Sunday, September 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា នឹងគិតគូរផ្តល់ជំនួយសង្គម ដល់ពលរដ្ឋក្រ១ ក្រ២ និងអ្នកក្បែរក្រ ដើម្បីទប់ទល់និងកំណើនអតិផរណា

ភ្នំពេញ៖ កម្ពុជា មានកំណើនអតិផរណានៅខែមេសា មានអត្រា ៧,២ភាគរយ និងខែឧសភា ឆ្នាំ ២០២២នេះ មានកំណើនជាង ៦ភាគរយ នៃឆ្នាំលើឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់ធនាគារជាតិនៃកម្ពុជា។​

បើយោងតាមការលើកឡើងឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួង សេដ្ឋកិច្ចនិងហិរញវត្ថុ នៅក្នុងពិធីសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការតម្រង់ទិសអាទិភាពគោលនយោបាយ សម្រាប់ការស្តារ និងពង្រឹងកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ក្នុងគន្លងនៃប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២៣ និងឆ្នាំបន្តបន្ទាប់  បានមានប្រសាសន៍ថា ក្រោយការបើកដំណើរការសេដ្ឋកិច្ចឡើងវិញ ហើយ ប្រជាពលរដ្ឋយើងអាចមានការងារធ្វើ, អាចប្រកបអាជីវកម្ម និងមានឱកាសរកប្រាក់ចំណូលបានឡើងវិញក្តី តែនៅពេលអតិផរណាកើនឡើង វានឹងជះឥទ្ធិពលទៅលើជីវភាពរស់នៅរបស់ពួកគាត់ ដោយសារប្រាក់ចំណូលពិត ធ្លាក់ចុះ ដែលធ្វើឱ្យកម្លាំងទិញធ្លាក់ចុះ ជាពិសេសអ្នកដែលមានប្រាក់ចំណូលទាប។

ឯកឧត្តម បានបញ្ជាក់ថា ការគិតគូររបស់រាជរដ្ឋាភិបាល សម្រាប់ឆ្នាំ២០២៣ គឺនឹងផ្តល់អាទិភាពទី១ ទៅលើមនុស្ស ដោយតម្រង់ទៅលើការរក្សាលំនឹងជីវភាពរស់នៅ ការងារ និងប្រាក់ចំណូល ជាពិសេសការបន្តផ្តល់ជំនួយសង្គមដល់អ្នកក្រីក្រ (ក្រ១ និងក្រ២) ហើយអាចនឹងពង្រីកទៅដល់អ្នកក្បែរក្រថែមទៀត ដើម្បីទប់ទល់ និងសម្រាលសម្ពោធនៃអតិផរណាមកលើពួកគាត់។

ឯកឧត្តម បានលើកឡើងទៀតថា រាជរដ្ឋាភិបាល ក៏នឹងបន្តផ្តោតលើសុខភាព និងសុខមាលភាពប្រជាជន តាមរយៈការបន្តទប់ស្កាត់ និងគ្រប់គ្រងសភាពការណ៍កូវីដ-១៩ នៅកម្ពុជា មិនឱ្យវិលត្រឡប់ថយក្រោយ។

បើតាមឯកឧត្តម វង្សី វិស្សុត ការផ្តល់ជំនួយសង្គមដល់អ្នកក្រ និងអ្នកក្បែរក្រ មិនត្រឹមតែជាការដោះស្រាយបញ្ហាសង្គមប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ការទ្រទ្រង់កំណើនសេដ្ឋកិច្ចវិញដែរ។ ដោយឡែក ការទ្រទ្រង់កំណើនសេដ្ឋកិច្ច ក៏នឹងជួយបង្កើតការងារ និងប្រាក់ចំណូលដល់ប្រជាជនវិញផងដែរ។ ទន្ទឹមនេះ ការជំរុញផលិតភាព ក៏នឹងជួយបន្ថយកម្លាំង និងសម្រាលផលប៉ះពាល់នៃអតិផរណាមកលើសេដ្ឋកិច្ច៕

spot_img
×