Sunday, September 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងទេសចរណ៍ ដាក់បញ្ចូលកម្មវិធីសិក្សាទេសចរណ៍ ទៅក្នុងសាលាចំណេះដឹងទូទៅ

ភ្នំពេញ៖ ក្រសួងទេសចរណ៍ និងក្រសួងអប់រំ យុវជន និងកីឡា សហការជំរុញការដាក់បញ្ចូលកម្មវិធីសិក្សាទេស​ចរណ៍ ទៅក្នុងកម្មវិធីសិក្សាចំណេះដឹងទូទៅ ដើម្បីជាការតម្រង់ទិស និងការទាក់ទាញដល់យុវជន និងសិស្សា​នុសិស្ស ឱ្យឃើញពីសារៈសំខាន់នៃវិស័យទេសចរណ៍។ ក្រសួងទំាងពីរ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសៀវភៅទេសចរណ៍ ជាមុខវិជ្ជាមួយរៀននៅថ្នាក់ទី១១ សម្រាប់សាលាចំណេះដឹងទូទៅរបស់ក្រសួង។

បើតាមប្រសាសន៍ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ការដាក់បញ្ចូលកម្មវិធីសិក្សាទេស​ចរណ៍ ទៅក្នុងកម្រិតសិក្សាចំណេះដឹងទូទៅនេះ គឺជាទិសដៅយុទ្ធសាស្រ្តនៃផែនការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ ដើម្បីចូលរួមជំរុញការបណ្តុះបណ្តាល និងលើកកម្ពស់ធនធានអ្នកជំនាញទេសចរណ៍ ឱ្យឆ្លើយតបទាំងបរិមាណ និងគុណភាពស្របតាមតម្រូវការអភិវឌ្ឍន៍ក្នុងវិស័យទេសចរណ៍ ដែលវិស័យនេះត្រូវបានចាត់ទុកជាវិស័យអាទិភាពមួយដើរតួជា «មាសបៃតង» រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការការពារបរិស្ថាន ចូលរួមដល់ការកសាងសេដ្ឋកិច្ចបៃតងនៅកម្ពុជា ដែលជាផ្នែកគាំទ្រដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs) ឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ (UN)។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានស្នើដល់ក្រសួងអប់រំ យុវជន និងកីឡា បន្តជំរុញការផ្សព្វផ្សាយ និងណែនាំពីការប្រើប្រាស់សៀវភៅថ្នាក់ទី១១នេះ និងជួយបន្តជំរុញបណ្តុះបណ្តាលលើជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច ឱ្យបានច្រើន ទាំងកម្រិតជំនាញ និងគ្រប់គ្រងផ្នែកទេសចរណ៍ និងបដិសណ្ឋារកិច្ច និងបន្តជំរុញរៀបចំការបណ្តុះបណ្តាលជំនាញទេសចរណ៍ឱ្យបានកាន់តែច្រើន ដើម្បីចូលរួមជំរុញការប្រើប្រាស់សៀវភៅទេសចរណ៍ នៅក្នុងកម្រិតសិក្សាចំណេះដឹងទូទៅឱ្យកាន់តែមានប្រសិទ្ធភាព។

គួរបញ្ជាក់ថា បើតាមឯកឧត្ដម អ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ដែរថា ដើម្បីចូលរួមលើកកម្ពស់ការយល់ដឹងរបស់សិស្សានុសិស្សលើវិស័យទេសចរណ៍ ចំពោះសិស្សដែលបានរៀនចប់ត្រឹមថ្នាក់ទី៩ នឹងបន្តចូលរៀននៅតាមសាលាអប់រំបច្ចេកទេស រាប់ទាំងជំនាញទេសចរណ៍ រយៈពេល ៣ឆ្នាំ ក្រោយពេលប្រឡងបានជោគជ័យ និងទទួលបានសញ្ញាបត្រមួយ ដែលមានតម្លៃស្មើនឹងសញ្ញាបត្របាក់ឌុបផងដែរ ដែលបេក្ខជនអាចស្នើសុំសញ្ញាបត្រនេះ ដែលមានការបោះត្រា និងចុះហត្ថលេខាដោយ ក្រសួងអប់រំ យុវជន និងកីឡា៕

spot_img
×