Sunday, September 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារ SME កម្ពុជា៖ ម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ អាចចាប់ផ្តើមស្នើសុំកម្ចីដែលមានទំហំដល់ ៤០ម៉ឺនដុល្លារ

ភ្នំពេញ៖ ធនាគារ SME កម្ពុជា និងគ្រឹះស្ថានហិរញ្ញវត្ថុជាដៃគូចំនួន១៩ បានប្រកាសចាប់ផ្តើមទទួលសំណើសុំឥណទាន ក្រោមគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍។ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ ចំនួន១៩ ដើម្បីអនុវត្តគម្រោងសហហិរញ្ញ-ប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍។

លោកបណ្ឌិត លឹម អូន អគ្គនាយកនៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានមានប្រសាសន៍ថា ម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ អាចចាប់ផ្តើមស្នើសុំកម្ចី​ ដែលមានទំហំរហូតដល់ ៤០ម៉ឺនដុល្លារអាមេរិក ឬសមមូលជាប្រាក់រៀល នូវអត្រាការប្រាក់ទាបត្រឹមតែ ៦,៥% ក្នុងមួយឆ្នាំ, រយៈពេលឥណទាន រហូតដល់ ៧ឆ្នាំ និងរយៈពេលអនុគ្រោះបង់ប្រាក់ដើមរហូតដល់ ១២ ខែ។

លោកបណ្ឌិត បានបញ្ជាក់ថា ឥណទានត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ក្នុងគោលបំណងស្តារប្រតិបត្តិការអាជីវកម្មឡើងវិញ ការកែលម្អ និងធ្វើទំនើបកម្ម, ការពង្រីកខ្លួនបន្ថែម និងធ្វើពិពិធកម្មសេវាទេសចរណ៍ ដើម្បីត្រៀមខ្លួនទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។

សូមជម្រាបថា វិស័យទេសចរណ៍បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក៏ដូចជាបង្កើតការងារ សម្រាប់ប្រជាពលរដ្ឋកម្ពុជា។ ប៉ុន្តែក្នុងអំឡុងឆ្នាំ២០២០ និងឆ្នាំ២០២១ វិស័យទេសចរណ៍បានធ្លាក់ចុះជាគំហុក ដោយសារឥទ្ធិពលនៃជំងឺកូវីដ-១៩ និងបានបណ្តាលឲ្យសហគ្រាសជាច្រើនក្នុងវិស័យនេះ ដំណើរការមិនល្អ ដោយម្ចាស់អាជីវកម្មមួយចំនួនធំ បានកាត់បន្ថយ ផ្អាក ឬបិទអាជីវកម្មរបស់ខ្លួនទាំងស្រុង ដែលជាហេតុនាំឲ្យប្រជាពលរដ្ឋរាប់សិបនាក់បាត់បង់ការងារ និងប្រាក់ចំណូល។

គួរបញ្ជាក់ថា ដើម្បីជំរុញ និងស្តារវិស័យទេសចរណ៍ឡើងវិញ រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការអន្ត​រាគមន៍ជាច្រើន ជាពិសេសកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ បានប្រកាសដាក់ឲ្យប្រើប្រាស់ផ្លូវការនូវ ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ឆ្នាំ ២០២១-២០២៣។ លើសពីនេះ ដើម្បីគាំទ្រដល់ការអនុវត្តនូវក្របខណ្ឌខាងលើ រាជរដ្ឋាភិបាលបានអនុម័តកញ្ចប់ថវិកាចំនួន ៧៥លានដុល្លារអាមេរិក សម្រាប់ផ្តល់ហិរញ្ញប្បទាន ដែលមានលក្ខខណ្ឌអនុគ្រោះ សម្រាប់ជួយម្ចាស់អាជីវកម្មដែលស្ថិតក្នុងវិស័យនេះ៕ 

spot_img
×