ភ្នំពេញ៖ អង្ករសែនក្រអូប «SKO» និងអង្ករដំណើបនៃពូជស្រូវដំណើបស្បៃមង្គល «DMSK»របស់ប្រទេសកម្ពុជា បានចុះបញ្ជីជាផលិតផលម៉ាកសមូហភាពផ្លូវការនៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២២ ដែលនឹងរួមចំណែកលើកកម្ពស់ផលិតកម្មស្រូវ និងជំរុញការនាំចេញអង្កររបស់ប្រទេសកម្ពុជា។
នៅក្នុងឱកាសដាក់សម្ពោធជាផ្លូវការនូវអង្ករទាំងពីរប្រភេទនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ការសម្រេចបានការចុះបញ្ជីម៉ាកសមូហភាពអង្ករទាំងពីរនេះ នៅក្រសួងពាណិជ្ជកម្មបន្ថែមលើម៉ាកអង្ករក្រអូបប្រណិតដែលបានចុះបញ្ជីរួចមកហើយ ដែលម៉ាកសមូហភាពទាំងពីរនេះបានសបញ្ជាក់ឱ្យឃើញនូវការរីកចម្រើនមួយផ្នែកទៀត នៃការអភិវឌ្ឍវិស័យស្រូវអង្ករកម្ពុជានៅគ្រប់ដំណាក់កាល ចាប់តាំងពីការរៀបចំគ្រាប់ពូជរហូតដល់ផលិតផលនៅទីផ្សារ។
ឯកឧត្តមបញ្ជាក់ថា ពូជស្រូវសែនក្រអូប បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំចេញ ហើយវាជាប្រភេទពូជមិនប្រកាន់រដូវ ដែលអនុញ្ញាតឱ្យកសិករយើងដាំដុះបានរហូតដល់៣ដងក្នុងមួយឆ្នាំ ជាហេតុនាំឱ្យពូជស្រូវសែនក្រអូបក្លាយជាជម្រើសមួយថ្មីសម្រាប់កសិករ និងអ្នកនាំចេញកម្ពុជា ក្នុងការប្រកួតប្រជែងជាមួយអង្ករក្រអូបប្រទេសផ្សេងទៀតនៅក្នុងទីផ្សារអន្តរជាតិ។
បើយោងតាមការលើកឡើងរបស់រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម បានខិតខំជំរុញបើកច្រកទីផ្សារសម្រាប់ស្រូវ អង្ករ និងផលិតផលកែច្នៃធ្វើពីអង្ករបន្ថែមទៀតរបស់កម្ពុជា តាមរយៈការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ និងពង្រីកបានទីផ្សារសំខាន់ៗ ដូចជា ទីផ្សារចិន សហគមន៍អឺរ៉ុប អូស្ត្រាលី និងបណ្តាប្រទេសអភិវឌ្ឍន៍សំខាន់ៗមួយចំនួនទៀត។
លោកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាល សហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងថា ការបង្កើតម៉ាកសមូហភាពនេះនឹងបង្កើនការលក់អង្ករក្រអូបពូជស្រូវសែនក្រអូប និងអង្ករដំណើបពូជស្រូវដំណើបស្បៃមង្គលនៅលើទីផ្សារអន្តរជាតិ និងដើម្បីនាំយកម៉ាកអង្ករក្រអូបប្រណិត អង្ករក្រអូបកម្ពុជា និងអង្ករដំណើបទៅកាន់ទីផ្សារអន្តរជាតិឲ្យកាន់តែកើនឡើងថែមទៀត។ ពិសេស បង្កើនតម្លៃអង្ករក្រអូប និងអង្ករដំណើប ជូនកសិករកម្ពុជា។
បើតាមលោកឧកញ៉ា ហ៊ុន ឡាក់ គិតត្រឹមសប្តាហ៍ទី៣ ក្នុងខែមិថុនា ឆ្នាំ២០២២ កម្ពុជាបាននាំចេញអង្ករគ្រប់ប្រភេទទៅកាន់ទីផ្សារអន្តរជាតិជាង ៣១ម៉ឺនតោន មានតម្លៃ ១៩១លានដុល្លារ កើនឡើង២១,៧៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ អង្ករក្រអូបប្រណិតជាង ៤១,៦២% អង្ករសែនក្រអូប ២២,៤២% អង្ករស ៣៣,១២% អង្ករចំហ៊ុយ១,៤២% និងអង្ករសរីរាង្គ១,៤២%។ លោកឧកញ៉ាសង្ឃឹមជឿជាក់ថា តាមរយៈម៉ាកសមូហភាពថ្មីនេះ នឹងជួយជំរុញការនាំចេញឲ្យកាន់តែច្រើនថែមទៀត។ គួរបញ្ជាក់ថា បើតាមការពន្យាករណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ការនាំចេញអង្ករក្នុងឆ្នាំ២០២២ នឹងសម្រេចបានក្នុងរង្វង់៧០ទៅ៧៥ម៉ឺនតោនដែលមានកំណើនជាង១០ម៉ឺនតោន បើធៀបនឹងឆ្នាំ២០២១៕