Sunday, September 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មវិធីផលិតវីដេអូខ្លីស្ដីពី «ចំណេះដឹងហិរញ្ញវត្ថុ» ប្រចាំឆ្នាំ២០២២ មានគោលបំណងផ្សព្វផ្សាយអំពីចំណេះដឹងហិរញ្ញវត្ថុ ឱ្យកាន់តែបានទូលំទូលាយទៅដល់ប្រជាជនកម្ពុជា

ភ្នំពេញ៖ រកឃើញម្ចាស់ជ័យលាភី៣ក្រុម ដែលបានឈ្នះរង្វាន់ពីកម្មវិធីផលិតវីដេអូខ្លីស្ដីពី «ចំណេះដឹងហិរញ្ញវត្ថុ» ប្រចាំឆ្នាំ២០២២ រដូវកាលទី២ ក្រោមប្រធានបទស្ដីពី ចំណេះដឹងហិរញ្ញវត្ថុតាមគន្លងប្រក្រតីថ្មី។ កម្មវិធីប្រគល់ពានរង្វាន់ការផលិតវីដេអូខ្លីស្តីពី ចំណេះដឹងហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២ នេះរៀបចំឡើងនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២។
រៀបចំដោយក្រុមហ៊ុនឫទ្ធិពល សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេម បូឌា) និងសហការរៀបចំដោយក្រុមហ៊ុនវីសា ក្នុងគោលបំណងផ្សព្វផ្សាយអំពីចំណេះដឹងហិរញ្ញវត្ថុ ឱ្យកាន់តែបានទូលំទូលាយទៅដល់ប្រជាជនកម្ពុជា។

ម្ចាស់ជ័យលាភីទាំង៣ក្រុមក្នុងរដូវកាលទី២ នៃកម្មវិធីផលិតវីដេអូខ្លីស្តីពី «ចំណេះដឹងហិរញ្ញវត្ថុ» ជ័យលាភីលេខ១ បានទៅលើក្រុម Smooth ផលិតរឿង «ទម្លាប់» ទទួលបានប្រាក់រង្វាន់ចំនួន ៨,០០០,០០០រៀល។ ជ័យលាភីលេខ២ បានទៅលើក្រុម 3 Mate ផលិតរឿង «លុយប៉ុណ្ណឹង» ទទួលបានប្រាក់រង្វាន់ចំនួន ៦,០០០,០០០រៀល។ និងជ័យលាភីលេខ៣ បានទៅលើក្រុម TAX STUFF ផលិតរឿង «ចាំបាច់ ឬមិនចាំបាច់» ទទួលបានប្រាក់រង្វាន់ចំនួន ៤,០០០,០០០រៀល។ក្រៅពីប្រាក់រង្វាន់ក្រុមនីមួយៗ ក៏ទទួលបានពានរង្វាន់១ លិខិតសរសើរ១ ព្រមទាំងឱកាសផ្សេងៗទៀត។


លោក ង៉ោ លីកូ អនុប្រធានគណៈកម្មាធិការបរិយាបន្នហិរញ្ញវត្ថុ នៃសមាគមធនាគារនៅកម្ពុជា បានថ្លែងថា កម្មវិធីនេះរៀបចំឡើង ក្នុងគោលបំណងជំរុញ និងលើកទឹកចិត្តយុវជន យុវនារីឱ្យចូលរួមសិក្សាស្រាវជ្រាវបង្កើតជាវីដេអូអប់រំខ្លីៗ ស្តីពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដែលផ្សារភ្ជាប់ជាមួយនឹងការរស់នៅក្នុងបរិបទថ្មី។
នេះជាឆ្នាំទី២ហើយដែលសមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងក្រុមហ៊ុនឫទ្ធិពល បានផ្តួចផ្តើមកម្មវិធីនេះឡើង ដោយឡែកឆ្នាំនេះក៏ទទួលបានការចូលរួមពីសំណាក់ ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) (CBC) និងក្រុមហ៊ុនវីសា ខេមបូឌា។

លោកបានបន្ដថា ការដាក់ពាក្យ ការប្រកួតប្រជែង ការជម្រុះ ការថតវីដេអូរបស់បេក្ខជន បេក្ខនារី និងការវាយតម្លៃពីគណៈកម្មាការជំនាញ មកពីគ្រឹះស្ថានពាក់ព័ន្ធផ្សេងៗគ្នា សង្កេតឃើញថា វីដេអូទាំងអស់ផលិតដោយយុវជន យុវនារី ពិតជាមានគំនិតច្នៃប្រឌិតខ្ពស់ និងមានការយល់ដឹងផ្នែកហិរញ្ញវត្ថុ បានល្អប្រសើរច្រើន ជាពិសេសក្នុងបរិបទនៃជំងឺកូវីដ-១៩។

លោកបានឲ្យដឹងថា សារអប់រំដែលផលិតឡើងជាវីដេអូទាំងអស់នេះ បានបង្កប់នូវអត្ថន័យ អត្ថរូប អត្ថរស់ និងខ្លឹមសារអប់រំជាក់ស្ដែង ពីចំណេះដឹងហិរញ្ញវត្ថុក្នុងសង្គមកម្ពុជា ហើយចំណេះដឹងផ្នែកហិរញ្ញវត្ថុជាមូលដ្ឋាននេះ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ឋអប់រំហិវញ្ញវត្ថុ ដើម្បីជាប្រយោជន៍ ដល់សាធារណជន ក្នុងការម្រេចចិត្តជ្រើសរើសយកសេវាហិរញ្ញវត្ថុដែលសមស្រប និងត្រឹមត្រូវអាចជួយសម្រចគោលដៅហិរវញ្ញវត្ថុរបស់ខ្លួនយើង សហគមន៍យើង និងជាពិសេស ការអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់យើងផងដែរ។

លោកបានបញ្ជាក់ថា យោងតាមរបាយការណ៍ចេញផ្សាយ ដោយអង្គការ UNCDF ប្រទេសដែលប្រជាជនខ្វះខាតចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការមិនទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ ប្រជាជននឹងបាត់បង់នូវតម្រូវការចាំបាច់សំខាន់ៗចំនួន៥តម្រូវការ ជាមូលដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ សុខាភិបាល និងឱកាសសហគ្រិនភាព កត្តាទាំងនេះនឹងធ្វើឱ្យរាំងស្ទះ ដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសនោះ។

លោកបានបញ្ជាក់ថា ការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ ដល់ប្រជាជនកម្ពុជាជារបៀបវារៈចម្បងមួយ ក្នុងចំណោមរបៀបវារៈដទៃទៀត ដែលសមាជិក ក៏ដូចជាសមាគមធនាគារនៅកម្ពុជា ជាពិសេសគណៈកម្មាធិការបរិយាបន្នហិរញ្ញវត្ថុ បាននឹងកំពុងអនុវត្ត និងបានដាក់ចេញសកម្មភាពជាបន្តបន្ទាប់៕

spot_img
×