Sunday, September 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានភាពជើងហោះហើរអន្តរជាតិ ចូលមកអាកាស​យានដ្ឋានអន្តរជាតិទាំង៣របស់កម្ពុជាជាទៀងទាត់ និងមានការកើនឡើង ១៦៤ ភាគរយ

ភ្នំពេញ៖ ស្ថានភាពជើងហោះហើរអន្តរជាតិចូលមកអាកាសយានដ្ឋានអន្តរជាតិទាំង៣ មានចំនួនសរុប២,៤៥៩ជើង កើនឡើង១៦៤ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចនៅឆ្នាំ២០២១ (៩៣០ជើង) ក្នុងនោះរួមមាន៖ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានចំនួន២,១១៦ជើង កើនឡើង១,២០៣ជើង។ មានក្រុមហ៊ុនអាកាសចរណ៍ចំនួន២២ក្រុមហ៊ុន និងមាន៦ក្រុមហ៊ុនកំពុងហោះហើរទៀងទាត់ជារៀងរាល់ថ្ងៃ។

ដោយឡែកអាកាសយានដ្ឋានអន្តរជាតិសៀមរាប មានចំនួន២០៤ជើង កើនឡើង១៩៩ជើង។ មានក្រុមហ៊ុនអាកាសចរណ៍ចំនួន៥ក្រុមហ៊ុន និងមាន២ក្រុមហ៊ុនកំពុងហោះហើរទៀងទាត់ជារៀងរាល់ថ្ងៃ។

រីឯអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ មានចំនួន១៣៩ជើង កើនឡើង១២៧ជើង។ មានក្រុមហ៊ុនអាកាសចរណ៍ចំនួន៣ក្រុមហ៊ុន និងមាន១ក្រុមហ៊ុនកំពុងហោះហើរទៀតទាត់ជារៀងរាល់ថ្ងៃ។

ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឱ្យដឹងថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានបើកឲ្យអនុវត្ត Visa on Arrivals ឡើងវិញ និងកាត់បន្ថយនូវលក្ខខណ្ឌតម្រូវជាច្រើនលើផ្នែកសុខាភិបាល ភ្ញៀវទេសចរអន្តរជាតិមានការកើនឡើងយ៉ាងច្រើនគួរឲ្យកត់សម្គាល់

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា រយៈពេល៥ខែដើមឆ្នាំនេះ (ខែមករាដល់ខែឧសភា) មានភ្ញៀវទេសចរអន្តរជាតិ ចូលមកទស្សនាកម្ពុជា ចំនួន ៣៤៣,៤៦៤នាក់ កើនឡើង២៧៥ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។

ក្នុងរយៈពេល៥ខែនេះដែរ មានអ្នកធ្វើដំណើរតាមផ្លូវអាកាសចូលមកកម្ពុជា ចំនួន ១៨២,៥១២នាក់ កើនឡើង៣៣៦ភាគរយ ក្នុងនោះ មានមកពីប្រទេសចិន សហរដ្ឋអាមេរិក ម៉ាឡេស៊ី វៀតណាម ឥណ្ឌូណេស៊ី កូរ៉េខាងត្បូង ថៃ បារាំង សិង្ហបុរី និងឥណ្ឌា។ អ្នកធ្វើដំណើរតាមផ្លូវគោកមានចំនួន ១៥៧,១១៣នាក់ កើនឡើង២១៦ភាគរយ និងតាមផ្លូវទឹកមានចំនួន ៣,៨៣៩នាក់ ក្នុងនោះមានមកពីប្រទេសថៃ វៀតណាម ចិន អាមេរិក ម៉ាឡេស៊ី ឥណ្ឌូណេស៊ី កូរ៉េខាងត្បូង បារាំង សិង្ហបុរី ហ្វីលីពីន និងឥណ្ឌា។

គួរបញ្ជាក់ថា បើតាមការកត់សម្គាល់របស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅខែមេសា ឆ្នាំ២០២២ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ២,៧០០នាក់ ក្នុងមួយថ្ងៃ នៅខែឧសភាទទួលបានចំនួន ៣,៤០០នាក់ ក្នុងមួយថ្ងៃ និងខែមិថុនាទទួលបានប្រមាណជា ៤,២០០នាក់ ក្នុងមួយថ្ងៃ។ តាមការរំពឹងទុករបស់រដ្ឋមន្រ្តីក្រសួងទេស​ចរណ៍ ចាប់ពីខែកក្កដា ឆ្នាំ២០២២ ​ខាងមុខតទៅ កម្ពុជា អាចនឹងទទួលបានទេសចរអន្តរជាតិចាប់ពី ៤,៥០០ ទៅ៥,៥០០នាក់ក្នុងមួយថ្ងៃ៕

spot_img
×