ប្រជាជនកូរ៉េខាងជើងចំនួន ២នាក់បានរត់ផ្តាច់ខ្លួនមកកូរ៉េខាងត្បូងនៅព្រឹកថ្ងៃសៅរិ៍នេះ ហើយពួកគេត្រូវបានប្រទះឃើញនៅក្នុងសមុទ្រលឿងនៃព្រំដែនប្រទេសមានទាំងពីរ។ នេះបើតាមការចេញផ្សាយរបស់សារពត៌មានកូរ៉េខាងត្បូង Yonhap ដោយធ្វើការដកសងពត៌មានពីប្រភពរដ្ឋាភិបាល។
កាសែតដដែលបញ្ជាក់ទៀតថា យោធាកូរ៉េខាងត្បូងបានឃើញទូកមួយនៅក្បែរព្រំដែនសមុទ្រកូរ៉េទាំងពីរ ដោយមានមនុស្ស ២នាក់នៅក្នុងនោះ ហើយម្នាក់ជាមន្ត្រីយោធា ហើយពួកគេបង្ហាញពីការពេញចិត្តក្នុងការផ្តាច់ខ្លួនពីកូរ៉េខាងជើងទៅ កូរ៉េខាងត្បូង។
សូមបញ្ជាក់ថា ការផ្តាច់ខ្លួនរបស់ពលរដ្ឋកូរ៉េខាងជើងទាំង ២នាក់នេះកើតឡើង ក្រោយពេលប្រទេសកូរ៉េខាងជើងបានបដិសេធទទួលយកបញ្ជីឈ្មោះអ្នកកាសែតមកពីកូរ៉េខាងត្បូង ដែលពួកគេសង្ឃឹមថានឹងបានទៅសង្កេតពីការបិទចោលកន្លែងធ្វើតេស្តអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
ការបដិសេធមិនឲ្យអ្នកកាសែតកូរ៉េខាងត្បូងទៅសង្កេតការបិតកន្លែងសាកល្បងអាវុធប្រល័យលោកនេះ ធ្វើឲ្យមានការលើកជាសំនួរពីការប្តេជ្ញាចិត្តរបស់កូរ៉េខាងជើងក្នុងការកាត់បន្ថយភាពតានតឹងនៅក្នុងតំបន់៕ សុភ័ក្ត្រ