ភ្នំពេញ៖ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) និងគម្រោងសហគ្រិននារីសកម្ម របស់អង្គការផេកកម្ពុជា សហការជាមួយសមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សមាគមសហគ្រិនស្ត្រីកម្ពុជា និងសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនា ឆ្នាំ២០២២ បានរៀបចំវេទិកាសហគ្រិនស្ត្រី ស្តីពី «លទ្ធភាពទទួលបានហិរញ្ញប្បទាន និងទីផ្សារក្នុងការអភិវឌ្ឍអាជីវកម្មរបស់ស្រ្តី» ដែលជាវេទិកាមួយប្រមូលផ្តុំភាគីពាក់ព័ន្ធជាច្រើន ដើម្បីចែករំលែកការអនុវត្ត និងការរៀនសូត្រជុំវិញប្រធានបទលទ្ធភាពទទួលបានសេវាហិរញ្ញប្បទាន លទ្ធភាពទទួលបានចំណែកទីផ្សារ លទ្ធភាពទទួលបានព័ត៌មានផ្លូវច្បាប់សម្រាប់អាជីវកម្ម និងលទ្ធភាពទទួលបានចំណេះដឹងឌីជីថល។
ដោយសារបញ្ហាជុំវិញលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុ និងលទ្ធភាពទទួលបានចំណែកទីផ្សារ នៅតែជាបញ្ហាប្រឈម និងស្មុគស្មាញសម្រាប់សហគ្រិនស្ត្រី កម្មវិធីនេះ ដើរតួជាវេទិកាពិភាក្សាអំពីលទ្ធភាពនៃការផ្សារភ្ជាប់សហគ្រិនស្ត្រីទៅកាន់ធនធានហិរញ្ញវត្ថុប្រកបដោយសុវត្ថិភាព និងទីផ្សារដែលមានស្រាប់។
ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះផងដែរ នាយិកាប្រចាំប្រទេសនៃអង្គការផេកកម្ពុជា និងជាប្រធានគ្រប់គ្រងគម្រោងសហគ្រិននារីសកម្ម លោកស្រី សាប៊ីន យ៉ៅគ្គឺស (Sabine Joukes) បានសង្កត់ធ្ងន់ថា សហគ្រិនស្ត្រី ត្រូវការការគាំទ្រជាបន្តបន្ទាប់ចាប់ពីការទទួលបានព័ត៌មានរហូតដល់ទីផ្សារ ដើម្បីពួកគាត់អនុវត្តចំណេះដឹងអាជីវកម្មរបស់ពួកគាត់់ និងចូលរួមក្នុងទីផ្សារដែលរីកចម្រើន និងប្រកួតប្រជែងយ៉ាងឆាប់រហ័ស។ ការទទួលបានផលិតផលហិរញ្ញប្បទានប្រកបដោយសុវត្ថិភាព ចំណេះដឹងឌីជីថល ទីផ្សារកាន់តែទូលំទូលាយសម្រាប់ផលិតផល និងសេវាកម្មរបស់ពួកគេ បង្កើតផ្លូវអាជីវកម្មសម្រាប់ពួកគេដើម្បីធ្វើអាជីវកម្មរបស់ពួកគេឱ្យកាន់តែប្រសើរឡើង។ ខណៈពេលដែលសហគ្រិនស្ត្រីវ័យក្មេងត្រូវបានផ្តល់សិទ្ធិអំណាចផ្នែកសេដ្ឋកិច្ច ពួកគេនឹងមានឥទ្ធិពលលើសហគមន៍របស់ពួកគេ និងរួមចំណែកដល់សេដ្ឋកិច្ចរបស់ប្រទេស។
ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា «សហគ្រិនត្រូវការលទ្ធភាពទទួលបានសេវាហិរញ្ញប្បទាន ដើម្បីទ្រទ្រង់ និងពង្រីកអាជីវកម្មរបស់ខ្លួន ប៉ុន្តែត្រូវមានចំណេះដឹងផ្នែកហិរញ្ញប្បទាន ដើម្បីប្រើប្រាស់ប្រាក់កម្ចីប្រកបដោយប្រសិទ្ធភាព។ ខ្ញុំសូមលើកទឹកចិត្តដល់គ្រឹះស្ថានហិរញ្ញប្បទានទាំងអស់ឱ្យផ្តល់ប្រាក់កម្ចីដោយយកចិត្តទុកដាក់លើលទ្ធភាពសងត្រលប់ជាជាងទ្រព្យធានា ដោយប្រើព័ត៌មានពីក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា)។»
នៅក្នុងសុន្ទរកថាបើករបស់ លោកជំទាវ គង់ សូរីតា អនុរដ្ឋលេខាធិការ នៃក្រសួងកិច្ចការនារី បានមានប្រសាសន៍ថា «វេទិកាថ្ងៃនេះ គឺជាឱកាសសម្រាប់សហគ្រិនស្ត្រីក្នុងការពង្រឹងសមត្ថភាព ជាពិសេសទទួលបានព័ត៌មានច្បាស់លាស់អំពីដំណើរការកម្ចី សម្រាប់សហគ្រាសធុនតូច និងមធ្យម ព្រមទាំងខ្សែសង្វាក់ផ្គត់ផ្គង់ផលិតផល និងការចុះបញ្ជីអាជីវកម្ម។» លោកជំទាវបានបន្តទៀតថា «ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងសមាគម អង្គការក្រៅរដ្ឋាភិបាល ជាពិសេសសហគ្រិនស្ត្រីផ្ទាល់ គឺជាភារកិច្ចចាំបាច់ចម្បង ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះ»។
ព្រឹត្តិការណ៍នេះមានអ្នកចូលរួមប្រមាណ ២00 នាក់ រួមមានតំណាងពីរដ្ឋាភិបាល វិស័យឯកជន ស្ថាប័នហិរញ្ញវត្ថុអង្គការក្រៅរដ្ឋាភិបាល និងសហគ្រិននារីវ័យក្មេងនៅក្នុងសហគ្រាសធុនតូច និងមធ្យម។ វេទិកានេះ ផ្តល់ឱកាសសម្រាប់ស្ត្រីម្ចាស់អាជីវកម្មក្នុងការទទួលបានព័ត៌មាន និងដំណោះស្រាយបញ្ហាអាជីវកម្ម លើការផលិតផល និងសេវាកម្ម ខណៈពេលដែលជំរុញឱកាសអាជីវកម្មសម្រាប់ការបង្កើតបណ្តាញអាជីវកម្ម។ បន្ថែមពីលើនេះ វេទិកានេះ បំផុសការពិភាក្សាជុំវិញអក្ខរកម្មឌីជីថល និងការចុះបញ្ហាអាជីវកម្ម សម្រាប់ការការពារអាជីវកម្មស្របច្បាប់ផងដែរ៕