ភ្នំពេញៈ បន្ទាប់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាសដាក់វិន័យតាមរូបភាពអប់រំ ព្រមាន ស្តីបន្ទោស ទៅលើលោក សិដ្ឋ តារា អនុប្រធានពន្ធនាគារខេត្តកំពង់ស្ពឺ ស្រាប់តែពេលនេះ មន្ត្រីអនុរក្សពន្ធនាគារខេត្តកំពង់ស្ពឺមួយចំនួន បានចោទប្រកាន់ទៅលើលោក ទីន សុវណ្ណនី ប្រធានពន្ធនាគារខេត្តកំពង់ស្ពឺ បានដោះដូរមន្ត្រីតាមអំពើចិត្តមិនតែប៉ុណ្ណោះ បានដោះដូរមន្ត្រីដែលមានតួនាទី ដោយយកមន្ត្រីជាប់កិច្ចសន្យា មកបម្រើការងារជំនួសដែលគេដឹងថា មន្ត្រីជាប់កិច្ចសន្យា គឺជាសាច់ញាតិរបស់ខ្លួន។
ប្រភពពីមន្ត្រអនុរក្សពន្ធនាគារខេត្តកំពង់ស្ពឺបានឲ្យដឹងថា ចាប់ពីពេលលោក ទីន សុវណ្ណនី កាន់តំណែង មកមានភាពអនាធិបតេយ្យ នៅក្នុងពន្ធនាគារកើតឡើងជា បន្តបន្ទាប់ ទណ្ឌិត និង ពិរុទ្ធជនណាដែលមានលុយ សុទ្ធតែជាមនុស្សជិតស្និទ្ធជាមួយ លោក ទីន សុវណ្ណនី ហើយ ថែមទាំងអាចចូលរួមផឹកស៊ីរួមតុ ជាមួយលោកទៀតផង។ ម្យ៉ាងវិញទៀត កូនចៅលោកទីន សុវណ្ណនី នាំនារីៗបម្រើសេវាកម្សាន្ត ទៅរួមមេត្រីដល់ ក្នុងពន្ធនាគារទៀតក៏មាន។ ការប្រព្រឹត្តល្បែងស៊ីសង ការចងការប្រាក់ដល់ទណ្ឌិត និង ពិរុទ្ធជន ការចែកចាយគ្រឿងញៀន និងមានរឿងរ៉ាវជា ច្រើនទៀតដែលកើតមានឡើង នៅក្នុងពន្ធនាគារនេះ ។ កន្លងមក លោក ទីន សុវណ្ណនី ត្រូវបានមន្ត្រីថ្នាក់ក្រោម ដាក់ពាក្យបណ្តឹងទៅអធិការកិច្ច ក្រសួងមហាផ្ទៃ ពីទង្វើជាច្រើន ដែលលោកប្រធានរូបនេះ បានប្រព្រឹត្ត ប៉ុន្តែចាប់តាំងពីមន្ត្រីអធិការកិច្ចក្រសួង ចុះអង្កេតរួចមក មិនទាន់ឃើញមានអ្វីប្លែក លើលោក ទីន សុវណ្ណនី នោះទេ ។
ទាក់ទងករណីនេះ លោក ទីន សុវណ្ណនី ប្រធានពន្ធនាគារខេត្តកំពង់ស្ពឺ មិនអាចសុំការអត្ថាធិប្បាយបានទេ។
ចំណែកលោកឆែម សាវុធ អគ្គនាយកពន្ធនាគារ នៃក្រសួងមហាផ្ទៃ ក៏មិនអាចសុំការអត្ថាធិប្បាយបានដែរ ទាក់ទងករណីខាងលើនេះ៕ រក្សាសិទ្ធិដោយៈ CEN