្រាស់ក៏ដោយ។ ឯកឧត្តម បានអះអាងថា ការខ្វះខាតទឹកប្រើប្រាស់ នៅរាជធានីភ្នំពេញ មិនប៉ះពាល់ដល់តម្លៃភាគហ៊ុនរបស់សហគ្រាសរដ្ឋនោះទេ។

ឯកឧត្តបានបញ្ជាក់ដូចនេះ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីបច្ចុប្បន្នភាព នៃការផ្គត់ផ្គង់ទឹកស្អាត ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលរៀបចំឡើង ដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២២នេះ។

គិតមកដល់ពេលនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចូលប្រឡូកក្នុងវិស័យផ្សារហ៊ុនកម្ពុជា អស់រយៈពេល ១០ឆ្នាំមកហើយ ដែលមានតម្លៃជួញដូរនៅថ្ងៃនេះថ្លៃ ៧៤៨០រៀល ក្នុងមួយហ៊ុន បានកើនលើសតម្លៃ IPO ដែលមានត្រឹមតែ ៦៣០០រៀល ក្នុងមួយហ៊ុន។

គួរបញ្ជាក់ថា បើតាមអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លោកសង្ឃឹមថា នៅពេលដែលជំហានទី១ និងជំហានទី២ នៃរោងចក្រផលិតទឹកស្អាតបាក់ខែង ដំណើរការ នៅឆ្នាំ២០២៣ និងឆ្នាំ ២០២៤ខាងមុខ តម្លៃភាគហ៊ុនរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងមានការកើនឡើងបន្ថែមទៀត៕

spot_img
×